
ខណៈដែលកំណាត់ផ្លូវតូចធំជាច្រើនក្នុងរាជធានីភ្នំពេញ បានលិចលង់នៅក្រោមជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ រូបថតមួយសន្លឹកបង្ហាញអ្នកបើកបរធ្វើដំណើរកាត់ទឹកជំនន់ពណ៌ខៀវដូចទឹកសមុទ្រ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា ទឹកសមុទ្រចូលដល់ទីក្រុងភ្នំពេញ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែកចាយ និងប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់ជាច្រើនដងនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយ បានចែករំលែកនូវរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពនៃការលិចលង់ផ្លូវមួយកន្លែង ដោយសារជំនន់ទឹកភ្លៀង។ រូបថតនេះ ក៏បានបង្ហាញនូវសភាពទឹកជន់លិចពណ៌ខៀវថ្លាដូចទៅនឹងទឹកសមុទ្រផងដែរ។
រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «ថាទៅលេងសមុទ្រចុងសប្តាហ៍ តែចេះមក Surprise ពេលម៉ោងចេញធ្វើការល្មម»។

ដូចគ្នានេះ រូបថតខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ដទៃទៀត នៅទីនេះផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះ តាមរយៈការស្វែងរកប្រភពដើមនៃរូបថតនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា «Teacher Michael in Cambodia» ដែលបានបង្ហោះកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ទំព័រហ្វេសប៊ុកដដែលខាងលើ ក៏បានបញ្ជាក់ និងសរសេរជាភាសាអង់គ្លេសថា «My gosh! This is near ACE Santhormok right now! Stay safe» ឬប្រែសម្រួលជាភាសាខ្មែរថា «ព្រះអើយ!! នៅជិតសាលា ACE សន្ធរម៉ុកឥឡូវនេះ! សូមរក្សាសុវត្ថិភាព»។ រូបថតបង្ហាញទិដ្ឋភាពជំនន់ទឹកភ្លៀងនៅក្នុងក្រុងភ្នំពេញខាងលើនេះ គឺពុំបានបង្ហាញទិដ្ឋភាពពណ៌ខៀវស្អាតដូចទៅនឹងទឹកសមុទ្រដូចការចែកចាយនាពេលថ្មីៗនោះឡើយ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ គឺពិតជាមិនត្រឹមត្រូវទេ។ ច្បាប់ដើមនៃរូបថតបង្ហាញទិដ្ឋភាពជំនន់ទឹកភ្លៀងនៅក្នុងក្រុងភ្នំពេញមួយនេះ គឺពុំមានពណ៌ខៀវស្អាតដូចទឹកសមុទ្រនោះឡើយ។

Title:ជំនន់ទឹកភ្លៀងក្នុងក្រុងភ្នំពេញ ពុំមានពណ៌ខៀវស្អាតដូចទឹកសមុទ្រឡើយ
Fact Check By: Kakada SimResult: Altered
