
ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយជាង ១ឆ្នាំហើយនោះ រូបភាពមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលគ្រងស្បងជីពក្នុងពុទ្ធសាសនា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា មេដឹកនាំប្រទេសមហាអំណាចមួយនេះ ធ្លាប់បួសជាសង្ឃក្នុងព្រះពុទ្ធសាសនាផងដែរ។ រូបភាពជាមួយនឹងការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រងស្បងជីពជាព្រះសង្ឃពុទ្ធសាសនា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះជាមួយការរៀបរាប់ថា មេដឹកនាំមហាអំណាចពិភពលោករូបនេះ ធ្លាប់បួសជាព្រះសង្ឃក្នុងពុទ្ធសាសនា។
រូបថតជាមួយសំណេរបែបនេះ ទទួលបានការចែករំលែកបន្តជាច្រើនដង ព្រមទាំងមានការបញ្ចេញជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក ពូទីន គ្រងស្បងពណ៌លឿង កាលពីថ្ងៃទី២៣ ខែមីនា ជាមួយសំណេររៀបរាប់ថា «ធ្លាប់បួសធ្លាប់រៀនដែរ ប៉ុន្តែ ចរឹតឃោឃៅគ្មានចិត្តមេត្តា អន់ជាងឆ្កែទៅទៀត#ពូទីន»។

រូបថតមេដឹកនាំរុស្ស៊ីស្ថិតក្នុងឈុតស្បងពណ៌លឿងនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតកាលពីថ្ងៃទី២០ ខែមីនា ជាមួយសំណេររៀបរាប់ថា «ឃើញរូបមួយសន្លឹកនេះដោយចៃដន្យ»។

ក្រៅពីរូបថតមួយសន្លឹកខាងលើនេះ រូបថតប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden)ស្ថិតក្នុងឈុតស្បងពណ៌លឿង ក៏ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមផងដែរ ជាមួយសំណេររៀបរាប់ថា «ដាក់នុយក្លេអ៊ែរចុះ ចាប់យកព្រះធម៌។ Internet»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតទាំងប៉ុន្មានសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីអាមេរិក លោក បៃដិន គ្រងស្បងជីពជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនានេះ ត្រូវបានរកឃើញចុះផ្សាយដោយសារព័ត៌មាន Khaosod កាលពីថ្ងៃទី១៩ ខែមីនា ហើយក៏ត្រូវបានចែករំលែកលើទំព័រហ្វេសប៊ុករបស់សារព័ត៌មានថៃមួយនេះផងដែរ។
សំណេររបស់សារព័ត៌មានមួយនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា រូបថតទាំងនេះត្រូវបានគេប្រឌិតឡើងឱ្យឃើញមេដឹកនាំមហាអំណាចពិភបលោកទាំងពីរគ្រងស្បងជីពតាមបែបព្រះពុទ្ធសាសនា ហើយត្រូវបានយកពីទំព័រហ្វេសប៊ុក Ekachai Hongangwan។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក Khaosod English ដែលសរសេររៀបរាប់ថា «ស្រម៉ៃថា រូបថតច្នៃប្រឌិតរបស់លោក ពូទីន និងលោក បៃដិន ជាព្រះសង្ឃ ត្រូវបានគេចែករំលែកលើបណ្ដាញអនឡាញ។ រូបថតនេះ បានពីហ្វេសប៊ុក Ekachai Hongkangwan»។

នៅក្នុងទំព័រហ្វេសប៊ុកមួយមានឈ្មោះជាភាសាថៃ เอกชัย หงส์กังวาน (Ekachai Hongkangwan) យើងបានរកឃើញរូបថតទាំង ៤សន្លឹកដែលបង្ហាញមេដឹកនាំមហាអំណាចទាំងពីរគ្រងស្បងជីពជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។
ទំព័រហ្វេសប៊ុកដដែលនេះ បានសរសេររៀបរាប់ជាភាសាថៃដែលអាចប្រែជាភាសាខ្មែរថា «មនុស្សមួយចំនួនជឿថា រូបទាំងនេះគឺជារូបពិត សូមបន្តតាមដាន»។

ទោះជាយ៉ាងណា ទំព័រហ្វេសប៊ុកខាងលើនេះ មិនបានបញ្ជាក់ទេថា រូបមេដឹកនាំមហាអំណាចគ្រងស្បងជាព្រះសង្ឃនេះ ត្រូវបានច្នៃប្រឌិតដោយរបៀបណានោះឡើយ ដែលធ្វើឱ្យរូបមើលទៅដូចការពិតបែបនេះ។
យើងបានរកឃើញរូបទាំងនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ Midjourney Thailand ដែលបញ្ជាក់ថា រូបភាពទាំងនេះមិនមែនជារូបភាពពិតប្រាកដនោះឡើយ ប៉ុន្តែ រូបភាពទាំងនេះ ត្រូវបានផលិតឡើងដោយ AI Midjourney។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបមេដឹកនាំរុស្ស៊ី លោក ពូទីន និងមេដឹកនាំអាមេរិក លោក បៃដិន គ្រងស្បងជាសង្ឃក្នុងព្រះពុទ្ធសាសនា មិនមែនជារូបពិតនោះឡើយ។ រូបភាពទាំងនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលធ្វើឱ្យរូបភាពមើលទៅដូចការពិត។

Title:រូបភាពលោក ពូទីន និងបៃដិន បួសជាសង្ឃក្នុងពុទ្ធសាសនា មិនមែនជារូបពិតប្រាកដ
Fact Check By: Jay UdomResult: Misleading