សង្វៀន​នយោបាយ​កម្ពុជា ត្រូវ​បាន​ក្ដោប​ក្ដាប់​ដោយ​គណបក្ស​ធំៗ​ពីរ​អស់​រយៈ​យ៉ាង​តិច​ក៏ ២០​ឆ្នាំ​ចុង​ក្រោយ​ដែរ ហើយ​​គណបក្ស​នយោបាយ​ថ្មី​ៗ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ផ្សេង​ៗ​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន ដែល​ធ្លាប់​ជា​សាកលវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​នោះ ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ថា លោក​ជា​ជន​ជាតិ​វៀតណាម ដែល​ត្រូវ​បាន​ចាត់​តាំង​ឱ្យ​មក​ធ្វើ​ជា​ជំនាញ​ការ​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​វៀតណាម​លើក​ទ័ព​មក​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​នឹង​បង្ហាញ​ថា ការ​អះ​អាង​ខាង​លើ​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១ ការ​អះ​អាង​មួយ ត្រូវ​បាន​ចែក​រំលែក​ចូល​ក្នុង​​ក្រុម​នៃ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​និយាយ​ថា អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន ជា​ជន​ជាតិ​វៀតណាម និង​ជា​អ្នក​ជំនាញ​ការ​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក បន្ទាប់​ពី​វៀតណាម​បាន​លើក​ទ័ព​ចូល​កម្ពុជា។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​រយ​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ការ​អះ​អាង​នោះ រៀបរាប់​ថា «ជា ចំរើន មេ​បក្ស​សេរីភាព សញ្ជាតិ​យួន ហើយ​ជា​កង​ទ័ព​យួន​ឆ្នាំ​១៩៧៩​ចូល​ឈ្លាន​ពាន​កម្ពុជា ហើយ​ត្រូវ​ ឡេ ដឹកថរ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​យួន​ចាត់​តាំង​ជា​ជំនាញ​ការ​យួន​ប្រចាំ​ក្រុង​ភ្នំពេញ ហើយ​ក៏​វិវត្តន៍​មក​ជា​តំណាង​រាស្ត្រ​បក្ស​ប្រជាជន​មុន​បើក​បក្ស​ថ្មី»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ប្រភព​នៃ​ការ​អះ​អាង ការ​សម្ភាស​នឹង​សាមី​ខ្លួន​ដោយ​ផ្ទាល់ និង​ការ​សម្ភាស​ជាមួយ​មនុស្ស​ដែល​បាន​ស្គាល់​លោក ជា ចំរើន។

​ការ​ត្រួត​ពិនិត្យ​មើល​លើ​ប៉ុស្តិ៍ បាន​នាំ​ឱ្យ​យើង​រក​ឃើញ​ថា ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ហើយ​វា​ត្រូវ​បាន​ចែក​រំលែក​ចូល​ក្នុង​គ្រុប​ជា​ថ្មី​។ ការ​ចោទ​ទៅ​លើ​លោក ជា ចំរើន បែប​នេះ បាន​កើត​ឡើងប្រហែល ១​ឆ្នាំ​ក្រោយ​ពី​លោក​បាន​ចាក​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បង្កើត​គណបក្ស​កម្ពុជា​សេរីភាព (Cambodian Liberty Party)។ ទោះជាយ៉ាងណា គណបក្ស​មួយ​នេះ មិន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ផ្លូវការ​ម្ដង​ណា​ឡើយ​។

ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia កាល​ពីថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១ លោក ជា ចំរើន ប្រាប់​ថា លោក​បាន​លាឈប់​ពី​គណបក្ស​កម្ពុជា​សេរីភាព​ហើយ ហើយ​លោក​អះ​អាង​ថា លោក​ក្លាយ​ទៅ​ជា​ពលរដ្ឋ​សាមញ្ញ​​ធម្មតា​ហើយ​សព្វថ្ងៃ​នេះ​ជាមួយ​ការ​ប្រកប​របរ​លក់​អាហារ​បំប៉ន​តាម​អនឡាញ។

ជុំ​វិញ​ការ​អះ​អាង​ថា លោក​ជា​ជន​ជាតិ​វៀតណាម ឬ​ជា​ជំនាញ​ការ​វៀតណាម​នោះ លោក ជា ចំរើន បាន​ច្រាន​ចោល​ទាំង​ស្រុង ហើយ​ប្រាប់​ថា «ខ្ញុំ​យួន​តែ​មួយ​ម៉ាត់​មិន​ទាំង​ចេះ​ផង»។

លោក ជា ចំរើន បាន​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ឆ្នាំ​១៩៦០ នៅ​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ឈ្មោះ ម៉ុក ជា មាន​តួនាទី​ជា​មេ​បញ្ជាការ​បន្ទាយស្លឹក ឬ​ជា​កង​ពលភូមិ​ភាគ​ពិសេស​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។

អតីត​តំណាង​រាស្ត្រ​ខេត្ត​កណ្ដាល​រូប​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ឪពុក​ម្ដាយ​លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​សំប៉ាន ឃុំ​ព្រែកអំបិល ស្ថិត​នៅ​ក្នុង​ស្រុក​ស្អាង នៃ​ខេត្ត​កណ្ដាល​សព្វ​ថ្ងៃ​នេះ។

ប្រវត្តិរូប​របស់​លោក ជា ចំរើន ត្រូវ​បាន​ចង​ក្រង​ដាក់​នៅ​លើ​វេបសាយ​ផ្ទាល់​របស់​លោក​ផង​ដែរ ដែល​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​របស់​លោក​នា​ពេល​បច្ចុប្បន្ន​នេះ។

Chea Chamroeung’s biography | Archived Link

ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia លោក ជា ចំរើន អះអាង​ថា លោក​គឺ​ជា​អតីត​ទាហាន​នៅ​ក្នុង​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ដែល​ដឹកនាំ​ដោយ​សម្ដេច​បវរ​សេដ្ឋា សឺន សាន នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​នៅ​ចុង​ទសវត្សរ៍​១៩៨០ និង​ដើម​ទសវត្សរ៍​១៩៩០ នៅ​មុន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​បញ្ជាក់​អត្ត​សញ្ញាណ​របស់លោក​នោះ លោក ជា ចំរើន បាន​បង្ហាញ​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ខ្មែរ​ វិញ្ញាបនប័ត្រ​​ផ្សេងៗ ដែល​បញ្ជាក់​ពី​ការ​បញ្ចប់​ការ​សិក្សា​វគ្គ​ខ្លីៗ​ដែល​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​​ដោយ​អង្គការ​សប្បុរសធម៌​នានា​នៅ​ឯ​ជំរុំ​សាយ​ធូ (Site 2) ស្ថិត​នៅក្នុង​ទឹកដី​ថៃ នៅ​ដើម​ទសវត្សរ៍​១៩៩០។

អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ បង្ហាញ​ថា លោក ជា ចំរើន កើត​នៅ​ក្នុង​ឆ្នាំ​១៩៧០ ប៉ុន្តែ វិញ្ញាបនប័ត្រ​ផ្សេង​ៗ​បង្ហាញ​ថា លោក​កើត​នៅ​ក្នុង​ឆ្នាំ​១៩៦០។ លោក ជា ចំរើន បញ្ជាក់​ថា ឆ្នាំ​កំណើត​ពិត​ប្រាកដ​របស់​លោក គឺ​នៅ​ក្នុង​ឆ្នាំ​១៩៦០ ហើយ​មាន​ការ​កែ​សម្រួល​មក​ដាក់​នៅ​ក្នុង​ឆ្នាំ​១៩៧០​វិញ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន។

លោក ជា ចំរើន ក៏​បាន​ផ្ញើ​រូបថត ៩​សន្លឹក​ផ្សេង​ទៀត​ ដែល​បង្ហាញ​រូប​លោក​ស្ថិត​ក្នុង​ឈុត​យោធា​នៅ​ក្នុង​ចំណោម​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​រូប​ទៀត ដែល​លោក​ប្រាប់​ថា លោក​បញ្ចប់​វគ្គ​សិក្សា​ជំនាន់​ទី​៩ នៅ​សាលា​នាយ​ទាហាន​សកម្ម​នៅ​ឃ្លាំងដុង​ ក្នុង​​ឆ្នាំង​១៩៨៨។

អតីត​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​រូប​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា លោក​ជា​មិត្ត​ភ័ក្តិ​រួម​សាលា​ជាមួយ​លោក មាជ សុវណ្ណារ៉ា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូន​សិស្ស​មួយ​រូប​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ នៅ​ឯ​សាលា​បណ្ដុះ​បណ្ដាល​មួយ​នៅ​ជំរុំ​ជន​ភៀស​ខ្លួន​ផង​ដែរ។

ក្នុងកិច្ច​សម្ភាស​ជាមួយ​ Fact Crescendo Cambodia លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ទទួល​ស្គាល់​ថា លោក ជា ចំរើន ធ្លាប់​សិក្សា​រៀន​សូត្រ​នៅ​ក្នុង​ថ្នាក់​បណ្ដុះ​បណ្ដាល​របស់​លោក​នៅ​ឯ​ជំរុំ​ជន​ភៀស​ខ្លួន​មែន។

ឆ្លើយ​តប​នឹង​ Fact Crescendo Cambodia លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​ថា លោក​ស្គាល់​លោក ជា ចំរើន នៅ​ឯ​ជំរុំ​ជន​ភៀស​ខ្លួន​ក្នុង​នាម​ជា​សិស្ស​រៀន​នៅ​សាលា​ជាមួយ​គ្នា​នៅ​ទសវត្សរ៍​១៩៨០ ហើយ​លោក​ថា ចំណែក​ភរិយា​របស់​លោក ជា ចំរើន មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក ជា ចំរើន គឺ​ជា​កូន​ប្រុស​របស់​នាយ​ទាហាន ម៉ុក ជា និង​អ្នកស្រី គឹម អៀ ដែល​ជា​ពាណិជ្ជករ​នៅ​មុន​សម័យ​សង្គ្រាម​ស៊ីវិល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៧០។ លោក ជា ចំរើន ធ្លាប់​ចូលរួម​ក្នុង​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ដឹកនាំ​ដោយ​សម្ដេច​បវរសេដ្ឋា សឺន សាន នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ដែល​ចលនា​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​វត្តមាន​កង​ទ័ព​វៀតណាម​លើ​ទឹក​ដី​កម្ពុជា​នៅ​ទសវត្សរ៍​១៩៨០។

Avatar

Title:Fact-Check: អតីត​សមាជិក​សភា​បក្ស​កាន់​អំណាច លោក ជា ចំរើន កើត​ក្នុង​គ្រួសារ​ខ្មែរ​មក​ពី​ស្រុក​ស្អាង

Fact Check By: Jay Udom

Result: Misleading