Fact Check: រូប​ថត​​បង្ហាញ​ពី​ទិដ្ឋ​​ភាព​ហាង​បណ្តែត​ទឹក​​​​នៅ​​ថៃ​ត្រូវ​បាន​អះ​អាង​ថា​នៅ​ខេត្ត​កោះកុង​

False International

កោះ​កុង​ គឺ​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ២៧០​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​ ភ្នំពេញ​។​ ខេត្ត​មួយ​នេះ​មាន​ឆ្នេរ​សមុទ្រ​ មាន​ទឹក​ជ្រោះ​ ព្រម​ទាំង​មាន​កោះ​ល្បី​ៗ​ជា​ច្រើន​ ដែល​ជា​ទី​ចាប់​អារម្មណ៍​មួយ​របស់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​។ ថ្មី​ៗ​នេះ​ ការ​អះ​អាង​មួយ​បាន​បង្ហោះ​​រូប​ថត​ជា​ច្រើន​ សន្លឹក​ដោយ​បាន​រៀប​រាប់​ថា វា​គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះ​កុង​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​មួយ​​​ បាន​​​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​ ​ដែល​​​​បង្ហាញ​ពី​ទិដ្ឋភាព​កន្លែងអង្គុយជុំគ្នានៅ​លើ​ទឹក និង​ក្បែរ​មាត់​ទឹក​។ អ្នក​ប្រើ​​ហ្វេសប៊ុក​​ដដែល​នោះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ទិដ្ឋ​ភាព​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះ​កុង​​។

ការ​​​​អះ​​​អាង​​មួយ​​​នេះ​ ត្រូវ​​បាន​ចែក​​រំលែកតៗគ្នា​ជា​ច្រើន​​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពី​​សំណាក់​​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់​​ថា​​ «​ខេត្ត​កោះ​កុង​ កោះ​សង្សារ​»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្តើម​​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូប​ថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​តាម​រយៈ​កម្មវិធី Yandex ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ប្រភព​ដើម​នៃ​ទិដ្ឋ​ភាព​​នៃ​​ហាង​កាហ្វេបណ្តែត​ទឹក​មួយនេះ ​ដែល​​​មាន​​ទម្រង់​​ដូច​គ្នា​ទាំង​ស្រុង។

តាម​រយៈ​ការ​បង្ហោះ​រូប​ថតជាច្រើន​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​​នៅ​លើ​បណ្តាញ​គេហទំព័រ​​ ​Bangkok Foodie កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១កន្លង​ទៅ​នេះ ដែល​បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នេះ​គឺនៅ​ហាងកាហ្វេ​ដែល​មាន​ឈ្មោះ​ថា​ Bubble In The Forest មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Nakhorn Pathom ប្រទេស​ថៃ​។

រូប​ភាព​ផ្ដាម​ចេញ​ពីគេហទំព័រ​​ ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «Bubble In The Forest: New Floating Cafe In Thailand. Bubble In The Forest popped open on 14th March at Nakhon Pathom» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ហាង​កាហ្វេ​បណ្តែត​ទឹក​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ចាប់​ផ្តើម​បើក​តាំង​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ មក​ម្ល៉េះ​»។

Bangkok Foodie | Archived Link

តាម​​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​​ View Journey ผู้หญิงเที่ยวคนเดียว ដែល​បានបង្ហោះ​កាល​ពី​ថ្ងៃទី​១៨ ខែ​ឧសភា​ ឆ្នាំ​២០២១ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទី​កន្លែង​ដែល​មាន​​ទម្រង់​ដូច​គ្នា​ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ហ្វេសប៊ុក​បាន​អះ​អាង​ នោះ​គឺមាន​ឈ្មោះ​ Bubble in the forest ដែល​មាន​ទី​តាំង​នៅ​ក្នុង​ប្រទេស​ថៃ​។

រូប​ភាព​ផ្ដាម​ចេញ​ពីទំព័រហ្វេសប៊ុក​ខាង​លើ​ ដែល​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​ថៃ​ថា​​ «Bubble in the forest น้ำสีฟ้ามรกต สวยงามตรงปกเหมือนอยู่มัลดีฟจริงๆ ไม่ไกลจาก กทม. อยู่แค่ศาลายา นครปฐม เองจร้าาา» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «Bubble in the forest គឺ​ជា​ហាង​បណ្តែត​ទឹក​ដ៏​ស្រស់​ស្អាត​ ដែលមើល​ទៅ​​ហាក់​ដូច​ជា​នៅ​ ម៉ាល់​ឌីវ​ពិត​ៗ​ វា​នៅ​មិន​ឆ្ងាយ​ពី​ទី​ក្រុង​បាងកក​នោះ​ទេ​​​»។

Facebook Post | Archived Link

ក្រោយ​ពី​បាន​បង្ហោះ​រូប​ថត​​មួយ​ថ្ងៃ​ក្រោយ​មក​ អ្នក​ប្រើ​ហ្វេសប៊ុក​ដែល​បាន​អះ​អាង​ខាង​លើ​នោះ​ បាន​ធ្វើ​ការ​កែ​សម្រួល​អត្ថបទ​​របស់​ខ្លួន​ដោយ​បាន​រៀប​រាប់​ដូច្នេះ​ថា​ «ចា៎​ខ្ញុំ​អត់​ដែល​បាន​ទៅ​ទេ​បង​ តែ​ខ្ញុំ​ឃើញ​គេ​ផុស​ដូច​តែ​គ្នា​ទេ​ ហើយ​ខ្ញុំ​ក៏​ខមិន​សួរ​គេ​ គេ​ប្រាប់​ខ្ញុំ​ថា​កោះហ្នឹង​​នៅ​ខេត្ត​កោះ​កុង​ដូច​គ្នា​ ទើប​ខ្ញុំ​យក​មក​ផុស​ដើម្បី​ចែក​រំលែក​​ចែក​ដែល​អ្នក​ចង់​ទៅ​លេង​ដូច​​ខ្ញុំ​ដែរ​»។ អ្នក​ប្រើ​ហ្វេសប៊ុក​​ម្នាក់​នេះ ​ក៏​បាន​ធ្វើ​ការ​សុំ​ទោស​ទៅ​កាន់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទូ​ទៅ​ផង​ដែរ​។

រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ «ចា៎​ញុម​អត់​ដែល​បាន​ទៅ​ទេ​បង​ តែ​ញុម​ឃើញ​គេ​ផុស​ដូច​តែ​គ្នា​ទេ​ហើយ​ញុម​ក៏ខមិន​សួរ​គេ​ គេ​ប្រាប់​ញុម​ថា​កោះ​នឹង​ នៅ​ខេត្ត​កោះ​កុង​ដូច​គ្នា​ទើប​ញុម​យក​មក​ផុស​ដើម្បី​ចែក​រំលែក​ចែក​ដែល​អ្នក​ចង់​ទៅ​លេង​ដូច​ញុម​ដែល​ តែ​អី​លូវបើ​បង​ប្អូន​ថា​នៅថៃ​មាន​តែ​អត់​បាន​ទៅ​ អគុណ​ដែល​បាន​ប្រាប់​ញុម​អ្នក​ទាំង​អស់​គ្នា​ ហើយ​ក៏​សុំ​ទោសអ្នកទាំងគ្នាផង»។

Facebook Post | Archived Link 

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ជា​ច្រើន​សន្លឹក​ដែល​បាន​អះ​អាង​ថា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ខេត្ត​កោះកុង​ និង​កោះ​សង្សារ​នោះ​​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ទិដ្ឋភាព​នៃ​រូបថត​ទាំង​នេះ មិន​មាន​នៅ​ក្នុង​ខេត្ត​កោះកុង ឬ​ទីកន្លែង​ណា​ផ្សេង​ទៀត​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​យក​ចេញ​ពីហាង​ កាហ្វេ​បណ្តែត​​ទឹក​មួយ​ដែល​មាន​ឈ្មោះ​ថា​ BUBBLE IN THE FOREST នៅ​ក្នុង​ប្រទេស​ថៃ​។

Avatar

Title:រូប​ថត​​បង្ហាញ​ពី​ទិដ្ឋ​​ភាព​ហាង​បណ្តែត​ទឹក​​​​នៅ​​ថៃ​ត្រូវ​បាន​អះ​អាង​ថា​នៅ​ខេត្ត​កោះកុង​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.