
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមក ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសមួយនេះ។ ទន្ទឹមគ្នានោះ រូបថតមួយសន្លឹកបង្ហាញពីសំណង់អគាររងការខូចខាត ត្រូវបានបង្ហោះភ្ជាប់ទៅនឹងស្ថានការណ៍ដែលកំពុងកើតមានឡើងរវាងអ៊ុយក្រែន-រុស្ស៊ីនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២កន្លងទៅ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Hok Kea បានបង្ហោះរូបថតចំនួនបួនសន្លឹក ដែលក្នុងនោះមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពនៃទីក្រុងមួយ ដែលមានការខូចខាត និងគំនរអគារបាក់បែកជាច្រើន។
ការបង្ហោះនេះ ត្រូវបានភ្ជាប់ទៅនឹងទិដ្ឋភាពវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ដែលកើតឡើងនាពេលថ្មីៗនេះ។ ការអះអាងខាងលើ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងរូបថតនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ សរសេររៀបរាប់ថា «ថ្ងៃទី២ មីនា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី៧ដែលជនផ្ដាច់ការ ក្លាឌឺមៀ ពូទីន (Vladimir Putin) វាយចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលពូទីនកំណត់ធ្វើជាថ្ងៃជ័យជំនះលើអ៊ុយក្រែន។ ប្រាកដណាស់ទីក្រុងគៀវបែកបាក់ខ្ទេចខ្ទាំ តែប្រធានាធិបតីហ្សេឡេនស្គី (Zelenskyy) និងប្រជាពលរដ្ឋអ៊ុយក្រែន មិនបានសុំចុះចាញ់សត្រូវឈ្លានពានរុស្ស៊ីនោះឡើយ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះតាមរយៈGoogle Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើគេហទំព័រសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។ គេហទំព័រដដែលនេះ បានធ្វើសេចក្តីរាយការណ៍ និងបានបញ្ជាក់ថា រូបថតបង្ហាញ អគារបាក់បែកខូចខាតនេះ គឺជាទិដ្ឋភាពនៃទីក្រុងម៉ូស៊ុល (Mosul) ដែលជាទីក្រុងធំទី២របស់ប្រទេសអ៊ីរ៉ាក់។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Mosul: Iraq’s second city and cultural jewel. This photo taken on July 9, 2017, shows a general view of the destruction in Mosul’s old City» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ទីក្រុងម៉ូស៊ុល៖ ទីក្រុងទីពីរ និងជាទីក្រុងវប្បធម៌នៃប្រទេសអ៊ីរ៉ាក់។ រូបថតនេះ ត្រូវបានថតនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ដែលបានបង្ហាញអំពីទិដ្ឋភាពទូទៅនៃការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងម៉ូស៊ុល»។

Arab News Report | Archived Link
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Getty Images ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយផងដែរ ដោយបានបញ្ជាក់ថា ទិដ្ឋភាពនៃការខូចខាតនោះ គឺជាទិដ្ឋភាពនៃទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ សរសេររៀបរាប់ជាភាសាអង់គ្លេសថា «A general view shows Mosul’s Old City, on January 8, 2018, six months after Iraqi forces seized the country’s second city from Islamic State group jihadists» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពទូទៅបង្ហាញអំពីទីក្រុងម៉ូស៊ុល នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨! ៦ខែក្រោយបន្ទាប់ពីកងកម្លាំងអ៊ីរ៉ាក់ បានដណ្តើមយកទីក្រុងទីពីរ របស់ប្រទេសនេះពីក្រុមជីហាតរដ្ឋអ៊ីស្លាមមកកាន់កាប់វិញ»។

Getty Images Link | Archived Link
ដូចគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានបង្ហាញផងដែរនូវទិដ្ឋភាពការខូចខាតនៃទីក្រុងម៉ូស៊ុល ជាទីក្រុងធំលំដាប់ទី២របស់ប្រទេសអ៊ីរ៉ាក់នៅក្នុងសេចក្តីរាយការណ៍ព័ត៌មានរបស់ខ្លួន ដែលត្រូវបានបង្ហោះនៅលើបណ្តាញ YouTube កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងមក។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពនៃទីក្រុងរបស់ប្រទេសអ៊ុយក្រែន ដែលរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ីនោះឡើយ។ រូបថតនេះ បង្ហាញអំពីទិដ្ឋភាពនៃការខូចខាត និងអគារបាក់បែកក្នុងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់ ក្រោយពីកងកម្លាំងអ៊ីរ៉ាក់ បានដណ្តើមយកពីក្រុមជីហាតអ៊ីស្លាមមកកាន់កាប់វិញ កាលពីឆ្នាំ២០១៧មកម្ល៉េះ។

Title:រូបថតគំនរបាក់បែកអគារនៃទីក្រុងម៉ូស៊ុល ត្រូវបានភ្ជាប់មិនត្រឹមត្រូវនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី
Fact Check By: Kakada SimResult: Misleading
