
ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ បានកើតឡើងនៅតាមបណ្ដាខេត្តជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង ហើយក៏បណ្ដាលឱ្យបាក់ដើមឈើជាច្រើនផងដែរ។ ខេត្តត្បូងឃ្មុំក៏ទទួលរងខ្យល់បក់បោកលាយឡំនឹងទឹកភ្លៀងផងដែរ ដែលនាំឱ្យបាក់ដើមពោធិ៍ដ៏ធំមួយដើម។ទន្ទឹមគ្នានេះ ការអះអាងលើបណ្ដាញសង្គម បាននិយាយថា ដើមពោធិ៍ដ៏ធំដែលបាក់រលំនោះ គឺជាដើមពោធិ៍ជាប់ទាក់ទងនៅក្នុងរឿងទុំទាវ ដែលជារឿងរ៉ាវស្នេហាដ៏ល្បីល្បាញនៅក្នុងសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការអះអាងនេះ ត្រូវបានបញ្ជាក់ថា មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុករបស់តារាចម្រៀងរ៉េបខ្មែរ នេន ទុំ (Ten Tum) បានបង្ហោះរូបថត ០៦សន្លឹកបង្ហាញដើមពោធិ៍ដ៏ធំមួយដើមបានដួលរលំដោយខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងធ្លាក់នៅល្ងាចថ្ងៃដដែលនេះ។
រូបភាពដើមពោធិ៍ដ៏ធំមួយដើមដែលដួលរលំនោះ ត្រូវបានគេអះអាងថា ជាដើមពោធិ៍មានប្រវត្តិទាក់ទងនឹងរឿងរ៉ាវស្នេហាទុំ និងទាវ ដែលត្រូវបានចងក្រងជារឿងប្រលោមលោកបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។
ការអះអាងនេះ ត្រូវបានអ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ ចែករំលែកតៗគ្នារាប់ពាន់ដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានការបញ្ចេញមតិ ឬប្រតិកម្មចម្រុះបែបទៅនឹងហេតុការណ៍បាក់រលំដើមពោធិ៍ដ៏ធំស្កឹមស្កៃនេះ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកមួយ រៀបរាប់ថា «ប្រវត្តិស្នេហា ទុំទាវ នៅស្រុកត្បូងឃ្មុំ ដែលមានដើមពោធិ៍ជើងខាលជាសាក្សី ពេលនេះត្រូវខ្យល់បោកបក់ដួលរលំហើយ ឪដើមឈើស្នេហ៍អើយ មានអារម្មណ៍ថាសេដខ្លាំងណាស់ សោកស្ដាយ»។
ប្រហែលជា ៣ម៉ោងក្រោយមក ទំព័រហ្វេសប៊ុកនេះ បានបន្ថែមឃ្លាថ្មីទៀតដែលរៀបរាប់ថា «ខ្ញុំចង់ដាំឡើងវិញ តែអ្នកខ្លះថា មិនមែន អ្នកដឹងជួយប្រាប់ផង» ហើយសរសេរបញ្ជាក់ថាយោងតាម«ប្រភព: Lida Sea»។
ឈ្មោះ Lida Sea បានលេចធ្លោទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានអ្នកប្រើហ្វេសប៊ុករហូតដល់ ១៣ខេ (13K) បាននិយាយអំពីឈ្មោះមួយនេះនៅក្នុងរយៈពេលត្រឹមតែ ៨ម៉ោងចុងក្រោយនៃយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់នូវការអះអាងនេះតាមរយៈពិនិត្យមើលការបកស្រាយពីអាជ្ញាធរខេត្តត្បូងឃ្មុំ ជាទីដែលដើមពោធិ៍អាយុកាលរាប់រយឆ្នាំនេះ ដុះនៅ ហើយក៏ជាទីជាប់ទាក់ទងនឹងរឿងរ៉ាវនៃប្រវត្តិស្នេហាទុំទាវផងដែរ។
នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ដដែល លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា ដើមពោធិ៍ដ៏ធំនោះ មិនមែនជាដើមពោធិ៍មានជាប់ទាក់ទងនឹងប្រវត្តិស្នេហាទុំទាវនោះទេ។ អភិបាលខេត្តរូបនេះ បញ្ជាក់ថា ដើមពោធិ៍វ័យចំណាស់នោះ គឺជាដើមពោធិ៍អ្នកតាក្រហមក។
រូបភាពផ្ដាមពីប៉ុស្តិ៍របស់លោក ជាម ច័ន្ទសោភ័ណ រៀបរាប់ថា «សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដើមពោធិ៍ដែលដួលដោយសារខ្យល់កន្ត្រាក់ថ្ងៃនេះ មិនមែនដើមពោធិ៍ទុំទាវនោះទេ គឺដើមពោធិ៍អ្នកតាក្រហមក!!!!»។
សំណេររៀបរាប់បន្តថា «ខ្ញុំបាទសូមអរគុណជាអនេកចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលបានជួយរៀបចំដាំដើមពោធិ៍នេះឡើងវិញ»។
ទំព័រហ្វេសប៊ុកសារព័ត៌មានកម្ពុជាថ្មី បានដកស្រង់សម្ដីអាជ្ញាធរមូលដ្ឋាន ដែលនិយាយថា ដើមពោធិ៍ដ៏ធំនេះ ស្ថិតនៅក្នុងឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយដើមឈើមួយដើមនេះ ត្រូវបានអ្នកភូមិហៅថា «ដើមពោធិ៍លោកតាក្រហមក»។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់សារព័ត៌មានកម្ពុជាថ្មី រៀបរាប់ថា «ដើមពោធិ៍ដ៏ធំមួយដើម ត្រូវបានដួលរំលំ ខណៈមានភ្លៀង និងខ្យល់កន្ត្រាក់ ប៉ុន្តែ អ្នកភូមិតែងតែហៅថា ជាដើមពោធិ៍លោកតាក្រហមក មិនមែនជាដើមពោធិ៍ប្រវត្តិសាស្ត្រទុំទាវឡើយ នេះបើតាមការបញ្ជាក់ពីលោក គុយ សេង មេឃុំមួងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា ដើមពោធិ៍លោកតាក្រហមក ស្ថិតនៅចម្ងាយប្រហែល ៧០ម៉ែត្រពីដើមពោធិ៍ជើងខាល ដែលមានប្រវត្តិទាក់ទងនឹងប្រវត្តិស្នេហ៍ទុំ និងទាវ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងនៅលើបណ្ដាញសង្គមដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ដើមពោធិ៍ដ៏ធំដែលត្រូវបានខ្យល់កន្ត្រាក់បោកបក់ដួលរលំនោះ គឺជាដើមពោធិ៍លោកតាក្រហមក ស្ថិតនៅចម្ងាយប្រហែល ៧០ម៉ែត្រពីដើមពោធិ៍ជើងខាល។ ចំណែកឯដើមពោធិ៍ជើងខាលដែលមានប្រវត្តិជាប់ទាក់ទងនឹងរឿងរ៉ាវស្នេហាទុំ និងទាវ មិនបានដួលរលំទេ។