
កាលពីដើមខែមេសានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រគល់គ្រឿងឥស្សរិយយសដល់ទាហាន និងគ្រួសារទាហានដែលបានពលីនៅលើសមរភូមិ។ ជាងមួយសប្ដាហ៍ក្រោយមក វីដេអូឃ្លីបមួយដែលបង្ហាញមេដឹកនាំអ៊ុយក្រែនរូបនេះលុតជង្គង់នៅចំពោះមុខទាហានកាន់ឈើច្រត់ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសនោះ ត្រូវបានបង្ហោះ និងចែកចាយព្រោងព្រាតលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គម បានកោតសរសើរទង្វើរបស់លោក Zelenskyy ក្រោយពីបានឃើញវីដេអូឃ្លីបនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយដែលបង្ហាញទាហានពិការមួយរូបលុតជង្គង់នៅចំពោះមុខប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា មេដឹកនាំអ៊ុយក្រែនរូបនេះ បានលុតជង្គង់ចុះនៅចំពោះមុខទាហានដែលបានពលីជីវិត និងបាត់បង់កាយសម្បទា ដើម្បីការពារទឹកដី។
វីដេអូឃ្លីបជាមួយសំណេរបែបនេះ ត្រូវបានចែកចាយបន្តរហូតដល់ជាង ១,៥០០ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរដែលជឿថា វីដេអូនេះគឺជាការពិត។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “រំជួលចិត្តណាស់៖ មេដឹកនាំល្អ មានគុណធម៌ គួរឱ្យគោរព លុតជង្គង់ចំពោះមុខមហាជន ជាតិសាសន៍ខ្លួនឯង គោរពទាហ៊ានពលីជីវិត បាត់បង់កាយសម្បទា ដើម្បីជាតិទឹកដី!”។
វីដេអូឃ្លីបនេះ ក៏ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវបានចែកចាយបន្តរហូតដល់ជិត ១០០ដង។
ក្រៅពីការអះអាងជាភាសាខ្មែរហើយនោះ វីដេអូដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាភាសាអង់គ្លេសផងដែរកាលពីជាងមួយសប្ដាហ៍កន្លងមកនេះ ដោយបង្ហាញថា វីដេអូនេះគឺជាការបំពាក់គ្រឿងឥស្សរិយយសកងទ័ពទៅដល់វីរជន។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេរជាភាសាអង់គ្លេសថា “President Zelenskyi gives military award to the hero” ហើយត្រូវបានចែកចាយបន្តរហូតដល់ជាង ៥,០០០ដង។
ខាងក្រោមនេះ គឺជាការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៅលើវីដេអូឃ្លីបនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគេជឿថា វីដេអូនេះគឺជាការពិត។
វីដេអូនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតដែរនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដូចជា បណ្ដាញសង្គម X (អតីត Twitter)។
ខាងក្រោមនេះ គឺវីដេអូឃ្លីបដែលបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេរជាភាសារុស្ស៊ីដែលមានន័យថា មេដឹកនាំអ៊ុយក្រែនប្រគល់រង្វាន់ដល់វីរជនកងទ័ព។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលជួយឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Google Reverse Image Search បាននាំទៅរកឃើញវីដេអូដើម និងព័ត៌មានលម្អិតអំពីវីដេអូនេះ ដែលត្រូវបានបញ្ជាក់ដោយប្រភពមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។
នៅលើគណនីបណ្ដាញសង្គម X របស់ខ្លួនកាលពីថ្ងៃទី១៣ ខែមេសា អ្នកសារព័ត៌មានអ៊ុយក្រែន លោក Anatolij Sharij បានបញ្ជាក់ថា វីដេអូនេះដែលត្រូវបានចែកចាយផុសផុលនៅលើបណ្ដាញសង្គមនោះ មិនមែនជាហេតុការណ៍ពិតប្រាកដនោះឡើយ។
ជាអ្នកនយោបាយជំទាស់មួយរូប លោក Anatolij Sharij បានបញ្ជាក់បន្ថែមថា វីដេអូនេះត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិតតែប៉ុណ្ណោះ ប៉ុន្តែ លោកថា វាបានធ្វើឱ្យមហាជនភាន់ច្រឡំយ៉ាងច្រើន ដែលនាំឱ្យពួកគេចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគណនីបណ្ដាញសង្គម X របស់លោក Anatolij Sharij កាលពីថ្ងៃទី១៣ ខែមេសា ដែលសរសេររៀបរាប់ថា វីដេអូបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត ឬ AI នេះ បង្ហាញលោក Zelenskyy លុតជង្គង់ចុះ។
ដោយពិនិត្យលម្អិតទៅលើវីដេអូឃ្លីបមានរយៈពេល ៦វិនាទីនេះ គេអាចកត់សម្គាល់ និងមើលឃើញចំណុចមិនប្រក្រតីមួយចំនួនកើតឡើង ដូចជា រូបភាពមនុស្សព្រាលៗដែលមិនបង្ហាញឱ្យឃើញច្បាស់នូវភ្នែក មាត់ និងត្រចៀកជាដើម។
ចំណុចមិនប្រក្រតីមួយទៀតនោះ គឺទាហានកាន់ឈើច្រត់ដែលបានទម្លាក់ខ្លួនចុះដើម្បីលុតជង្គង់ ប៉ុន្តែ មិនបានដោះដៃចេញពីឈើច្រត់នោះឡើយ។
អ្វីដែលរឹតតែច្បាស់នោះ គឺសញ្ញាសម្គាល់នៅលើវីដអូនោះសរសេរ “MINIMAX Hailuo AI”។ Hailuo AI ជាកម្មវិធីបញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន MINIMAX ដែលផ្ដោតទៅលើការផលិតវីដេអូតាមរយៈសំណើរជាអក្សរ។
បើតាមគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែន មេដឹកនាំអ៊ុយក្រែនរូបនេះ បានប្រគល់គ្រឿងឥស្សរិយយស “វីរបុរស” ដល់កងទ័ពចំនួន ២៨រូបក្នុងនោះមានទាំងទាហានពលីផងដែរ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ (Source)
វីដេអូនៃពិធិប្រគល់គ្រឿងឥស្សរិយយសនេះ ក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែនផងដែរ ហើយគេអាចមើលនៅលើបណ្ដាញ YouTube បានដែរ។
ដោយប្រៀបធៀបទៅនឹងវីដេអូផ្លូវការ វាបង្ហាញថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy មិនបានលុតជង្គង់ចុះនៅចំពោះមុខទាហានកាន់ឈើច្រត់នោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូច្បាប់ដើមនៃពិធីប្រគល់គ្រឿងឥស្សរិយយសដោយលោក Zelenskyy ទៅដល់ទាហានអ៊ុយក្រែន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបភាពត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងរូបថតច្បាប់ដើមដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយគេហទំព័រប្រធានាធិបតីអ៊ុយក្រែន។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូដែលបង្ហាញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy លុតជង្គង់នៅមុខទាហានកាន់ឈើច្រត់អំឡុងពិធីប្រគល់គ្រឿងឥស្សរិយយសនោះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI)តែប៉ុណ្ណោះ។ វីដេអូច្បាប់ដើមដែលផ្សព្វផ្សាយដោយគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែន មិនបានបង្ហាញលោក Zelenskyy លុតជង្គង់នៅចំពោះមុខទាហានកាន់ឈើច្រត់នោះឡើយ។

Title:វីដេអូ AI បង្ហាញលោក Zelenskyy លុតជង្គង់ក្នុងពិធីប្រគល់គ្រឿងឥស្សរិយយសជូនទាហាន
Fact Check By: Jay UdomResult: Altered
