Fact Check: តើ​វីដេអូ​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​មែន​ដែរ​ឬ​ទេ​?

International Misleading

នា​ពេល​ថ្មី​ៗ​នេះ​ប្រទេស​ចិន បាន​រង​នូវ​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​ដោយ​​ទឹក​ជំនន់​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​​ ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់ មនុស្ស​មួយ​ចំនួន​បាត់​ខ្លួន មនុស្ស​រាប់​សែន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​យ៉ាង​ធ្ងន់​ធ្ងរ​។

ក្នុង​ចំណោម​នេះ​ មាន​ទំព័រ​​ហ្វេសប៊ុក​នៅ​កម្ពុជាមួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​ទឹក​ជំនន់​នៅ​ប្រទេស​ចិន​ថ្មី​ៗ​ ដែល​កំពុង​ជន់​លិច​ក្នុង​ផ្សារ​ទំនើប។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​  Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​​ដែល​អ្នក​ប្រើ​ប្រាស់បាន​​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​មាន​ទំព័រ​ហ្វេស​ប៊ុក​​ មើល​កំសាន្ត បាន​បង្ហោះវីដេអូ​ឃ្លីប​មួយ​ បង្ហាញអំពី​ទិដ្ឋ​ភាព​ទឹក​ជំនន់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ដែល​បាន​ភ្ជាប់​ និង​អះ​អាង​ថា​នោះ គឺ​បាន​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​ថ្មីៗ​នេះ។​

ទំព័រ​ហ្វេស​ប៊ុក​​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ពេល​វេលា​​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​វីដេអូ​ឃ្លីប​​នោះ​ឡើយ​។​

វីដេអូ​​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «រន្ធត់​ណាស់​ព្រះ​អើយ​! ទិដ្ឋភាព​ទឹក​ជំនន់​នៅ​ប្រទេស​ចិន​ ដែល​កំពុង​ជន់​លិច​ក្នុង​ផ្សារ​ទំនើប​»​។​

Facebook Post | Archived Link

ហេតុ​ការណ៍​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដទៃ​ទៀត​ ចែក​ចាយ​បន្ត​ផង​ដែរ​ទៅ​ក្នុង​ក្រុម​ ព័ត៌មាន​សង្គម​ថ្មីៗ​-Social Fresh News កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ដែល​មាន​ការ​បញេ្ចញ​ប្រតិកម្ម​ និង​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជុំ​វិញ​វីដេអូ​ឃ្លីប​មួយ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ក្រុម​ហ្វេស​ប៊ុក​ ព័ត៌មាន​សង្គម​ថ្មីៗ​-Social Fresh News បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទឹក​ជន់លិច​នៅ​ក្នុង​ផ្សារ​ទំនើប​របស់​ចិន​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​ហេតុ​ការណ៍​មួយ​​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​​វីដេអូ​​ឃ្លីប​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ 

តាម​រយៈ​គេហទំព័រ​សារ​ព័ត៌​មាន​ Daily Mail របស់​ប្រទេស​អង់​គ្លេស​ ​ដែល​ផ្សព្វ​ផ្សាយ​អំពី​ទិដ្ឋភាព​មហន្តរាយ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ផ្សារ​ទំនើប​នេះ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ បាន​បញ្ជាក់​ថាវីដេអូ​ឃ្លីប​នៃ​ហេតុ​ការណ៍​​គ្រោះ​ទឹក​ជន់​លិច​នៅ​ក្នុង​ផ្សារ​នេះ​ គឺ​កើត​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​ជីនហ្សា​ ទីក្រុង​ជីណាន​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​។​

រូប​ភាព​ផ្តាម​ចេញ​ពិី​គេហទំព័រ​សារ​ព័ត៌​មាន​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា «Gushing waters tore through Ginza shopping centre in Jinan in 2007»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ទឹក​ជំនន់​ហូរ​កាត់​តាម​មជ្ឈមណ្ឌល​ផ្សារ​លក់​ទំនិញ​ជីនហ្សា​នៅ​ជីណាន​ក្នុង​ឆ្នាំ​២០០៧​»​។​

Daily Mail’s Report | Archived Link

នៅ​ក្នុង​សេចក្តី​រាយការណ៍​មួយ​របស់​គេហទំព័រ Mirror កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ទឹក​ជំនន់​ជន់​លិច​នៅ​ក្នុង​ផ្សារ​ទំនើបដែល​មាន​​​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​វីដេអូ​ឃ្លីប​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​កម្ពុជា​ថ្មី​ៗ​នេះ​។​ ផ្សារ​ទំនើប​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា​មជ្ឈមណ្ឌល​ផ្សារ​លក់​ទំនិញ​ជីនហ្សា​​ក្នុង​ទីក្រុង​ជីណាន​ ប្រទេស​ចិន។​

រូប​ភាព​ផ្តាម​ចេញ​ពិី​គេហទំព័រ​ដែល​បាន​បង្ហាញ​រូប​ថត​ទឺក​ជន់​លិច​នៅ​ក្នុង​ផ្សារ​ទំនើប​ក្រោម​ដី​របស់​ប្រទេស​ចិន​។​

រូប​ភាព​ផ្តាម​ចេញ​ពិី​គេហទំព័រ​ដែល​បាន​សរសេរ​បញ្ជាក់​​ជា​ភាសា​អង់​គ្លេស​ថា «Heavy rain caused a massive flood in a shopping mall with the resultant river caught on camera. Workers and shoppers can be seen watching helplessly as the torrents pour through the retail floor in Ginza shopping centre in Jinan, China»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផ្សារ​ទំនើបមួ​យ​ត្រូវ​បាន​គេ​ថត​បាន​។ កម្មករ​ និង​អ្នក​ដើរ​ទិញ​ឥវ៉ាន់ ត្រូវ​បាន​ឈរ​មើល​នៅ​ពេល​ដែល​ទឹក​ភ្លៀង​ហូរ​កាត់​ជាន់​លក់​រាយ​នៅ​ក្នុង​​ផ្សារ​ទំនើប​​ជីនហ្សា​​ ក្នុង​ទីក្រុង​ជីណាន​ ប្រទេស​ចិន​»​។​

Mirror’s Report | Archived Link

គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​ជីណាន​ ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០០៧​នេះ​ ក៏​បានផ្សព្វ​ផ្សាយ​ និង​ធ្វើ​សេចក្តី​រាយការណ៍​នៅ​ក្នុង​​គេហទំព័រ​សារ​ព័ត៌​មាន ​​MINEWS ផង​ដែរ​ ដែល​បាន​បញ្ជាក់​ថា​គ្រោះ​មហន្តរាយ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ប្រមាណ​៣៤​នាក់​បាន​បាត់​បង​់​ជីវិត​ និង​ជាច្រើន​សែន​នាក់​បាន​រង​ផល​ប៉ះ​ពាល់​។​

រូប​ភាព​ផ្តាម​ចេញ​ពិី​គេហទំព័រ​សារ​ព័ត៌​មាន​​បានរៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា «Looking back on the heavy rain disaster in Jinan in 2007, the moat inverted, 34 people were killed and about 330,000 people were affected»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «ក្រឡេក​ទៅ​មើល​គ្រោះ​មហន្តរាយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ជីណាន​ក្នុង​ឆ្នាំ​២០០៧​ ដែល​បាន​សម្លាប់​មនុស្ស ៣៤នាក់ និង​ប្រហែល​ ៣៣០ ០០០នាក់​ ត្រូវ​បាន​រង​ផល​ប៉ះពាល់​»​។​

MINEWS’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​ និង​អះ​អាង​ដូច​រៀបរាប់​ខាង​លើ​នេះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ វីដេអូ​ឃ្លីប​មួយ​​នេះ មិន​មែន​ជា​ទិដ្ឋភាព​មហន្តរាយ​ដោយ​ទឹក​ជំនន់​វាយ​ប្រហារ​ខេត្ត​ហឹណាន (Henan) នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២១​នេះ​នោះ​ឡើយ។ ការ​ពិត​វីដេអូ​ឃ្លីប​នោះ​គឺ​ត្រូវ​បាន​រក​ឃើញ​ និង​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​នៅ​ក្នុង​ផ្សារ​ទំនើប​​ជីនហ្សា​​ ក្នុង​ទីក្រុង​ជីណាន​ ប្រទេស​ចិន។​

Avatar

Title:តើ​វីដេអូ​នេះ​ជា​ទិដ្ឋភាព​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នៅ​ចិន​ក្នុង​ឆ្នាំ​២០២១​នេះ​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.