
បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល–ហាម៉ាស់ប៉ាឡេស្ទីនបានផ្ទុះឡើង ការអះអាងមួយនៅលើបណ្ដាញសង្គម បានបង្ហោះឈ្មោះផលិតផលជាច្រើន ដែលត្រូវបានគេអះអាងថា ជាផលិតផលរបស់ប្រទេសអ៊ីស្រាអែល។ ការអះអាងដដែលនេះ ក៏បានអំពាវនាវទៅមហាជនឱ្យឈប់ទិញផលិតផលទាំងនោះផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ក្រុមហ៊ុនធំៗនៅលើពិភពលោក គឺជាកម្មសិទ្ធិរបស់ប្រទេសអ៊ីស្រាអែល ហើយភាគហ៊ុននៃក្រុមហ៊ុនទាំងនោះ បានចាប់ផ្ដើមធ្លាក់ចុះ បន្ទាប់ពីបណ្ដាប្រទេសប្រតិបត្តិសាសនាអ៊ិស្លាមជាច្រើន បានប្រកាសឈប់គាំទ្រផលិតផលទាំងនោះ។
ការអះអាងដដែលនេះ បានបង្ហាញឈ្មោះ និងពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនអាហារ និងភេសជ្ជៈ Nestle ក្រុមហ៊ុនផលិតរថយន្ត Hyuandai ក្រុមហ៊ុនផលិតកុំព្យូទ័រ HP ក្រុមហ៊ុនតែ Lipton ក្រុមហ៊ុនបញ្ចាំងភាពយន្តអនឡាញ Netflix ក្រុមហ៊ុនលក់អាហារ McDonald ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡា PUMA ក្រុមហ៊ុននំដំឡូងកញ្ចប់ Lays ក្រុមហ៊ុនផលិតបារី Marlboro ក្រុមហ៊ុនផលិតភេសជ្ជៈ Pepsi ក្រុមហ៊ុនភោជនីយដ្ឋាន KFC ក្រុមហ៊ុនបច្ចេកវិទ្យា Siemens ក្រុមហ៊ុនភេសជ្ជៈ CocaCola ក្រុមហ៊ុនភេសជ្ជៈ Fanta ក្រុមហ៊ុនលក់រាយ Carrefour ក្រុមហ៊ុនអាហារ Danone ក្រុមហ៊ុនភេសជ្ជៈ Sprite ក្រុមហ៊ុនគ្រឿងសម្អាង Lo’Oreal ក្រុមហ៊ុនអាហារ Knorr និងក្រុមហ៊ុនជាច្រើនទៀត។
ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមចាប់តាំងពីពាក់កណ្ដាលខែតុលាកន្លងមកនេះ ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិយោបល់ទៅនឹងការអះអាងនេះ ដោយជឿថា វាជាការពិត ហើយពួកគេជំរុញបន្ថែមទៀតឱ្យឈប់ទិញផលិតផលរបស់ក្រុមហ៊ុនទាំងអស់នេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១៧ ខែតុលា ដែលរៀបរាប់ថា «ភាគហ៊ុននៃផលិតផលធំៗរបស់អ៊ីស្រាអែលចាប់ផ្ដើមធ្លាក់ចុះហើយ បន្ទាប់ពីប្រទេសអ៊ិស្លាមជាច្រើនប្រកាសឈប់គាំទ្រ និងលែងទិញពីអ៊ីស្រាអែល»។

ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ ហើយក៏ទទួលបានការចែករំលែកបន្តជាច្រើនទៀតផង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដូចគ្នានេះនៅលើបណ្ដាញសង្គមដែលទទួលបានការចែករំលែកបន្តដល់ទៅ ៥០ដងកាលពីពាក់កណ្ដាលខែតុលាកន្លងមកនេះ។

ការអះអាងដដែលនេះ អាចរកមើលបានតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
FACT CHECK
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលប្រវត្តិ និងព័ត៌មានរបស់ក្រុមហ៊ុនស្លាកយីហោធំៗទាំងនោះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
១. Nestlé ៖ គឺជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈរបស់ប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៦ ដោយមានឈ្មោះថា Anglo-Swiss Condensed Milk Company។ លោក Henri Nestlé អភិវឌ្ឍបាននូវអាហារសម្រាប់ទារកនៅក្នុងឆ្នាំ១៨៦៧ ហើយនៅឆ្នាំ១៩០៥ ក្រុមហ៊ុនរបស់លោក Henri Nestlé បានច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Anglo-Swiss បង្កើតទៅជាសម្ព័ន្ធក្រុមហ៊ុន Nestlé Group។
លោក Henri Nestlé ស្ថាបនិកនៃក្រុមហ៊ុន Nestlé គឺជាឱសថការីស្វីសដើមកំណើតអាល្លឺម៉ង់។ លោក Henri Nestlé បានចាប់ផ្ដើមអាជីវកម្មខ្នាតតូចផ្នែកអាហារនៅឆ្នាំ១៨៦៧។ លោក Henri Nestlé ចាប់ផ្ដើមបង្កើតម្សៅទឹកដោះគោតាមរយៈការលាយបញ្ចូលគ្នានូវទឹកដោះគោ ម្សៅស្រូវសាឡី និងស្ករ ដែលផលិតផលរបស់លោកត្រូវបានបង្កើតឡើងសម្រាប់ទារកដែលមិនអាចបៅដោះម្ដាយបាន ដើម្បីដោះស្រាយអត្រាមរណភាពទារកដ៏ខ្ពស់។ សូមអានប្រវត្តិលម្អិតរបស់ក្រុមហ៊ុន Nestle នៅទីនេះ។

Nestlé History | Archived Link
២. Hyundai Motor គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់អន្តរជាតិរបស់កូរ៉េខាងត្បូង។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដោយស្ថាបនិកក្រុមហ៊ុន លោក ជុង ជូយ៉ាំង (Chung Ju-yung)។ សូមមើលប្រវត្តិរបស់ក្រុមហ៊ុន Hyundai នៅទីនេះ។
៣. ក្រុមហ៊ុន HP គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតបច្ចេកវិទ្យាកុំព្យូទ័ររបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះពេញថា Hewlett-Packard។ ក្រុមហ៊ុននេះមានការិយាល័យកណ្ដាលនៅទីក្រុង Palo Alto ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ វាត្រូវបានបង្កើតឡើងដោយលោក Bill Hewlett និងលោក David Packard នៅក្នុងឆ្នាំ១៩៣៩ បន្ទាប់ពីពួកគាត់បញ្ចប់ការសិក្សាវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យ Standford នៅឆ្នាំ១៩៣៥។ សូមមើលប្រវត្តិក្រុមហ៊ុន HP តាមរយៈតំណភ្ជាប់នៅទីនេះ។
៤. Lipton គឺជាក្រុមហ៊ុនផលិតតែអាមេរិក-អង់គ្លេស ដែលមានមូលដ្ឋានស្ថិតនៅចក្រភពអង់គ្លេស។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅក្នុងសតវត្សរ៍ទី១៩ ដោយស្ថាបនិកលោក Thomas Lipton នៅឯទីក្រុង Glasgow ប្រទេសស្កុតលែន។ សូមមើលប្រវត្តិក្រុមហ៊ុន Lipton នៅទីនេះ។
៥. Netflix គឺជាក្រុមហ៊ុនចាក់បញ្ចាំងភាពយន្ត និងវីដេអូតាមអនឡាញរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ដោយលោក Marc Randolph និងលោក Reed Hastings នៅរដ្ឋ California សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះបានចាប់ផ្ដើមដំណើរការប្រព័ន្ធចាក់បញ្ចាំងភាពយន្តតាមអនឡាញនៅឆ្នាំ២០០៧។ សូមមើលព័ត៌មានលម្អិតអំពីក្រុមហ៊ុន Netflix នៅទីនេះ។
៦. McDonald គឺជាក្រុមហ៊ុនលក់អាហារបង្កើតឡើងដោយលោក Ray Kroc នៅក្នុងឆ្នាំ១៩៥៤ នៅរដ្ឋ California។ រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនមួយនេះបានបង្កើតហាងលក់ហាំប៊ឺហ្គឺជាង ៣៦,០០០កន្លែងនៅជាង ១០០ប្រទេស។ សូមមើលប្រវត្តិក្រុមហ៊ុន McDonald នៅទីនេះ។
៧. PUMA គឺជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើងកីឡាលំដាប់ពិភពលោករបស់ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៨ដោយលោក Rudolf Dassler ដែលជាបងប្រុសបង្កើតនៃស្ថាបនិកក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងសម្ភារកីឡា Adidas លោក Adolf “Adi” Dassler។ សូមមើលប្រវត្តិក្រុមហ៊ុន PUMA តាមរយៈតំណភ្ជាប់នៅទីនេះ។
៨. Lays គឺជាក្រុមហ៊ុនផលិតដំឡូងបំពងរបស់សហរដ្ឋអាមេរិក និងលក់ទៅកាន់ទីផ្សារប្រទេសជាច្រើនជុំវិញពិភពលោក។ សូមអានព័ត៌មានអំពីក្រុមហ៊ុន Lays នៅទីនេះ។
៩. Marlboro គឺជាស្លាកយីហោបារីរបស់ក្រុមហ៊ុនថ្នាំជក់អាមេរិក Philip Morris International ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤។ សូមអានព័ត៌មានលម្អិតអំពីស្លាកយីហោ Marlboro នៅទីនេះ។
១០. Pepsi គឺជាក្រុមហ៊ុនផលិតភេសជ្ជៈរបស់អាមេរិក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៩៣ ដោយលោក Caleb Bradham។ ផលិតផលដំបូងរបស់ក្រុមហ៊ុនមានឈ្មោះថា Brad’s Drink ដែលបានសាងឈ្មោះល្បីល្បាញដោយសារតែវារួមបញ្ចូលគ្នានូវស្ករ ទឹក ខារ៉ាមែល ទឹកក្រូច គ្រាប់ផ្លែឈើ និងសមាសធាតុដទៃទៀត។ សូមមើលព័ត៌មានលម្អិតអំពីក្រុមហ៊ុន Pepsi នៅទីនេះ។
១១. KFC គឺជាក្រុហ៊ុនលក់មាន់បំពង (Kentucky Fried Chicken) ដែលត្រូវបានបង្កើតឡើងដោយលោក Colonel Harland Sander នៅក្នុងឆ្នាំ១៩៣០ នៅឯរដ្ឋ Kentucky សហរដ្ឋអាមេរិក។ សូមមើលព័ត៌មានលម្អិតអំពីក្រុមហ៊ុន KFC នៅទីនេះ។
១២. Coca-Cola គឺជាក្រុមហ៊ុនផលិតភេសជ្ជៈអាមេរិកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៨៦ ដោយវេជ្ជបណ្ឌិត John Pemberton នៅទីក្រុង Atlanta។ សូមមើលព័ត៌មានលម្អិតអំពីក្រុមហ៊ុន Coca-Cola នៅទីនេះ។
១៣. Fanta គឺជាក្រុមហ៊ុនភេសជ្ជៈអាល្លឺម៉ង់ដែលកាន់កាប់ដោយអាមេរិក។ កាលពីអំឡុងឆ្នាំ១៩៤០ Fanta គឺជាភេសជ្ជៈជំនួសឱ្យភេសជ្ជៈ Coca-Cola ដោយសារតែរបបណាហ្ស៊ីអាល្លឺម៉ង់បានហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយអាមេរិក។ នេះហើយជាមូលហេតុដែលធ្វើឱ្យភេសជ្ជៈ Fanta មានគ្រឿងផ្សំតែមួយជាមួយភេសជ្ជៈ Coca-Cola។ សូមអានព័ត៌មានលម្អិតរបស់ក្រុមហ៊ុន Fanta នៅទីនេះ។
១៤. Carrefour គឺជាក្រុមហ៊ុនបោះដុំ និងលក់រាយរបស់ប្រទេសបារាំង។ ក្រុមហ៊ុននេះមានអាយុកាលជាង ៦០ឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ១៩៥៩មក។ សូមមើលព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Carrefour នៅទីនេះ។
១៥. Danone គឺជាក្រុមហ៊ុនផលិតអាហារលំដាប់ពិភបលោករបស់ប្រទេសបារាំង ដែលចាប់ផ្ដើមតាំងពីដើមសតវត្សរ៍ទី២០មកម៉្លេះ។ សូមអានព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Danone នៅទីនេះ។
១៦. Sprite គឺជាផលិតផលមួយនៃក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola របស់សហរដ្ឋអាមេរិក។ ផលិតផលនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦១។ សូមអានព័ត៌មានបន្ថែមអំពី Sprite នៅទីនេះ។
១៧. L’Oreal គឺជាក្រុមហ៊ុនផលិតគ្រឿងសម្អាងដ៏ល្បីល្បាញរបស់ប្រទេសបារាំង។ សូមអានព័ត៌មានបន្ថែមអំពីក្រុមហ៊ុននៅទីនេះ។
១៩. Knorr គឺជាស្លាកយីហោផលិតអាហារ និងភេសជ្ជៈ ដែលកាន់កាប់ដោយក្រុមហ៊ុនអង់គ្លេស Uniliver ចាប់តាំងពីឆ្នាំ២០០០មក។ សូមអានព័ត៌មានបន្ថែមអំពីយីហោផលិតផលនេះតាមរយៈតំណភ្ជាប់នៅទីនេះ។
យើងបានរកឃើញថា គ្មានក្រុមហ៊ុន ឬស្លាកយីហោណាមួយនៅក្នុងការអះអាងខាងលើនេះ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនោះឡើយ។ ដូច្នេះ យីហោទាំងនេះមិនមែនជាផលិតផលប្រទេសអ៊ីស្រាអែលទេ។
CONCLUSION
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ឈ្មោះក្រុមហ៊ុន ឬយីហោទាំងឡាយដែលត្រូវបានលើកឡើងនៅក្នុងការអះអាងខាងលើនេះ សុទ្ធតែមានប្រភពមកពីប្រទេសផ្សេងៗ មិនមែនមកពីប្រទេសអ៊ីស្រាអែលនោះឡើយ។
