Fact Check: តើ​រូបថត​នេះ​បង្ហាញ​ជ្រុង​មួយ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា​មែន​ឬទេ​?​

COVID-19 False

ការ​​ផ្ទុះ​​ឡើង​នូវ​ចំនួន​ឆ្លង​ និង​​ករណី​​ស្លាប់​​ដ៏​​ច្រើន​​ជា​រៀង​​រាល់​​ថ្ងៃ​​នៅ​​ក្នុង​​ប្រទេស​​ឥណ្ឌា​​ ដោយ​សារ​​តែ​​ជំងឺ​​​កូវីដ​១៩​​បំម្លែង​​​ថ្មី​​នោះ​​ បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​ ដែល​ជា​ពិ​សេស​នោះ​ គឺ​ការ​រៀប​ចំ​ទុក​ដាក់សព​ស្លាប់​ដោយ​សារ​តែ​មេរោគ​ឆ្លង​មួយ​នេះ​។​

ទន្ទឹម​គ្នា​នេះ ​រូបថត​មួយ​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សាក​សព​រលួយ​មួយ​ ត្រូវ​បាន​សត្វ​ស៊ី​នៅ​តាម​មាត់​ទឹក​មួយ​កន្លែងនោះ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជា​ទិដ្ឋ​ភាព​សាកសព​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​​ឥណ្ឌ​ា​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​១០​​​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​ថ្មី​ៗ​នេះ​​ ​​​​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​មួយ​សន្លឹក​​​​​​បង្ហាញ​​សត្វ​ឆ្កែចំនួន​​ពីរ​ក្បាល កំពុង​ស៊ី​សាកសព​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​​​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អះ​អាង​នៅ​ក្នុង​សារបង្ហោះ​របស់​ខ្លួន​ផង​ដែរ​ថា​ ​រូបថត​នោះ គឺ​ទិដ្ឋភាព​មួយ​នៃ​​វិបត្តិ​​កូវីដ-១៩​​នៅ​ឥណ្ឌា​​។​

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​​​គួរ​ឱ្យ​​អាណិត​ណាស់​ សាក​សព​អ្នក​ស្លាប់​ដោយ​សារ​តែ​កូវីដ​នៅ​ឥណ្ឌា​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។

រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​​លើ​​គណនី​​មួយ​​នៃ​​បណ្ដាញ​​សង្គម​​ Pinterest ដែល​ផ្ដល់​​ព័ត៌មាន​​ជា​បឋម​​ថា រូប​ថត​នេះ​គឺ​ផ្តោត​​ទៅ​លើ​ភាព​ក្រី​ក្រ​ និង​ការ​គ្មាន​អនាម័យ​ថែ​រក្សា​សុខមាលភាព​នៅ​តាម​បណ្តោយ​ទន្លេ​​គង្គា។

ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​​សង្គម​​ Pinterest មួយ​នេះ ពុំ​មាន​ការបញ្ជាក់​​ថា​ សាក​សព​នេះ​ជា​សាកសព​របស់​ជនរង​គ្រោះ​ ឬ​ទាក់​ទង​ដោយសារ​តែ​ជំងឺ​ឆ្លង​កូវីដ១៩នោះ​ឡើយ​។

Pinterest Link | Archived Link

Fact Crescendo Cambodia ក៏​បាន​ពិនិត្យសេចក្តី​រាយការណ៍​​​ទៅ​​លើ​គេហ​ទំព័រ​ Chinasmack ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១០មក​ម៉្លេះ​។​ រូបថត​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​​ឆ្នាំ​២០១០ ឬ​​ ៩​ឆ្នាំ​​មុន​នឹង​មាន​ជំងឺ​ឆ្លង​កូវីដ១៩​នេះ​ទៅ​ទៀត​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ Chinasmack Report ដែល​បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសា​អង់​គ្លេស​​​ថា «Filthy India Photos, Chinese Netizen Reactions»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «រូប​ថត​នៃ​ភាព​កខ្វក់​របស់​ប្រទេស​ឥណ្ឌា​ និង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​និយាយ​ភាសា​ចិន​»​។

Chinasmack Report | Archived Link

តាម​រយៈ​សេចក្តី​រាយការណ៍​នៅ​ក្នុង​គេហ​ទំព័រ​មួយ​ផ្សេង​ទៀត​ Planet Custodian Report ​ កាល​ពី​​ខែ​តុលា​​ ឆ្នាំ​២០១៥​​នេះ​ ក៏​​​​បាន​​​​​​ចែក​ចាយ​រូប​ថត​មួយ​សន្លឹក​នេះ​ផង​ដែរ។​ សេចក្តី​រាយការណ៍​មួយ​នេះ​ គឺ​ត្រូវបាន​គេ​ធ្វើ​ឡើង​ និង​ចុះ​ផ្សព្វ​ផ្សាយ​តាំង​ពីមុន​នឹង​មាន​ជំងឺ​ឆ្លង​កូវីដ១៩​នេះ​ ដល់​ទៅ​ ៤ឆ្នាំ​ឯណោះ។​

ព័ត៌មាន​​លម្អិត​​នៃ​​រូប​ថត​​មួយ​​សន្លឹក​​នេះ​ បាន​រៀបរាប់ផង​ដែរ​​ថា មាន​​សាក​សព​ជាង​ ១០០នាក់​ រួម​ទាំង​កុមារ​ផង ​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​នៅ​តាម​បណ្តោយ​ទន្លេ​គង្គា។​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេ​ហ​ទំព័រ​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​​ជា​ភាសា​អង់​គ្លេស​​​ថា «​​​​50+ Scary Images Depicting Filth of Varanasi and River Ganges that Went Viral in China» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «៥០រូប​ដែល​បង្ហាញ​អំពី​ភាព​កខ្វក់​នៃ​តំបន់​ពារានសី​(Varanasi) និង​ទន្លេ​​​គង្គា ដែល​បាន​នឹង​កក្រើក​នៅ​ក្នុង​ប្រទេស​ចិន​»​។

Planet Custodian Report | Archived Link 

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាពសាក​សព​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ ដែល​ត្រូវ​បាន​សត្វ​ស៊ី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ។ ការ​​ពិត ​​រូប​ថត​​មួយ​​សន្លឹក​​នេះ​​ ​ត្រូវ​បាន​គេ​រក​ឃើញ​ប៉ុន្មាន​ឆ្នាំ​មុន​នឹង​មាន​ជំងឺ​ឆ្លង​កូវីដ​១៩​មក​ម្ល៉េះ​​ ដែល​ជា​ទិដ្ឋ​ភាព​សាក​សព​មួយ​នៅ​តាម​បណ្តោយ​ទន្លេ​​គង្គារ​ ក្នុង​ប្រទេស​ឥណ្ឌា​។​

Avatar

Title:តើ​រូបថត​នេះ​បង្ហាញ​ជ្រុង​មួយ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា​មែន​ឬទេ​?​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.