
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាជាសាធារណៈថា កម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យខាងតែបាននៅឆ្នាំនេះ បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំជាប់គ្នា ដោយសារតែការផ្ទុះឡើង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ខ្វះតែពីរបីសប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីចូលឆ្នាំខ្មែរនឹងចូលមកដល់ ស្រាប់តែមានការផ្សព្វផ្សាយលើបណ្ដាញសង្គម និងសារព័ត៌មាន ដែលនិយាយថា លោក ហ៊ុន សែន នឹងបើកប្រាក់ខែឌុបសម្រាប់មន្ត្រីរាជការនៅទូទាំងប្រទេសនៅខែមេសាខាងមុខនេះ។ សាររបស់លោក ហ៊ុន សែន បែបនេះ ត្រូវបានចែករំលែកតៗគ្នាព្រោងព្រាតកាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់កាលពីថ្ងៃម្សិលមិញថា សារនេះ គឺជាសារចាស់ដែលលោកបានបង្ហោះកាលពីពីរបីឆ្នាំមុន ដែលនាំឱ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃពុធសប្ដាហ៍មុន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានបង្ហោះនូវរូបភាពផ្ដាមពីទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ មន្ត្រីរាជការកម្ពុជា នឹងទទួលបានប្រាក់ខែឌុបនៅក្នុងខែមេសា ដើម្បីសម្រួលដល់ការចំណាយរបស់ពួកគេអំឡុងពេលឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិ។
ខ្លឹមសារនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅជាង ៦ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិដល់ទៅរាប់រយដងផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ កាលពីថ្ងៃទី១៦ ខែមីនា មានខ្លឹមសារថា «ការបើកប្រាក់ខែក្នុងខែមេសាគឺឌុប ចុងខែ៣ គឺយើងបើកប្រាក់ខែម្ដង រួមជាមួយនឹងប្រាក់មុខងារបន្ថែម ហើយបន្ទាប់មកទៀត គឺនឹងបើកប្រាក់ខែនៅអាទិត្យទី៣ ខែឧសភា ដើម្បីចៀសវាងបញ្ហាចំណាយរបស់មន្ត្រីរាជការយើង»។

បន្ទាប់ថ្ងៃមកទៀត ទំព័រហ្វេសប៊ុកមួយទៀត ក៏បានបង្ហោះខ្លឹមសារនេះផងដែរ ហើយខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ។

ព័ត៌មានដែលនិយាយថា រដ្ឋាភិបាលនឹងបើកប្រាក់ខែឌុបសម្រាប់មន្ត្រីរាជការនៅក្នុងខែមេសាខាងមុខនេះ ត្រូវបានចុះផ្សាយព្រោងព្រាតដោយបណ្ដាញសារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា និង ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើព័ត៌មាននេះតាមរយៈការពិនិត្យមើលខ្លឹមសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន និងការថ្លែងជាសាធារណៈរបស់លោកនៅថ្ងៃចន្ទសប្ដាហ៍នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈកាលពីថ្ងៃម្សិលមិញថា ខ្លឹមសារដែលត្រូវបានគេចែករំលែកតៗគ្នានោះ គឺជាសារចាស់របស់លោកកាលពីពីរបីឆ្នាំមុន នៅមុនពេលកម្ពុជាប្រឈមមុខនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ទៅទៀត។
បើតាមការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែមន្ត្រីរាជការកម្ពុជានៅខែមេសាខាងមុខនេះ នឹងត្រូវបើកជូនជាពីរដងដូចធម្មតា ពោលគឺមិនមានការបើកប្រាក់ខែឌុបនោះឡើយ។
គេអាចមើល និងស្ដាប់វីដេអូទាំងស្រុងនៃការបកស្រាយជាសាធារណៈរបស់លោក ហ៊ុន សែន នៅពេលលោកថ្លែងបាន ១ម៉ោង ១៨នាទី នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ កាលពីថ្ងៃទី២១ ខែមីនា។
នៅមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យជះឥទ្ធិលទៅលើដំណើរលូតលាសនៃសេដ្ឋកិច្ចកម្ពុជានោះ រាជរដ្ឋាភិបាលតែងតែអនុវត្តការបើកប្រាក់ខែឌុប ឬបើកប្រាក់ខែលឿននៅក្នុងខែមេសាសម្រាប់មន្ត្រីរាជការទូទាំងប្រទេស ដើម្បីសម្រួលដល់ការចំណាយអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលសម្រេចបើកប្រាក់ឌុបដល់មន្ត្រីរាជការនៅក្នុងខែមេសាខាងមុខនេះ មិនត្រឹមត្រូវនោះឡើយ។ សារដែលត្រូវចែករំលែកតៗគ្នានោះ គឺជាសារចាស់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះកាលពីពីរបីឆ្នាំមុន នៅមុនពេលការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។ លោក ហ៊ុន សែន បញ្ជាក់ថា គ្មានការបើកប្រាក់ខែឌុបសម្រាប់មន្ត្រីរាជការនៅក្នុងខែមេសាខាងមុខនោះឡើយ។

Title:សារចាស់របស់លោក ហ៊ុន សែន បង្ហាញឡើងវិញលើហ្វេសប៊ុក នាំឱ្យមហាជនយល់ច្រឡំ
Fact Check By: Jay UdomResult: Misleading
