
បណ្ដាញសង្គមតេឡេក្រាម ត្រូវបានប្រើប្រាស់ច្រើននៅក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា។ ទន្ទឹមគ្នានេះ បណ្ដាញតេឡេក្រាមដែលមានឈ្មោះ និងរូបលោក ហ៊ុន ម៉ាណែត បានឆ្លើយឆ្លងជាមួយនឹងអ្នកប្រើប្រាស់តេឡេក្រាម ដោយបានលើកឡើងថា លោកបាននឹងកំពុងប្រកាសផ្ដល់រង្វាន់ជូនទៅកាន់អ្នកគាំទ្ររបស់លោក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីពេលថ្មីៗនេះ មានគណនីតេឡេក្រាមមួយ ប្រើប្រាស់ឈ្មោះ និងរូបភាពរបស់នាយករដ្ឋមន្រ្ដីកម្ពុជា លោក ហ៊ុន ម៉ាណែត បានធ្វើការឆ្លើយឆ្លងជាមួយនឹងអ្នកប្រើប្រាស់ដទៃទៀត ដោយអះអាង និងលើកឡើងថាលោកកំពុងតែប្រកាសផ្ដល់រង្វាន់ និងថូខិន (Token Coin) ទៅដល់អ្នកគាំទ្រ ដើម្បីជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់លោក។
ការប្រកាសបែបនេះ ក៏ត្រូវបានភ្ជាប់ជាមួយផងដែរ នូវការសួរសំណួរទៅកាន់អ្នកប្រើប្រាស់ ក្នុងករណីប្រសិនបើគាត់មានគណនីកាបូប QFS (QFS Wallet)។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមនៃសារឆ្លើយឆ្លងរវាងគណនីអ្នកប្រើប្រាស់តេឡេក្រាមម្នាក់ ជាមួយគណនីដែលបានប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ហ៊ុន ម៉ាណែត។
(រូបភាពផ្ដាមទី១)

(រូបភាពផ្ដាមទី២)

(រូបភាពផ្ដាមទី៣)

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចោទសួរថា តើនេះគឺជាការពិតឬយ៉ាងណា ហើយចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតតាមរយៈព័ត៌មាន និងការបកស្រាយរបស់នាយករដ្ឋមន្រ្តីកម្ពុជានាពេលចុងក្រោយនេះ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញសារបង្ហោះ និងជូនដំណឹងទៅកាន់សាធារណជនពាក់ព័ន្ធទៅនឹងជនអនាមិក បានបង្កើតគណនីតេឡេក្រាម ដែលមានរូប និងឈ្មោះរបស់លោក។
ការចេញសារជូនដំណឹងមួយនេះ កើតឡើងក្រោយពីមាន រូបភាពផ្ដាមនៃសារឆ្លើយឆ្លងរវាងគណនីអ្នកប្រើប្រាស់តេឡេក្រាមម្នាក់ ជាមួយគណនីដែលបានប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធទៅនឹងការផ្ដល់ជារង្វាន់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន តាមប្រព័ន្ធតេឡេក្រាម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដែលណែនាំសាធារណជន ឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់ការបោកប្រាស់របស់ជនអនាមិក។

គណនីតេឡេក្រាមផ្លូវការ របស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត គឺមានតែ ១ប៉ុណ្ណោះ និងមានសញ្ញាគូសពណ៌ខៀវ (Blue Verification) តាមរយៈតំណភ្ជាប់នៅទីនេះ https://t.me/Dr_Hunmanetofcambodia។
ក្រៅពីបណ្ដាញទំនាក់ទំនងតេឡេក្រាមខាងលើ លោក ហ៊ុន ម៉ាណែត ក៏មានគណនីរបស់ខ្លួននៅលើបណ្ដាញសង្គមផ្លូវការដទៃទៀតផងដែរ ដូចជា៖
- Facebook Page: Hun Manet
- Facebook Page: Samdech Thipadei Hun Manet, Prime Minister of Cambodia
- Instagram: Samdech Thipadei Hun Manet, Prime Minister of Cambodia
- X (Twitter): Samdech Thipadei HUN MANET
- YouTube: Samdech Thipadei HUN MANET
- TikTok: Samdech Thipadei HUN MANET
ដូចគ្នានេះដែរ ក្រុមការងាររបស់ Fact Crescendo Cambodia ក៏ធ្លាប់បានធ្វើការផ្ទៀងផ្ទាត់ទៅលើ ករណីបោកបញ្ឆោតតាមរយៈប្រព័ន្ធអនឡាញផងដែរ កាលពីខែមករាឆ្នាំ២០២៤កន្លងទៅ ដែលទាក់ទងទៅនឹងការផ្ដល់អំណោយដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ១ ៥០០ដុល្លារ នៅតាមបណ្ដាញទំនាក់ទំនងតេឡេក្រាម។ សូមអានព័ត៌មានលម្អិតនៅទីនេះ (archived link)។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា គណនីតេឡេក្រាមដែលមានឈ្មោះ និងរូបរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានប្រកាសផ្ដល់រង្វាន់ទៅដល់អ្នកគាំទ្រនោះ មិនមែនជាការពិតនោះឡើយ។ ការពិតគណនីតេឡេក្រាមផ្លូវការរបស់លោក ហ៊ុន ម៉ាណែត គឺមានតែ ១ប៉ុណ្ណោះ និងមានសញ្ញាគូសពណ៌ខៀវ (Blue Verification)។

Title:គណនីតេឡេក្រាមក្លែងក្លាយប្រើឈ្មោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីឆបោកមហាជន
Fact Check By: Kakada SimResult: Misleading
