ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា នគរបាល​ជាន់​ខ្ពស់​មួយ​រូប​មាន​ដើម​កំណើត​ជា​វៀតណាម

False Political

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ជន​ជាតិ​វៀតណាម​ម្នាក់ ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្តិ​ជា​ឧត្ដមសេនីយ៍​ទោ​នៅ​ក្នុង​ជួរ​នគរបាល​ជាតិ ក្រោយ​ពី​ទទួល​បាន​សញ្ជាតិ​កម្ពុជា​​កាល​ពី ២​ឆ្នាំ​មុន។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែលនាំ​ឱ្យ​មាន​ការ​រិះគន់​ទៅ​លើ​ការ​ដំឡើង​ឋានន្តរ​ស័ក្តិ​បុគ្គល​រូប​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ បាន​អះអាង​ថា បុរស​ជន​ជាតិ​វៀតណាម ត្រូវ​បាន​ដំឡើង​តួនាទី និង​ឋានន្តរ​ស័ក្តិ​រហូត​ដល់​ឧត្ដមសេនីយ៍​ទោ​ផ្កាយ​២​នៅ​ក្នុង​ជួរ​នគរបាល​ជាតិ បន្ទាប់​ពី​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ក្នុង​រយៈ​ពេល​ត្រឹម​តែ ២​ឆ្នាំ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “ចុម​ទើប​បាន​សញ្ជាតូបនិយកម្ម​នៅ​ខែ​មេសា ឆ្នាំ​២០២៣​សោះ បាន​ផ្កាយ​២​ នៃ​នាយ​នគរបាល​ជាន់​ខ្ពស់​បាត់​ទៅ​ហើយ សូម​ខាង​ព្រះបរម​រាជ​វាំង​ពិនិត្យ​មើល​ព្រះរាជ​ក្រឹត្យ​​ដំឡើង​ស័ក្តិ និង​ផ្ដល់​សញ្ជាតិ​ផង តើ​ហេតុអ្វី​ជន​នេះ​ទទទួល​បាន​ស័ក្តិ​នគរបាល​ជាតិ​តាម​របៀប​ណា? តើ​មនុស្ស​ពិត​ទេ?”។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​រិះគន់​ចំពោះ​ដំឡើង​ឋានន្តរ​ស័ក្តិ​ជាន់​ខ្ពស់​ដល់​បុគ្គល​រូប​នេះ​នៅ​ក្នុង​ជួរ​កម្លាំង​នគរបាល​ជាតិ​ផង​ដែរ។

ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ​​ចាប់​តាំង​ពី​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២៥​មក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​សរសេរ​រៀបរាប់​ថា “បុរស​ជន​ជាតិ​វៀតណាម​ម្នាក់ ក្រោយ​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ប្ដូរ​ឈ្មោះ​ថ្មី​ថា ប៊ុន ភក្ដី កំពុង​ពាក់​ផ្កាយ​២​ក្នុង​ជួរ​នគរបាល​ជាតិ​កម្ពុជា”។

Facebook Post | Archived Link

ការ​បង្ហោះ​ចែក​រំលែក​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម បាន​កើត​ឡើង​ បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន DTN7 បាន​បង្ហោះ​នូវ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

នៅ​ក្នុង​សំណេរ​​ (archived) បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម សារព័ត៌មាន DTN7 បាន​បង្ហោះ​រូបថត​នគរបាល​ជាន់​ខ្ពស់​កម្ពុជា​ឈ្មោះ ប៊ុន ភក្ដី និង​រូបថត​នៃ​ព្រះ​រាជ​ក្រឹត្យ​នៃការ​ផ្ដល់​សញ្ជាតិ​កម្ពុជា​ដល់​ជន​ជាតិ​វៀតណាម​ម្នាក់​កាល​ពី​ខែ​មេសា ឆ្នាំ​២០២៣​កន្លង​មក ហើយ​ចោទ​សួរ​ថា តើ​ជា​នាយ​នគរបាល​ជាតិ​កម្ពុជា​រូប​នេះ​ជា​បុរស​ដើម​កំណើត​វៀតណាម ឬ​យ៉ាងណា។

ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា ដែល​បាន​ចោទ​សួរ​រក​ការពិត ហើយ​ខ្លះ​ទៀត​បាន​រិះគន់​ទៅ​ដល់​រាជ​រដ្ឋាភិបាល​ដែល​បាន​ផ្ដល់​សញ្ជាតិ​ដល់​ជន​ជាតិ​វៀតណាម ហើយ​ថែម​ទាំង​ដំឡើង​ឋានន្តរ​ស័ក្តិ​ជាន់​ខ្ពស់​ក្នុង​ជួរ​នគរបាល​ជាតិ​ទៅ​ទៀត។

សម្រាប់​ការ​អះអាង​ដូច​គ្នា ឬ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​រំលែក​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត សូម​ចូល​ទៅ​មើល​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ស្វែង​រក​ការ​បញ្ជាក់​ពី​ស្ថាប័ន​ពាក់​ព័ន្ធ និង​សាមី​ខ្លួន​ផ្ទាល់ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរ​ស្វែង​រក​ការពិត​នេះ Fact Crescendo បាន​ព្យាយាម​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ ប៉ុន្តែ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​នូវ​ការ​បក​ស្រាយ​បំភ្លឺ​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​នៅ​ថ្ងៃ​នេះ ហើយ​ក៏​ងត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

នៅ​ក្នុង​វីដេអូ​បង្ហោះ​ដោយ​ទំព័រហ្វេសប៊ុក​នៃ​សារព័ត៌មាន​ត្រយ៉ងនៅ​រសៀល​ថ្ងៃ​នេះ លោក ទូច សុខៈ អះអាង​ថា លោក ប៊ុន ភក្តី ដែល​ជា​នគរបាល​ជាន់​ខ្ពស់​កម្ពុជា​ពាក់​ផ្កាយ​២​នៅ​លើ​ស្មា​នោះ គឺ​ជា​ជន​ជាតិ​ខ្មែរ​ពី​កំណើត មិន​មែន​ជា​ជន​ជាតិ​វៀតណាម​ចូល​សញ្ជាតិ​កម្ពុជា​នោះ​ឡើយ។

Facebook Post | Archived Link

នៅ​ក្នុង​វីដេអូ​នេះ ឯកសារ​ និង​លិខិត​ជាច្រើន​ដែល​បញ្ជាក់​អត្ត​សញ្ញាណ​របស់​លោក ប៊ុន ភក្ដី ក៏​ត្រូវ​បាន​គេ​បង្ហាញ​ផង​ដែរ ក្នុង​នោះ​អត្តសញ្ញាណប័ណ្ណ​បង្ហាញ​ថា នគរបាល​ជាតិ​ខ្ពស់​រូប​នេះ​ កើត​នៅ​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​១៩៨៦ នៅ​ឯ​ភូមិ​កំពង់ ឃុំ​ព្រះបាទជាន់ជុំ នៃ​ស្រុក​គិរីវង់ ខេត្ត​តាកែវ។

នៅ​ក្នុង​ដំណើរ​ស្វែង​រក​ព័ត៌មាន​ពិត​នេះ Fact Crescendo ក៏​បាន​រក​ឃើញ​គណនី​ហ្វេសប៊ុក​ឈ្មោះ Bun Pheakdey ដែល​បង្ហោះ​ការ​បកស្រាយ​ថា លោក​គឺ​ជា​នាយក​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នគរបាល នៃ​បណ្ឌិត​សភា​នគរបាល​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០២៤​មក។

បើ​តាម​សំណេរ​របស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ ក្រៅ​ពី​បញ្ជាក់​ថា លោក​កើត​នៅ​កម្ពុជា លោក ប៊ុន ភក្ដី ក៏​បាន​ឆ្លង​កាត់​ការ​សិក្សា​គ្រប់​កម្រិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ក្នុង​នោះ​មាន​ទាំង​ការ​សិក្សា​ថ្នាក់​បណ្ឌិតនៅ​បណ្ឌិត​សភា​នគរបាល​កម្ពុជា​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​របស់​លោក ប៊ុន ភក្ដី នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២៥។

Facebook Post | Archived Link

​ព្រះ​រាជ​ក្រឹត្យ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ បង្ហាញ​ថា ជន​ជាតិ​វៀតណាម​ឈ្មោះ ង្វៀន ហ៊ឺវ ធ្វឺន (Nguyen Huu Thuan) កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩២ នៅ​ខេត្ត​ក្វាងណាម (Quang Nam) នៃ​សាធារណរដ្ឋ​សង្គម​និយម​​វៀតណាម បាន​ទទួល​សញ្ជាតិ​ខ្មែរ​(កម្ពុជា)​ចាប់​ពី​ថ្ងៃ​ទី០៨ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា ប៊ុន ភក្ដី។

បើ​យើង​ពិនិត្យ​លើ​ថ្ងៃខែ​ឆ្នាំ​កំណើត​នៃ​ជន​ជាតិ​វៀតណាម​ដែល​ទទួល​បាន​សញ្ជាតិ​កម្ពុជា​នោះ យើង​មើល​ឃើញ​ថា ជន​ជាតិ​វៀតណាម​នេះ កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩២ ពោល​គឺ​ខុស​ពី​ឆ្នាំ​កំណើត​របស់​នគរបាល​ជាតិ​កម្ពុជា លោក ប៊ុន ភក្ដី ដែល​មាន​ឆ្នាំ​កំណើត ០៥ មេសា ឆ្នាំ​១៩៨៦។

ទោះជាយ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ជន​ជាតិ​វៀតណាម​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នេះ​ទេ បើទោះបី​ជា​មាន​ឈ្មោះ​ដូច​គ្នា​ទៅ​នឹង​លោក ប៊ុន ភក្ដី ក៏​ដោយ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​គូស​បញ្ជាក់​ឱ្យ​ពី​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខុស​គ្នា​រវាង​លោក ប៊ុន ភក្ដី ដែល​ជា​នគរបាល​ជាតិ​ជាន់​ខ្ពស់​របស់​កម្ពុជា និង​ជន​ជាតិ​វៀតណាម​ដែល​ទទួល​បាន​សញ្ជាតិ​កម្ពុជា។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instgram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូចដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ឯកសារ និង​លិខិត​ស្នាម​នានា បង្ហាញ​ថា នគរបាល​កម្ពុជា លោក ប៊ុន ភក្ដី មាន​ដើម​កំណើត​ជា​ជន​ជាតិ​ខ្មែរ នៅ​ក្នុង​ស្រុក​គិរីវង់ ខេត្ត​តាកែវ មិន​មែន​ជា​ជន​ជាតិ​វៀតណាម​ដែល​ទទួល​បានសញ្ជាតិ​ខ្មែរ​ទេ។

Avatar

Title:ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា នគរបាល​ជាន់​ខ្ពស់​មួយ​រូប​មាន​ដើម​កំណើត​ជា​វៀតណាម

Written By: Jay Udom  

Result: False

Leave a Reply

Your email address will not be published. Required fields are marked *