
លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧របស់អាមេរិកកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥មក។ ប៉ុន្មានថ្ងៃក្រោយមក មានការអះអាងលើបណ្ដាញសង្គមថា ផ្លេកបន្ទោរបានបញ្ចេញពន្លឺចំពីលើសេតវិមានប្រធានាធិបតីនៅពេលគាត់ឈានជើងចូលទៅការិយាល័យពងក្រពើ។ រូបភាព និងវីដេអូផ្លេកបន្ទោរ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមផងដែរ ហើយក៏ត្រូវបានចែកចាយយ៉ាងច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីជិតពីរសប្ដាហ៍កន្លងមក បានលើកឡើងថា ផ្លេកបន្ទោរបានបញ្ចេញពន្លឺលើមេឃ នៅពេលលោក ដូណាល់ ត្រាំ ដើរចូលសេតវិមានវិញ ដើម្បីដឹកនាំសហរដ្ឋអាមេរិក។
ការអះអាងនេះ បានបង្ហោះមកជាមួយនូវរូបថតផ្លេកបន្ទោរបញ្ចេញពន្លឺនៅលើមេឃចំពីលើសេតវិមាន និងមានមនុស្សពាក់មួកក្រហមដ៏ច្រើន បានផ្ដិតយកទិដ្ឋភាពនៃហេតុការណ៍នេះ។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម រួមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលរៀបរាប់ថា “ក្នុងខណៈពេលដែលលោក ដូណាល់ ត្រាំ ដើរចូលក្នុងសេតវិមាន ផ្លេកបន្ទោរបានបញ្ចេញឥទ្ធិពលពីលើមេឃ តើនេះជាការពិតឬទេ? ប្រភពពីហ្វេសប៊ុក”។
ក្រៅពីការអះអាងខាងលើនេះ ឃ្លីបវីដេអូដែលបង្ហាញផ្លេកបន្ទោរបញ្ចេញពន្លឺព្រាតៗនៅចំពីលើសេតវិមាននោះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X (អតីតបណ្ដាញសង្គម Twitter)ផងដែរកាលពីជិតពីរសប្ដាហ៍មុន។
ការអះអាងជាភាសាអង់គ្លេសនោះ រៀបរាប់ថា ខ្យល់ព្យុះបក់បោកនៅពេលសករាជថ្មីចាប់ផ្ដើម។ ខ្យល់បោកបក់ដោយមិនប្រាកដប្រជា ហើយមេឃហាក់បន្លឺឡើងនូវភាពតានតឹងនាពេលនេះ។ ខណៈ ត្រាំ បោះជំហ៊ានដើរចូលក្នុងការិយាល័យតុមូលទ្រវែង ផ្លេកបន្ទោរបានបញ្ចេញពន្លឺព្រោងព្រាតហាក់ដូចបង្ហាញឱ្យឃើញការបញ្ចេញសម្ដីទៅតាមធម្មជាតិរបស់វាដ៏អាក្រក់ មានអំណាច និងមិនងាយស្រួលក្នុងការធ្វើព្រងើយកន្ដើយនោះឡើយ។
ខាងក្រោមនេះ គឺជាឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសថា “A storm brews as a new era begins. The air crackles with uncertainty, and the skies seem to echo the tension of the moment. As Trump steps into the Ovel Office,the lightening feels like nature’s own commentary, ominous, powerful and not easy to ignore.”។
ឃ្លីបវីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម X ជាច្រើនកោតសរសើរ និងជឿទៅតាមអ្វីដែលគេបានបង្ហោះនៅលើបណ្ដាញសង្គមនេះ។
ក្រៅពីនេះ ឃ្លីបវីដេអូមានរយៈពេល ៧វិនាទីនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok ផងកាលពីថ្ងៃម្សិលមិញនេះ ដោយសរសេររៀបរាប់ថា ផ្លេកបន្ទោរបញ្ចេញសម្រែកលើសេតវិមានបែបនេះ គឺជាសញ្ញាមិនល្អនោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូផ្លេកបន្ទោរបញ្ចេញពន្លឺចំពីលើសេតវិមានប្រធានាធិបតីអាមេរិក ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok ជាមួយសំណេររៀបរាប់ថា “That doesn’t look good.” ឬអាចប្រែជាភាសាខ្មែរថា “បែបនេះមើលទៅមិនល្អទេ”។
ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញ YouTube ផងដែរកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយសំណេរជាភាសាអង់គ្លេសមានន័យថា “ខ្យល់ព្យុះបោកបក់ ខណៈសករាជថ្មីចាប់ផ្ដើម”។
YouTube’s Video | Archived Link
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈដំណើរការ Google Reverse Image Search យើងបានរកឃើញថា រូបភាពនេះ ត្រូវបានយកចេញពីឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដោយគណនីមួយឈ្មោះ stat.us.ai ដែលតែងតែបង្ហោះរូបភាព និងវីដេអូបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលបង្ហោះនៅលើបណ្ដាញសង្គម Instagram ជាមួយសំណេរជាភាសាអង់គ្លេស “A storm brews as a new era begins… the air crackles with uncertainty, and the skies seem to echo the tension of the moment. As Trump steps into the Oval Office, the lightning feels like nature’s own commentary—ominous, powerful, and impossible to ignore.”។
https://www.instagram.com/reel/DFOhc-KyLGS/?utm_source=ig_web_copy_link
Instagram Post | Archived Link
តាមរយៈគណនី Instagram មួយនេះ គេអាចយល់បានថា វីដេអូនេះត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយហេតុថា គណនីមួយនេះតែងតែបង្ហោះនូវរូបភាព និងវីដេអូជាច្រើនដែលបង្កើតឡើងដោយ AI។
គណនី stat.us.ai គ្រប់គ្រង និងកាន់កាប់ដោយវេបសាយ Status Marketing AI ដែលរៀបរាប់បញ្ជាក់ខ្លួនឯងថា វេបសាយមួយនេះប្រើប្រាស់បច្ចេកវិទ្យា AI ចុងក្រោយបំផុត ដើម្បីផ្ដល់ការផ្សព្វផ្សាយពាណិជ្ជកម្មប្លែកបំផុតសម្រាប់ឧស្សាហកម្មមួយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានអំពីវេបសាយ Status Marketing AI ដែលបញ្ជាក់ថា ក្រុមហ៊ុនមួយនេះប្រើប្រាស់ AI ដើម្បីបង្កើតរូបភាព និងវីដេអូប្លែកជាច្រើន ហើយបង្ហោះនៅលើបណ្ដាញសង្គម។
Status Marketing AI | Archived Link
ហេតុការណ៍រន្ទះបាញ់នៅជិតសេតវិមានធ្លាប់កើតមានកាលពីខែមេសា ឆ្នាំ២០២២កន្លងមក ដោយបានសម្លាប់មនុស្ស ៣នាក់ ហើយករណីមួយនេះ ត្រូវបានចុះផ្សាយព្រោងព្រាតដោយសារព័ត៌មាននានា ក្នុងនោះមានសារព័ត៌មាន Wall Street Journal ផងដែរ។
Wall Street Journal Report | Archived Link
ទោះជាយ៉ាងណា គ្មានសេចក្ដីរាយការណ៍ថ្មីអំពីករណីផ្លេកបន្ទោរ ឬរន្ទះបាញ់វាយប្រហារទៅលើសេតវិមាននោះឡើយចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ជាផ្លូវការមក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីលទ្ធផលនៃការស្វែងរកព័ត៌មានថ្មីបំផុតដែលនិយាយអំពីហេតុការណ៍រន្ទះបាញ់ ឬផ្លេកបន្ទោរ វាយប្រហារ ឬកើតឡើងនៅក្បែរសេតវិមានប្រធានាធិបតីអាមេរិក ប៉ុន្តែ ពុំមានសេចក្ដីរាយការណ៍ថ្មីៗនៅខែមករាកន្លងនេះនោះឡើយ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពផ្លេកបន្ទោរកើតឡើងចំពីលើសេតវិមានប្រធានាធិបតីអាមេរិកនេះ មិនមែនជាហេតុការណ៍ពិតជាក់ស្ដែងនោះឡើយ។ រូបភាព ឬវីដេអូផ្លេកបន្ទោរចំពីលើសេតវិមាននេះ ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)តែប៉ុណ្ណោះ។

Title:ការអះអាងមិនត្រឹមត្រូវថា ផ្លេកបន្ទោរកើតឡើងពីលើសេតវិមាននៅថ្ងៃ Trump ចូលកាន់តំណែង
Fact Check By: Jay UdomResult: False
