នៅក្នុងខែតុលានេះ មហាសេដ្ឋីអាមេរិក លោក Elon Musk និងក្រុមហ៊ុន Tesla របស់លោក បានដាក់បង្ហាញនូវផលិតផលថ្មីៗមួយចំនួនដល់មហាជន។ បន្ទាប់មក ស្រាប់តែមានការអះអាងដ៏ផុសផុលលើបណ្ដាញសង្គមថា លោកបានបង្ហាញជាសាធារណៈនូវយន្តហោះអគ្គិសនីផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាត និងទាក់ទាញបានការជឿតាមរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានជាច្រើនដែលបង្ហោះនៅលើបណ្ដាញសង្គមនៅខែតុលានេះ បាននិយាយថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិក លោក Elon Musk បានដាក់បង្ហាញជាសាធារណៈបច្ចេកវិទ្យាថ្មីៗជាច្រើន ដូចជា យន្តហោះដើរដោយថាមពលអគ្គិសនីនិងរថយន្តដើរដោយថាមពលអគ្គិសនីមានតម្លៃត្រឹមតែ ៥,០០០ដុល្លារជាដើម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “វាបានកើតឡើង៖ Elon Musk បង្ហាញយន្តហោះអគ្គិសនីរបស់ក្រុមហ៊ុន Tesla សូមស្វាគមន៍! […]”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្រៅពីការអះអាងខាងលើនេះ ក៏មានដែរនូវការអះអាងមួយទៀតដែលនិយាយថា ក្រុមហ៊ុន Tesla របស់លោក Elon Musk បានបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីមានតម្លៃត្រឹមតែ ៥,០០០ដុល្លារ ហើយរថយន្តថ្មីនេះឈ្មោះថា INSANE។
បន្ទាប់ពីព័ត៌មានទាំងនេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម មានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានជឿជាក់ថា វាជាការពិត ដោយពួកគេបានកោតសរសើរទៅដល់លោក Elon Musk និងក្រុមហ៊ុនបច្ចេកវិទ្យារបស់លោកថែមទៀតផង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជា បន្ទាប់ពីព័ត៌មាននេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមរួចមក។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើព័ត៌មាននេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានពីប្រភពគួរឱ្យទុកចិត្តនានា និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្ទាល់ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដោយបានស្វែងរកនៅក្នុងប្រព័ន្ធម៉ាស៊ីនរុករក Google Search Engine គ្មានព័ត៌មានពីប្រភពគួរឱ្យទុកចិត្តណាមួយរាយការណ៍អំពីការបញ្ចេញយន្តហោះដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Tesla នោះឡើយនៅក្នុងខែតុលានេះ។
នៅក្នុងខែតុលាក្នុងឆ្នាំនេះ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិក លោក Elon Musk បានបញ្ចេញនូវផលិតផលថ្មីៗមួយចំនួនរបស់ខ្លួន ដូចជា រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ហៅថា Cybercab រថយន្តដឹកអ្នកដំណើរបានដល់ទៅ២០នាក់ ហៅថា Robovan និងមនុស្សយន្តហៅថា Optimus។
ព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីនេះ ត្រូវបានផ្សាយផ្ទាល់នៅលើគណនីបណ្ដាញសង្គម X (អតីត Twitter)របស់ Tesla កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានធំៗនៅជុំវិញពិភពលោកផងដែរ ដូចជា ទូរទស្សន៍ FOX News បណ្ដាញទូរទស្សន៍ CNN របស់អាមេរិក ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC និងទូរទស្សន៍ NBC News ជាដើម។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃសេចក្ដីរាយការណ៍ព័ត៌មានរបស់ NBC News អំពីព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន Tesla កាលពីជាង ២សប្ដាហ៍មុន។
អ្វីដែលថ្មី និងកាន់តែទាក់ទាញមហាជនកាន់តែខ្លាំងនៅខែតុលានេះ គឺជោគជ័យរបស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិករូបនេះនៅក្នុងការសាកល្បងចុះចតដោយជោគជ័យនូវយានចម្លង Starship នៅលើដៃតោងនៃជើងទម្របាញ់គ្រាប់រ៉ុកកែតកាលពីថ្ងៃទី១៣ ខែតុលា។
គ្រាប់រ៉ុកកែតដ៏ធំដែលដើរតួជាអ្នកបាញ់បញ្ជូនយាន Starship ទៅលំហអាកាសនោះ បានវិលត្រឡប់មកលើផ្ទៃផែនដីវិញ ដោយចតលើដៃនៃជើងទម្រសម្រាប់បាញ់គ្រាប់រ៉ុកកែតដ៏ធំនេះ។
អ្នកស្រី Samantha Gross នាយិកានៃគំនិតផ្ដួចផ្ដើមសន្តិសុខថាមពល និងអាកាសធាតុ នៃវិទ្យាស្ថាន Brookings នៅសហរដ្ឋអាមេរិក បានអះអាងថា គំនិតបង្កើតយន្តហោះដើរដោយថាមពលអគ្គិសនី មិនអាចទៅរួចនោះឡើយដោយសារតែយន្តហោះកាន់តែធំ ត្រូវការបំពាក់ដុំផ្ទុកថាមពលអគ្គិសនីកាន់តែធំ ដែលធ្វើឱ្យមានទម្ងន់កាន់តែច្រើនថែមទៀត។
អ្នកស្រីបញ្ជាក់ដូច្នេះនៅក្នុងសេចក្ដីរាយការណ៍ព័ត៌មានមួយរបស់សារព័ត៌មាន Yahoo Finance ចេញផ្សាយកាលពីខែមេសាកន្លងមកនេះ។
ជំនាញរូបនេះ បញ្ជាក់ទៀតថា វាអាចទៅរួចសម្រាប់យានហោះហើរតូចៗដូចដែលគេដាក់ឱ្យដំណើរការ និងប្រើប្រាស់នាពេលសព្វថ្ងៃនេះ ប៉ុន្តែ គំនិតនេះមិនអាចទៅរួចទេសម្រាប់យន្តហោះដឹកជញ្ជូនធុនធំដូចជា Boeing 737 ជាដើមនោះ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងថា ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk បានបង្ហាញយន្តហោះដើរដោយថាមពលអគ្គិសនី និងរថយន្តអគ្គិសនីមានតម្លៃថោកត្រឹមតែ ៥,០០០ដុល្លារនោះ គឺជាព័ត៌មានក្លែងក្លាយ។ គ្មានប្រភពព័ត៌មានគួរឱ្យទុកចិត្តណាមួយ រាយការណ៍ថា ក្រុមហ៊ុន Tesla បានបង្ហាញផលិតផលទាំងនេះនោះឡើយនៅក្នុងខែតុលានេះ។

Title:ព័ត៌មានក្លែងក្លាយថា ក្រុមហ៊ុនរបស់ Elon Musk ទើបបង្ហាញយន្តហោះអគ្គិសនី
Written By: Jay UdomResult: False