វីដេអូ​ទឹក​ជំនន់​លិច​ខណ្ឌ​ដង្កោ​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា ជា​ទឹក​លិច​ភ្នំពេញ​ឆ្នាំ​នេះ

Missing Context Social

តំបន់​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ តែង​តែ​លិច​លង់​នៅ​ក្រោម​ទឹក ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​ថ្មីៗ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​មាន​រយៈ​ពេល ១៤​វិនាទី ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះអាង​ក្នុង​ន័យ​ថា វា​ជា​ស្ថានភាព​ទឹក​លិច​លង់​រាជ​ធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២២​នេះ។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​យល់​ច្រឡំ។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ ហើយ​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ១៤​វិនាទី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញបុរស​ម្នាក់​ជាមួយ​នឹង​យាន​យន្ត​កង់​បី​មួយ​គ្រឿង ធ្វើ​ដំណើរ​នៅ​ក្នុង​ទឹក​ជំនន់​នោះ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​សរសេរ​ក្នុង​ន័យ​ថា វីដេអូ​នេះ គឺ​ជា​ទឹក​ជំនន់​លិច​រាជ​ធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០២​២​នេះ។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាងក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ Chham Chhany កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ដែល​រៀបរាប់​ថា «បណ្ដែត​ក្បួន​លេង​ឆ្នាំ​២០២២»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នេះ​តាម​រយៈ​ការស្វែង​រក​ប្រភព​ដើម​នៃ​វីដេអូ​នេះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ TikTok ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​វីដេអូ​មាន​រយៈ​ពេល ១៤​វិនាទី​​នេះ យើង​បាន​មើល​ឃើញ​ថា វា​ត្រូវ​បាន​យក​ចេញ​ពី​គណនី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok មួយ​ឈ្មោះ Veasna Transports។

នៅ​ក្នុង​គណនី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ TikTok ឈ្មោះ VeasnaTransports យើង​បាន​រក​ឃើញ​វីដេអូ​ដូច​គ្នានេះ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២០​កន្លង​មក ជាមួយ​សំណេរ​ថា «អាណិត​បង​ប្អូន​យើង​ណាស់»។

TikTok Post | Archived Link

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ​តុលា ឆ្នាំ​២០២០​កន្លង​មក បាន​ឱ្យ​ដឹង​ថា ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ក្នុង​សង្កាត់​​ចំនួន​១១​នៅ​ក្នុង​ចំណោម​សង្កាត់​ទាំង​១២​​នៅ​ក្នុង​ខណ្ឌ​ដង្កោ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ ត្រូវ​ទឹក​ជន់​លិច​នា​ពេល​នោះ បន្ទាប់​ពី​ទំនប់​ស្ទឹង​ព្រែកត្នោត បាន​បាក់។

សូម​ទស្សនា​ទិដ្ឋភាព​នៃ​ទឹក​ជំនន់​វាយ​ប្រហារ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដែល​ផ្តិត​រូបភាព​ដោយ​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី ២​ឆ្នាំ​មុន។

តំបន់​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​លិច​លង់​ក្រោម​ទឹក​ភ្លាមៗ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​បញ្ហា​នេះ ត្រូវបាន​ភ្ជាប់​ទៅ​នឹង​សកម្មភាព​លុប​បឹង​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​នានា។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា សំណេរ​ភ្ជាប់​ជាមួយ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​រយៈ​ពេល ១៤​វិនាទី​នេះ មិន​មែន​ជា​ទិដ្ឋភាព​ជំនន់​ទឹក​ភ្លៀង​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​ថ្មីៗ​នេះ​ឡើយ។ វា​ជា​ទឹក​ជំនន់​វាយ​ប្រហារ​សង្កាត់​ជាច្រើន​នៅ​ខណ្ឌ​ដង្កោ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:វីដេអូ​ទឹក​ជំនន់​លិច​ខណ្ឌ​ដង្កោ​២​ឆ្នាំ​មុន ត្រូវ​បាន​អះ​អាង​ថា ជា​ទឹក​លិច​ភ្នំពេញ​ឆ្នាំ​នេះ

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published.