​ប្រតិបត្តិការ​ស្វែង​រក​នាវ​មុជ​ទឹក Titan ដែល​ដឹក​មនុស្ស ៥​នាក់​ទៅ​មើល​ខ្មោច​នាវា​ Titanic នៅ​បាត​មហាសមុទ្រ​អាត្លង់ទិច បាន​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​បំណែក​នាវា​មុជ​ទឹក​នោះ​ហើយ ហើយ​អ្នក​ដំណើរ ៥​នាក់​នៅ​ក្នុង​នាវា​មុជ​ទឹក​នោះ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ។

បន្ទាប់​​​មក រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​កម្ចេច​កម្ចី​ ស្បែក​ជើង និង​ប្រដាប់​ប្រដារ​នៅ​ក្រោម​ទឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​គេ​អះអាង​ថា ជា​បំណែក​នៃ​នាវា​មុជ​ទឹក​នោះ។ ការអះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​បែប​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​បំណែក​កម្ទេច​កម្ទី​កប់​នៅ​ក្នុង​ខ្សាច់​បាត​សមុទ្រ​មួយ​កន្លែង​។​ រូប​ថត​ទាំង​នេះ​ ត្រូវ​បាន​អះអាង​ថា​ គឺ​ជា​ទិដ្ឋភាព​នៃ​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan ដែល​បាន​បាត់​ដំណឹង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​។​ ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «​បំណែក​ និង​កម្ទេច​កម្ទី​ដែល​បាន​មក​ពី​នាវា​​មុជ​ទឹក​ Titan»​។​

Facebook Post | Archived Link

រូប​ថត​ដែល​ភ្ជាប់​នឹង​ការ​លើក​ឡើង​បែប​នេះ​ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផង​ដែរ​។​

Facebook Post | Archived Link

ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ផ្សេង​ទៀត​ នា​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) ឬ​​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។​

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាងលើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Alamy ដែល​ជា​គេហទំព័រ​សោត​ទស្សន៍​ដ៏​ធំ​មួយ​។​ គេហទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​ថា​សំណល់​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ក​វែង​ ដែល​កប់​នៅ​ក្នុង​ភក់ ក្បែរ​កប៉ាល់​ទីតានិច​​នោះ​ គឺ​ត្រូវ​បាន​ថត​តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​ផ្តល់​ជូន​ដោយ​សាកល​វិទ្យាល័យ​ Rhode Island សហរដ្ឋ​អាមេរិក​។​

Alamy Link | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​ផ្សេង​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Alamy ផង​ដែរ​ ដែល​មិន​បាន​បញ្ជាក់​ថា​នោះ​ គឺ​ជា​ទិដ្ឋភាព​បំណែក​ និង​កម្ទេច​កម្ទី​ដែល​គេ​បាន​រក​ឃើញ​មក​ពី​នាវា​មុជ​ទឹក​ Titan នោះ​ទេ។​ រូប​ថត​នេះ​ ការ​ពិត​គឺ​ជា​ទិដ្ឋភាព​សំណល់​កម្ទេច​កម្ទី​ស្បែក​ជើង​របស់​ជន​រង​គ្រោះ​ នៃ​គ្រោះ​មហន្តរាយ​នៃ​ការ​លិច​កប៉ាល់​​ទីតានិច​កាល​ពី​ជាង​១០០​ឆ្នាំ​មុន​។​

Alamy Link | Archived Link

ក្រុម​ការងារ​របស់​ Fact Crescendo ក៏​បាន​ធ្វើ​ការ​ស្នើ​សុំបញ្ជាក់​បំភ្លឺ​ករណី​ខាង​លើ​នេះ​ដោយ​ផ្ទាល់​ ទៅ​កាន់​នាយក​ដ្នាន​ឆ្មាំ​ឆ្នេរ​ របស់​សហរដ្ឋ​អាមេរិក​ (US Coast Guard Department) តាមរយៈ​សារ​អេឡិចត្រូនិក​ (Email) ផង​ដែរ​ ដែល​នាយកដ្ឋាន​មួយ​នេះ​ បាន​បដិសេធ​នូវ​ការ​អះអាង​ដោយ​ភ្ជាប់​រូប​ថត​ខាង​លើ​ ហើយ​បាន​ច្រាន​ចោល​ និង​បញ្ជាក់​ថា​អង្គភាព​ Unified Command របស់​សហរដ្ឋអាមេរិក​ មក​ដល់​ម៉ោង​នេះ​ មិន​ទាន់​មាន​ការ​ផ្សព្វ​ផ្សាយ​នូវ​រូប​ថត​នៃ​បំណែក​កម្ទេច​កម្ទី​នៃ​នាវា​មុជ​ទឹក​ Titan ជា​ផ្លូវ​ការណ៍​នៅ​ឡើយ​ទេ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​បញ្ជាក់​តាម​រយៈ​សារ​អេឡិចត្រូនិក​ (Email) របស់​លោក​ស្រី​អនុសេនីយ៍​ទោ​ Anne McGoldrick។

Archived Link

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដូច​ដែល​បាន​រៀប​រាប់​ដូច​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​នេះ​ មិន​មែន​ជា​ទិដ្ឋភាព​បំណែក​ និង​កម្ទេច​កម្ទី​ដែល​គេ​បាន​រក​ឃើញ​មក​ពី​នាវា​មុជ​ទឹក​ Titan នោះ​ទេ​។​ រូប​ថត​ទាំង​នេះ​ គឺ​ជា​បំណែក​កម្ទេច​កម្ទី​របស់​ជន​រង​គ្រោះ​ នៃ​ការ​លិច​កប៉ាល់​ទីតានិច​ ដែល​ត្រូវ​បាន​ថត​ តាំង​ពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​។​

Avatar

Title:តើ​នេះ​គឺ​ជា​រូប​ភាព​បំណែក​កម្ទេច​កម្ទី​របស់​នាវា​មុជ​ទឹក​ Titan មែន​ដែរ​ឬ​ទេ​?

Written By: Kakada Sim

Result: Misleading