Fact-Check: រូបថត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​គូទ​ធំ​ដូច Kim Kardashian

Altered Political

កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មភាព​សិទ្ធិ​មនុស្ស​ ​កញ្ញា សេង ធារី បាន​ដើរ​ចូល​សវនាការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាមួយ​ការ​​​តុប​តែង​ខ្លួន​ជាមួយ​ឈុត​អ្នក​រាំ​របាំ​អប្សរា និង​កោរ​សក់​ក្បាល ដែល​នាំ​ឱ្យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហៅ​ជា​សាធារណៈ​ថា «អប្សរា​ក្បាល​ត្រងោល»។

នៅ​ដើម​ខែ​មករា​នេះ កញ្ញា សេង ធារី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​លោក ហ៊ុន សែន មាន​គូទ​ និង​ក្បាល​ពោះ​ធំ​ដូច​តារា​សម្ដែង​អាមេរិក​នាង Kim Kardashian។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង រួម​ជាមួយ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​ដែល​បង្ហោះ​ដោយ​កញ្ញា សេង ធារី គឺ​ជា​រូបថត​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន វាយ​កូន​គោល​នៅ​លើ​ទីលាន​ដ៏​ខៀវ​ស្រងាត់​​មួយ​កន្លែង ហើយ​គាត់​មាន​គូទ​ធ្លាក់ និង​ក្បាល​ពោះ​ធ្លាក់​លយ​ទៅ​មុខ។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បាន​សរសេរ​ថា រូបរាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មាន​លក្ខណៈ​ដូច​ទៅ​នឹង​តារា​ម៉ូឌែល​​អាមេរិក Kim Kardashian ដែល​មាន​គូទ​ធំ​ខុស​ប្លែក​ពី​មនុស្ស​ស្រី​ទូទៅ។

ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​សរសេរ​​ជា​ភាសា​អង់គ្លេស​ថា «If this is an unaltered image, it reminds me of Kim Kardashian, but he’s au naturel…» ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ប្រសិន​បើ​មិន​មែន​ជា​រូបថត​កាត់​ត វា​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ Kim Kardashian ប៉ុន្តែ គាត់​មាន​លក្ខណៈ​ពី​ធម្មជាតិ…​»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ Google Reverse Image ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​រូបថត​ច្បាប់​ដើម​ទាំង​ស្រុង។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister ដែល​ជា​ផេក​​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ទំព័រហ្វេសប៊ុក​មួយ​នេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​រួម​ជាមួយ​រូបថត ២០​សន្លឹក​ផ្សេង​ទៀត ដែល​បង្ហាញ​លោក ហ៊ុន សែន លេង​កីឡា​វាយ​កូន​គោល​នៅ​លើ​ទីលាន​វាយ​កូន​គោល​មួយ​កន្លែង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បង្ហោះ​នូវ​រូបថត​ចំនួន ២១​សន្លឹក​កាល​ពី​ជាង ២​ឆ្នាំ​មុន។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក និង​រូបថត​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លេង​កីឡា​វាយ​កូន​គោល​កាល​ពី​ឆ្នាំ​២០១៩​កន្លង​មក ដោយ​លោក​មិន​មាន​សភាព​គូទ​ធំ​យារ​ធ្លាក់ និង​ក្បាល​ពោះ​ប៉ោង​លយ​ទៅ​មុខ​នោះ​ឡើយ។

Avatar

Title:Fact-Check: រូបថត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​គូថ​ធំ​ដូច Kim Kardashian

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *