តើ​លោក ម៉ាក្រុង លើក​ឡើង​បញ្ហា​ការ​បោះ​ឆ្នោត​កម្ពុជា​នៅ​មហា​សន្និបាត​ UN ឬ​ទេ?

Misleading Political

បន្ទាប់​ពី​ប្រមូល​យក​បាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ឆ្នាំ​២០១៨​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​នាម​លោក​ជា​មេដឹកនាំ​តំណាង​ឱ្យ​កម្ពុជា។

ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ការ​អះ​អាង​មួយ​ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​ដែល​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ ទៅ​និយាយ​នៅ​មហាសន្និបាត​នោះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ដ៏​ច្រើន​ផង​ដែរ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​មក គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Mono Tep បាន​បង្ហោះ​នូវ​ការ​អះ​អាង​​មួយ ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​របស់​កម្ពុជា ទៅ​និយាយ​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នាពេល​ខាង​មុខ។

ការ​អះ​អាង​​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រហូត​ដល់​ទៅ​ជាអ ៣,៧០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ។

ព័ត៌មាន​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ឡើង​វិញ​ទៅ​តាម​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ Mono Tep ដែល​សរសេរ​រៀបរាប់​ថា «ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ប្រកាស​ថា លោក​នឹង​លោក​រឿង​កម្ពុជា​មក​ពិភាសា[ពិភាក្សា]​ក្នុង​មហា​សន្និបាត​នៅ​បុរី New York ខាង​មុខ​នេះ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ​តាម​រយៈ​ការ​ស្វែង​រក​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​អំពី​សម្ដី​របស់​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ទាក់​ទង​នឹង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​មក។

តាម​រយៈ​សំណេរ​ជា​ភាសា​បារាំង យើង​បាន​រក​ឃើញ​អត្ថបទ​មួយ​របស់​សារព័ត៌មាន Paris Match ដែល​ចុះ​ផ្សាយ​ពី​ការ​អំពាវ​នាវ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប ទៅ​កាន់​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នា​២០១៨។

​អត្ថបទ​នោះ បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​បារាំង​រូប​នេះ មាន​ឱកាស​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជានៅ​ឆ្នាំ​២០១៨ ទៅ​និយាយ​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ខែ​កញ្ញា​នា​ឆ្នាំ​នោះ។

អត្ថបទ​របស់​សារព័ត៌មាន​បារាំង​មួយ​នេះ អាច​រក​អាន​បាន​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​ក៏​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។

Paris Match | Archived Link

តើ​ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង លើក​ឡើង​​បញ្ហា​កម្ពុជា​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ឬទេ?

ដើម្បី​បញ្ចាក់​ថា តើ​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង បាន​លើក​ឡើង​បញ្ហា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​នៅ​កម្ពុជា នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ដែរ ឬ​យ៉ាង​ណា​នោះ យើង​បាន​ស្វែង​រក​សុន្ទរកថ​ដើម​ទាំង​ស្រុង​របស់​លោក ដែល​បាន​ថ្លែង​នៅ​ឯ​វេទិកា​មេដឹកនាំ​ពិភពលោក​នោះ។

នៅ​ក្នុង​សុន្ទរកថា​​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​មក លោក ម៉ាក្រុង មិន​បាន​លើក​ឡើង​ទាល់​តែ​សោះ​សូម្បី​តែ​ឈ្មោះ​ប្រទេស​កម្ពុជា ឬ​ឈ្មោះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

គេ​អាច​ស្វែង​រក​អាន​សុន្ទរកថា​ដើម​ទាំង​ស្រុង​របស់​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​ក៏​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។

Elysee | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង មិន​បាន​បញ្ជាក់​ទេ​ថា លោក​នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ទៅ​និយាយ​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នោះ​ឡើយ។ នៅ​ក្នុង​សុន្ទរកថា​របស់​គាត់​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ម៉ាក្រុង មិន​បាន​ថ្លែង​អ្វី​ទាល់​តែ​សោះ​ទាក់​ទង​នឹង​បញ្ហា​នយោបាយ​របស់​កម្ពុជា។

Avatar

Title:តើ​លោក ម៉ាក្រុង លើក​ឡើង​បញ្ហា​ការ​បោះ​ឆ្នោត​កម្ពុជា​នៅ​មហា​សន្និបាត​ UN ឬ​ទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *