
ផលិតផល Nutrid Diabet Gold ត្រូវបានផ្សព្វផ្សាយលក់ព្រោងព្រាតនៅលើបណ្ដាញសង្គមសំដៅទៅទីផ្សារប្រទេសនានានៅក្នុងតំបន់ ដោយមានការអះអាងថា វាជួយព្យាបាលជំងឺទឹកនោមផ្អែមដោយមិនចាំបាច់មានការណែនាំពីវេជ្ជបណ្ឌិត។ ការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គម ថែមទាំងអះអាងថា ផលិតផលនេះត្រូវបានទទួលស្គាល់ដោយស្ថាប័នសុខាភិបាល និងស្ថាប័ន FDA របស់អាមេរិក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ម្សៅទឹកដោះគោកំប៉ុងយីហៅ Nutri Diabet Gold ត្រូវបានផ្សព្វផ្សាយលក់ព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ផលិតផលនេះអាចព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង ហើយផលិតផលនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័នគ្រប់គ្រងចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) និងទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលកម្ពុជាទៀតផង។
ការផ្សព្វផ្សាយលក់ផលិតផលនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមរហូតដល់ជាង ៥ពាន់ដង និងមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបង្ហាញការគាំទ្រដល់ផលិតផលនេះ និងសាកសួររកទិញវាទៀតផង។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃការផ្សព្វផ្សាយលក់ផលិត Nutri Diabet Gold នៅលើទំព័រហ្វេសប៊ុក “Nutri Diabet Gold – ទឹកដោះគោទឹកនោមផ្អែមឈានមុខគេទាក់ទងនឹងគុណភាព” ដែលសំដៅមកអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។
ខាងក្រោមនេះ គឺជារូបថតនៃលិខិតស្នាម និងឯកសារផ្សេងដែលត្រូវបានគេភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយថា ផលិតផលនេះ មានការទទួលស្គាល់ពីស្ថាប័នគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងឱសថរបស់អាមេរិក (FDA)។
ខាងក្រោមនេះ គឺជារូបថតនៃលិខិតស្នាមដែលត្រូវបានផ្សព្វផ្សាយជាមួយផលិតផលនេះថា វាទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលកម្ពុជាសម្រាប់ការចែកចាយ និងលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា។
ម្សៅទឹកដោះគោ Nutri Diabet Gold នេះ ក៏ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមតម្រង់ទៅរកអតិថិជនជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅតាមបណ្ដាប្រទេសដទៃទៀតដែរ ដូចជា ទីផ្សារប្រទេសថៃ ប្រទេសឡាវ និងភូមា។
ខាងក្រោមនេះ គឺជាវីដេអូនៃការឃោសនាផ្សព្វផ្សាយលក់ផលិតផល Nutri Diabet Gold ជាភាសាឡាវកាលពីដើមឆ្នាំនេះ ដោយមានការអះអាងថា ផលិតផលនេះត្រូវបានទទួលស្គាល់គុណភាពដោយស្ថាប័ន FDA របស់អាមេរិក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលក់ផលិតផល Nutri Diabet Gold ជាភាសាឡាវ ដែលអះអាងថា ផលិតផលនេះទទួលបានការអនុម័តយល់ព្រមពីស្ថាប័ន FDA របស់អាមេរិក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលក់ផលិតផល Nutri Diabet Gold ជាភាសាថៃ ដែលអះអាងថា ផលិតផលនេះទទួលបានការអនុម័តយល់ព្រមពីស្ថាប័ន FDA របស់អាមេរិក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលក់ផលិតផល Nutri Diabet Gold ជាភាសាភូមា ដែលអះអាងថា ផលិតផលនេះទទួលស្គាល់ដោយស្ថាប័ន FDA របស់អាមេរិក។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីស្ថាប័នដូចដែលត្រូវបានភ្ជាប់នៅក្នុងការអះអាងខាងលើ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ខ្លឹមសារពាណិជ្ជកម្មនៃផលិតផលនេះ បានអះអាងថា ផលិតផល Nutri Diabet Gold នេះ ត្រូវបានទទួលស្គាល់ និងទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលកម្ពុជា។
ប៉ុន្តែ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសកាលពីឆ្នាំមុនថា ផលិតផល Nutri Diabet Gold ត្រូវបានផ្សព្វផ្សាយលក់ និងចែកចាយព្រោងព្រាតលើបណ្ដាញសង្គមដោយគ្មានការត្រួតពិនិត្យ និងការអនុញ្ញាតពីសាមីក្រសួងឡើយ។
ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីឆ្នាំមុន ដែលនិយាយថា ផលិតផលម្សៅដោះគោ Nutri Diabet Gold នេះ ត្រូវបានចែកចាយលក់ដោយគ្មានក្រុមហ៊ុនច្បាស់លាស់នោះឡើយ ហើយក៏គ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយលក់ពីក្រសួងដែរ។
ដោយឃោសនាសំដៅទៅរកទីផ្សារថៃ ផលិតផល Nutri Diabet Gold នេះ ត្រូវបានផ្សព្វផ្សាយថា ទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលថៃ និងមានការទទួលស្គាល់គុណភាពពីស្ថាប័នគ្រប់គ្រងផលិតផលបរិភោគថៃ (Food and Drug Administration – FDA)ផងដែរ។
ប៉ុន្តែ ស្ថាប័ន FDA ប្រទេសថៃ បានច្រានចោលនូវការអះអាងនៅក្នុងសារផ្សព្វផ្សាយផលិតផលនេះ ដែលនិយាយថា ស្ថាប័ននេះបានទទួលស្គាល់គុណភាពផលិតផលមួយនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ស្ថាប័ន FDA ប្រទេសថៃ បានបញ្ជាក់ថា ម្សៅទឹកដោះគោមួយប្រភេទនេះ បានផ្សព្វផ្សាយលក់ដោយប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកបរិភោគឱ្យយល់ច្រឡំ។
ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័ត៌មានរបស់ស្ថាប័ន FDA ប្រទេសថៃ ដែលបានដាស់តឿនប្រជាជនថៃអំអីហានិភ័យនៃការបរិភោគផលិតផលអាហរគ្មានប្រភពច្បាស់លាស់។
ការផ្សព្វផ្សាយផលិតផលនេះ ក៏បានអះអាងផងដែរថា ម្សៅដោះគោ Nutri Diabet Gold នេះ ត្រូវបានទទួលស្គាល់គុណភាពពីស្ថាប័ន FDA របស់អាមេរិក។
ទោះជាយ៉ាងណា មន្ត្រីកិច្ចការសាធារណៈនៃស្ថាប័ន FDA របស់អាមេរិក អ្នកនាង Janell Goodwin បានបញ្ជាក់ប្រាប់ Fact Crescendo តាមសារអេឡិចត្រូនិចថា ស្ថាប័ន FDA មិនមែនជាស្ថាប័នផ្ដល់ការយល់ព្រម ឬអនុញ្ញាតសម្រាប់ផលិតផលអាហារបំប៉នឡើយ។
ផលិតផល Nutri Diabet Gold ស្ថិតនៅក្នុងប្រភេទអាហារបំប៉ន មិនស្ថិតនៅក្នុងចំណោមឱសថដែលទាមទារឱ្យមានការយល់ព្រមពីស្ថាប័ន FDA របស់អាមេរិកនោះឡើយ។
នៅក្នុងសេចក្ដីណែនាំរបស់ខ្លួន ស្ថាប័នអាមេរិកមួយនេះ បានបញ្ជាក់ថា រាល់ផលិតផលអាហារបំប៉នទាំងអស់ដែលត្រូវបានដាក់ឱ្យចែកចាយ និងលក់នៅអាមេរិក ត្រូវតែបិទស្លាកបញ្ជាក់ថា ផលិតផលរបស់ខ្លួន មិនមែនសម្រាប់ព្យាបាល ឬបង្ការជំងឺណាមួយឡើយ។
ខាងក្រោមនេះ គឺជាសេចក្ដីណែនាំរបស់ស្ថាប័ន FDA អាមេរិក ដែលរៀបរាប់៖ “វិធីមួយដើម្បីឱ្យដឹងថា ផលិតផលជំងឺទឹកនោមផ្អែមមួយមិនមានសុវត្ថិភាព ឬគ្មានប្រសិទ្ធភាពនោះ គឺថា ប្រសិនបើផលិតផលនេះ ត្រូវបានផ្សព្វផ្សាយលក់នៅលើទីផ្សារក្នុងនាមជាផលិតផលព្យាបាលជំងឺទឹកនោមផ្អែមដោយគ្មានវេជ្ជបញ្ជា ឬជាប្រភេទអាហារបំប៉ន”។
បើតាមស្ថាប័ន FDA ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃ ប៉ុន្តែ វាអាចគ្រប់គ្រងបានតាមរយៈការព្យាបាលតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ និងតាមរយៈការតាមដានកម្រិតជាតិស្ករក្នុងឈាម ការអនុវត្តតាមរបបអាហារ និងការធ្វើលំហាត់ប្រាណត្រឹមត្រូវ។
សេចក្ដីណែនាំរបស់វេជ្ជបណ្ឌិតជំនាញ
វេជ្ជបណ្ឌិត គ្រុយ សួយហួរ អ្នកឯកទេសជំងឺទឹកនោមផ្អែមនៅឯគ្លីនិកឧត្ដមភាពនៅរាជធានីភ្នំពេញ បានឱ្យដឹងថា គ្មានការព្យាបាលជំងឺទឹកនោមផ្អែមឱ្យជាសះស្បើយទាំងស្រុងនោះឡើយរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែ ការព្យាបាលជាមួយគ្រូពេទ្យឯកទេស អាចជួយអ្នកជំងឺឱ្យគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ និងមានសុខភាពល្អដូចអ្នកធម្មតាដែរ។
ការប្រើប្រាស់ផលិតផលគ្មានការណែនាំត្រឹមត្រូវពីគ្រូពេទ្យឯកទេស ឬការប្រើប្រាស់ឱសថបុរាណ លោកវេជ្ជបណ្ឌិត គ្រុយ សួយហួរ ដែលបានផ្ដល់សេវាព្យាបាល និងអ្នកថែទាំងអ្នកជំងឺទឹកនោមផ្អែមអស់រយៈពេល ៥ឆ្នាំមកហើយនោះ បានព្រមានពីហានិភ័យចំពោះសុខភាព ដូចជា ខូចតម្រងនោមរហូតដល់ត្រូវលាងឈាម។
ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតបន្ថែមថា ហានិភ័យមួយទៀតសម្រាប់សុខភាព គឺជំងឺទឹកនោមផ្អែមវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកជំងឺប្រឈមមុខនឹងជំងឺស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល។
ជាការណែនាំ វេជ្ជបណ្ឌិត សួយហួរ បានប្រាប់ទៅអ្នកជំងឺទឹកនោមផ្អែមទាំងអស់ ឱ្យទៅជួបគ្រូពេទ្យឯកទេស ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ ជៀសវាងការប្រើផលិតផលផ្សេងៗ។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instgram
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងនៅក្នុងសារផ្សព្វផ្សាយលក់ផលិតផល Nutri Diabet Gold មិនត្រឹមត្រូវនោះឡើយ។ ផលិតផលអាហារបំប៉ននេះ ត្រូវបានផ្សព្វផ្សាយលក់នៅលើបណ្ដាញសង្គមសំដៅទៅទីផ្សារនៅក្នុងតំបន់អាស៊ានដោយគ្មានច្បាប់អនុញ្ញាត និងប្រើប្រាស់ព័ត៌មានបំផ្លើស។ អ្នកជំនាញខាងវេជ្ជសាស្ត្រ បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែម មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ហើយការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គឺជាវិធីកាត់បន្ថយការវិវត្តនៃជំងឺនេះទៅរកភាពធ្ងន់ធ្ងរ។

Title:អាហារបំប៉នមួយប្រភេទត្រូវបានផ្សព្វផ្សាយលក់ទាំងបំផ្លើសថា ព្យាបាលជំងឺទឹកនោមផ្អែម
Written By: Jay UdomResult: False