បន្ទាប់​ពី​តុលាការ​ចោទ​ប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា និង​បញ្ជូន​បុគ្គល​រូប​ដាក់​ពន្ធនាគារ​ហើយ​នោះ ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​ផ្សាយ​ថា បុរស​សម្លាប់​ស្ត្រី​ជា​ម្ចាស់​បំណុល​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត ប៉ុន្តែ ជន​ដៃ​ដល់ ស្រី ស៊ីណា ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ជាប់​គុក​ពី ១០ ទៅ ១៥​ឆ្នាំ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មហាជន​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​ប្រភព​នានា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា បុរស​ម្នាក់​ដែល​បាន​សម្លាប់​ស្ត្រី​ម្ចាស់​បំណុល​នៅ​ក្នុង​ខេត្ត​កណ្ដាល ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប៉ុន្តែ អតីត​ឧកញ៉ា​ ស្រី ស៊ីណា ដែល​បាន​បាញ់​សម្លាប់​មនុស្ស ២​នាក់ និង​បាញ់​ប្រហារ​មនុស្ស ២​នាក់​ទៀត​ឱ្យ​រង​របួស​នោះ បែរ​ជា​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​ចន្លោះ​ពី ១០ ទៅ ១៥​ឆ្នាំ​វិញ។

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ច្រើន​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ជាង​នេះ​ទៅ​ទៀត ព័ត៌មាន​នេះ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​​រិះគន់​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​មហាជន​កម្ពុជា​ទៅ​លើ​តុលាការ​កម្ពុជា​ផង​ដែរ ក្រោយ​ពី​ដឹង​ពី​របៀប​នៃ​ការ​អនុវត្ត​របស់​តុលាការ​នៅ​លើ​ករណី​ពីរ​នេះ។

ខាង​ក្រោម​នេះ គឺជារូបភាព​ផ្ដាម​ចេញ​​ព័ត៌មាន​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​​មិថុនា ឆ្នាំ​២០២៤ ដែល​​​រៀបរាប់​ថា “មហាជន​នាំ​គ្នា​លើក​ឡើង​ព្រោង​ព្រាត​ថា បុរស​ម្នាក់​ដែល​កាប់​ទៅ​លើ​ស្ត្រី​ជា​មេ​បំណុល​ស្លាប់​នៅ​ខេត្ត​កណ្ដាល តុលាការ​កាត់​ក្ដី​ឱ្យ​ជាប់​គុក​មួយ​ជីវិត បែរ​ជា​អតីត​ឧកញ៉ា​ចិត្ត​ខ្មៅ ស្រី ស៊ីណា បម្រុង​នឹង​បាញ់​សម្លាប់​មនុស្ស​ទាំង​អស់ សម្រេច​ឱ្យ​ជាប់​គុក​ពី ១០ ទៅ ១៥​ឆ្នាំ (អ្វី​ដែល​សំខាន់​គឺ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ទៀត”។

Facebook Post | Archived

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​នាំ​ឱ្យ​មាន​ការ​ចែក​ចាយ​បន្ត​រាប់​រយ​​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការបង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​មាន​សំណេរ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ព័ត៌មាន​ខាង​លើ។

Facebook Post | Archived

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ការ​បង្ហោះ​ព័ត៌មាន​ដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​​មួយ​ទៀតកាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០២៤ ហើយ​ក៏​ត្រូវ​បាន​ចែក​ចាយ​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ដែរ។

Facebook Post | Archived

រូបភាព​ខាង​ក្រោម​នេះ គឺ​ជា​ព័ត៌មាន​ដូច​គ្នា​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក Viral Post Today កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ ហើយ​ទទួល​បាន​ការ​ចែក​ចាយ​បន្ត​ដល់​ទៅ​ជាង ១០០​ដង។

Facebook Post | Archived

ព័ត៌មាន​មួយ​ទៀត​ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ព័ត៌មាន​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ថ្កោលទោស និង​រិះគន់​ប្រព័ន្ធ​តុលាការ​កម្ពុជា បន្ទាប់​ពី​បាន​ឃើញព័ត៌មាន​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​មាន​ន័យ​ដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ ហើយ​ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង​ឯណោះ។

Facebook Post | Archived

សម្រាប់​ព័ត៌មាន​ដូច​គ្នា​នេះ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​មាន​ទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ពិនិត្យ​មើល​ឡើង​វិញ​សំណុំ​រឿង​នីមួយៗ និង​ដំណើរ​វិវត្តន៍​នៃ​ករណី​ទាំង​ពីរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

សំណុំ​រឿង​ឃាតកម្ម​បង្ក​ឡើង​ដោយ ស្រី ស៊ីណា

ករណី​​បាញ់​ប្រហារ​មួយ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ ទៅ​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​លំនៅឋាន​មួយ​នៅ​ខណ្ឌ​ច្បារអំពៅ ដោយ​បាន​សម្លាប់​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ និង​បាញ់​ប្រហារ​បង្ក​ឱ្យ​មនុស្ស ២​នាក់​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០២៤។

ខ្មាន់​កាំភ្លើង​ឈ្មោះ ស្រី ស៊ីណា អាយុ ៥០ឆ្នាំ ដែល​មាន​ងារ​ជា​ឧកញ៉ា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​​ខ្លួន​​បាន​នៅ​ឯ​ជាយ​រាជ​ធានី​ភ្នំពេញ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​អំពើ​បាញ់​ប្រហារ​បាន​កើត​ឡើង។

បន្ទាប់​ពី​ករណី​បាញ់​ប្រហារ​បាន​កើត​ឡើង ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ទូល​ស្នើ​សុំ​ព្រះមហាក្សត្រ​ដក​ហូត​គោរម​ងារ​ “ឧកញ៉ា” ពី​បុគ្គល​រូប​នេះ ហើយ​ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​ដក​ហូត​គោរម​ងារ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា។

ខាង​ក្រោម​នេះ គឺ​ជា​ព្រះ​រាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​គោរមងារ​ “ឧកញ៉ា”​ពី​ ស្រី ស៊ីណា ដែល​ព្រះ​រាជ​ក្រឹត្យ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រហ្វេសប៊ុក​សមាគម​ឧកញ៉ា​កម្ពុជា​កាល​ពីថ្ងៃ​ទី​២០ ខែ​មិថុនា។

Facebook Post | Archived

៦​ថ្ងៃ​ក្រោយ​ការ​បាញ់​ប្រហារ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​ទៅ​លើ​ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ចំនួន ៣​បទ​ល្មើស​ ក្នុង​នោះ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម ចោទ​ពី​បទ​ប៉ុន​ប៉ង​ឃាតកម្ម និង​ចោទ​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ “​ឃាតកម្ម” ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​ឱ្យ​ច្បាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ។

ចំណែក​បទ​ចោទ “ប៉ុនប៉ង​ឃាតកម្ម” សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បញ្ជាក់​ថា ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ប្រឈម​មុខ​នឹង​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​ស្រុង​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ពី​បទ​ចោទ​ប្រកាន់​ទៅ​លើ​ខ្មាន់​កាំភ្លើង ស្រី ស៊ីណា និង​ស្ថាន​ទម្ងន់​ទោស​ទៅ​តាម​បទ​ល្មើស។

Facebook Post | Archived Link

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានសម្រេច​បញ្ជូន​បុគ្គល ស្រី ស៊ីណា ទៅ​ដាក់​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ ហើយ​រូបថត​ដែល​ត្រូវ​បាន​ចុះ​ផ្សាយដោយ​សារព័ត៌មាន​ក្នុង​ស្រុក បង្ហាញ​ថា ខ្មាន់​កាំភ្លើង​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ (ម១) ឬ​ពន្ធនាគារ​ព្រៃស។

ជាង​នេះ​ទៅ​ទៀត ក្រសួង​យុត្តិធម៌​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ដដែល​នោះ ទាក់ទង​នឹង​សំណុំរឿង​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ដោយ​ក្រសួង​បាន​ស្នើ​ទៅ​ស្ថាប័ន​តុលាការ​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ “ត្រឹម​ត្រូវ” និង “​ម៉ឹងម៉ាត់” ដើម្បី​ធានា​ថា ជន​រង​គ្រោះដាច់​ខាត​ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​ត្រឹម​ត្រូវ​តាម​ច្បាប់។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង។

Facebook Post | Archived Link

បន្ទាប់​ពី​តុលាការ​សម្រេច​ចោទ​ប្រកាន់​បែប​នេះ​ទៅ​លើ​ខ្មាន់​កាំភ្លើង​ ស្រី ស៊ីណា ដែល​អាច​ឱ្យ​គាត់​ជាប់​ឃុំ​ចន្លោះ​ពី ១០ ទៅ ១៥​ឆ្នាំនោះ មហាជន​នៅ​លើ​បណ្ដាញ​សង្គម បាន​បញ្ចេញ​ប្រតិកម្ម​របស់​ពួកគេ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ដោយ​ចោទ​ថា ប្រព័ន្ធ​តុលាការ​អនុវត្តមិន​បាន​ត្រឹម​ត្រូវ​ទៅ​លើ​បុគ្គល​រូប​នេះ​ដែល​ធ្លាប់​មាន​គោរម​ងារ​ជា​ឧកញ៉ា។

ដើម្បី​បញ្ជាក់​ប្រាប់​មហាជន​ឱ្យ​បាន​យល់​កាន់​តែ​ច្បាស់​នោះ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​មាន​ឋានៈ​ជា​ឧប​នាយករដ្ឋ​មន្ត្រី​ផង​នោះ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤។

លោក កើត រិទ្ធិ បាន​ថ្លែង​បញ្ជាក់​នៅ​មុខ​ក្រុម​អ្នកសារព័ត៌មាន​ថា ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង ២​ផ្សេង​គ្នា ដែល​សុំ​រឿង​ “ឃាតកម្ម” ​ត្រូវ​ប្រឈម​មុខ​ជាប់​ពន្ធនាគារពី ១០ ទៅ ១៥​ឆ្នាំ ហើយ​សំណុំ​រឿង​ “ប៉ុនប៉ង​ឃាតកម្ម” ត្រូវ​ប្រឈម​មុខ​ជាប់​ទោស​ពី ១០ ទៅ ១៥​ឆ្នាំ​ផង​ដែរ។

បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​យុត្តិធម៌​រូប​នេះ ការ​អនុវត្ត​ទោស​ចំពោះខ្មាន់​កាំភ្លើង ស្រី ស៊ីណា នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សាល​ក្រម​ពីរ​ផ្សេង​គ្នា និង​ត្រូវ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​គ្នា ដោយ​ផ្អែក​តាម​គោលការណ៍ “សម​ទណ្ឌោ” ដែល​ជា​គោលការណ៍​នៃ​ការ​អនុវត្ត​ទោស​ដោយ​ស្មើភាព​គ្នា​ទៅ​លើ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ដូច​គ្នា។

សូម​មើល​​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទាំង​ស្រុង​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ នៅ​ក្នុង​អត្ថបទ “ឧក្រិដ្ឋជន ស្រី ស៊ីណា ត្រូវបានចោទប្រកាន់២សំណុំរឿងផ្សេងគ្នា ដែលក្នុងមួយសំណុំរឿងៗប្រឈមការជាប់ពន្ធនាគារ ១០-១៥ឆ្នាំ ដែលទោសនេះនឹងត្រូវបូកសរុបបញ្ចូលគ្នា”។

Archived Link

ក្រៅ​ពី​អត្ថបទ​សំណេរ​ហើយ​នោះ សារព័ត៌មាន​នេះ​ក៏​បាន​ផ្សាយ​មក​ជាមួយ​នូវ​វីដេអូ​មាន​រយៈ​ពេល​ជិត ៥​នាទី ដែល​បង្ហាញ​លោក កើត រិទ្ធ និយាយ​អំពី​សំណុំ​រឿងចោទ​ប្រកាន់​ទៅ​លើ​ខ្មាន់​កាំភ្លើង ស្រី ស៊ីណា។

សូម​មើល​វីដេអូ​ទាំង​ស្រុង​នៅ​ខាង​ក្រោម​នេះ

Archived Link

ជាង​នេះ​ទៅ​ទៀត រដ្ឋ​មន្ត្រី​យុត្តិធម៌ លោក កើត រិទ្ធ បាន​ប្រកាស​ជំហរ​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង ប្រសិន​បើ​ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ត្រូវ​បាន​កាត់​ឱ្យ​ជាប់​ពន្ធនាគារ ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​ក្រោយ​ការ​អនុវត្ត​ទោស​ត្រឹម​ពីរ​បី​ឆ្នាំ​នោះ។

Archived Link

ដើម្បី​ធានា​ការ​អនុវត្ត​ទោស​ដ៏​តឹង​រឹង និង​ម៉ឹង​ម៉ាត់​ចំពោះ​ករណី​នេះ លោក កើត រិទ្ធ បាន​ប្រកាស​ផង​ដែរ​ថា លោក​នឹង​ស្នើ​ដាក់​ឈ្មោះ​បុគ្គល​នេះ​ទៅ​ក្នុង​បញ្ជី​ “ជន​សាហាវៗ” ដែល​មិន​អាច​ស្នើ​សុំ​ការ​បន្ធូរ​បន្ថយ​ ឬ​​លើក​លែងទោស​បាន​ឡើយ ដើម្បី​ធានា​ការ​អនុវត្ត​ទោស​ឱ្យ​បាន​ធ្ងន់​ធ្ងរ​សាក​សម​នឹង​អំពើ​របស់​បុគ្គល​នេះ។

Archived Link

នៅ​ក្នុង​សន្និសីទ​នោះ រដ្ឋមន្ត្រី​យុត្តិធម៌​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ថា ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ដែល​បាន​បាញ់​សម្លាប់​មនុស្ស ២​នាក់ និង​បាញ់​ប្រហារ​មនុស្ស ២​នាក់​ទៀត​ឱ្យ​រង​របួស​នោះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១០ ទៅ ១៥​ឆ្នាំ​នោះ គឺ​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ តុលាការ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​បុគ្គល ស្រី ស៊ីណា ពី​បទ​រំលោភ​លើ​​លំនៅឋាន​អ្នក​ដទៃ​តាម​មាត្រា២៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី ១​ខែ ទៅ ១​ឆ្នាំ​បន្ថែម​ទៀត បន្ថែម​ទៅ​លើ​បទ​ចោទ​ប្រកាន់​ចំនួន ៣ករណី​រួច​មក​ហើយ​នោះ។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សំណុំ​រឿង​ឃាតកម្ម​សម្លាប់​ម្ចាស់​បំណុល​នៅ​ខេត្ត​កណ្ដាល

ករណី​ឃាតកម្ម​ទៅ​លើ​ស្ត្រី​ម្ចាស់​បំណុល​ម្នាក់ បាន​កើត​ឡើង​នៅ​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា​កន្លង​មក ដោយ​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​កាប់​រហូត​ដល់​ស្លាប់។

បុរស​ម្នាក់​អាយុ ៣២​ឆ្នាំ ដែល​ជា​កូន​បំណុល ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ឯ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បន្ទាប់​ពី​ជន​ដៃ​ដល់​រូប​នេះ បាន​រត់​គេច​ខ្លួន​អស់​រយៈ​ពេល ២​ថ្ងៃ​នេះ។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ (archived)

បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​បាន​ហើយ តុលាការ​ខេត្ត​កណ្ដាល បាន​សម្រេច​ចោទ​ប្រកាន់​ទៅ​លើ​ជន​ដៃ​ដល់​រូប​នេះពី​បទ “ឃាតកម្ម” តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ជា​ឱ្យ​ដាក់​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៤។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ (archived)

បន្ទាប់​ពី​មាន​ការ​ផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ថា ជន​ដៃ​ដល់​នៃ​ឃាតកម្ម​នេះ ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​នោះ អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​បំភ្លឺ​មួយ​ថា ការ​ផ្សាយ​ព័ត៌មាន​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន​ “មិ​នពិត”។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​បញ្ជាក់​បន្ថែម​ថា សំណុំ​រឿង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ “ឃាតកម្ម” ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១០ ទៅ ១៥​ឆ្នាំ ហើយ​ថា សំណុំ​រឿង​នេះ​មិន​ទាន់​ត្រូវបាន​ជំនុំ​ជម្រះ​ ឬ​ចេញ​សាល​ដីកា​ផ្ដន្ទា​ទោស​នៅ​ឡើយ​ទេ។

ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​បំភ្លឺ​ទាំង​ស្រុង​របស់​តុលាការ​ខេត្ត​កណ្ដាល ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៤។

Fresh News’s Report | Archived Link

សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​រាយការណ៍​ព័ត៌មាន​ម្នាក់​ដែល​បង្ហោះ​ព័ត៌មាន​​ “មិន​ពិត”

នៅ​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ រដ្ឋម​ន្ត្រី​យុត្តិធម៌ លោក កើត រិទ្ធ ក៏​បាន​លើក​ឡើង​ពី​ការ​ផ្សាយ​ព័ត៌មាន​អំពី​ករណី​នេះ​ដោយ​មិន​ត្រឹម​ត្រូវ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ចាត់​ទុក​ថា​ជា​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​សាធារណជន​មាន​​ការ​ភ័ន្ត​ច្រឡំ និង​មហាជន​ខឹង​សម្បារ​កាន់​តែ​ខ្លាំង។

ជាង​នេះ​ទៅ​ទៀត រដ្ឋ​មន្ត្រី​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា អ្នកសារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បែប​នេះ កំពុង​ប្រឈម​មុខ​​​បន្ដឹង​តាម​ផ្លូវ​ច្បាប់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច។

Video at minutes 50

https://www.facebook.com/share/v/SDfDekHmpU7C5F8L

Archived Link

សេចក្ដី​រាយការណ៍​មួយ​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ CNC កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឱ្យ​ដឹង​ថា អ្នក​សារព័ត៌មាន​ម្នាក់​​ដែល​ធ្វើ​ការ​នៅ​ស្ថាប័ន​ម្អម​ស្រែ (Ma’orm Sre TV) ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្ដាល​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០២៤។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ អ្នក​សារព័ត៌មាន​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​និយាយ​ថា ជន​ដៃ​ដល់​កាប់​សម្លាប់​ម្ចាស់​បំណុល ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត ប៉ុន្តែ ខ្មាន់​កាំភ្លើង ស្រី ស៊ីណា ដែល​បាញ់​សម្លាប់​មនុស្ស ២​នាក់ និង​បាញ់​ប្រហារ​មនុស្ស ២​នាក់​ទៀត​ឱ្យ​រង​របួស​នោះ បែរ​ជា​មាន​ទោស​ពី ១០ ទៅ ១៥​ឆ្នាំ។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ (archived)

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ តុលាការ​ខេត្ត​កណ្ដាល បាន​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​កាប់​ស្ត្រី​ម្ចាស់​បំណុល​ម្នាក់​ឱ្យ​សម្លាប់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ “ឃាតកម្ម” ដែល​ប្រឈម​មុខ​នឹង​ការ​ចាប់​ពន្ធនាគារ​ពី ១០ ទៅ ១៥​ឆ្នាំ។ ហើយ​សំណុំ​រឿង​នេះ​មិន​ត្រូវ​បាន​ជំនុំ​ជម្រះ​នៅ​ឡើយ​ទេ។ ចំណែក​សំណុំ​រឿង​ឃាតកម្ម​បង្ក​ឡើង​ដោយ ស្រី ស៊ីណា វិញ បុគ្គល​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់ ៤​បទ​ចោទ​ផ្សេង​គ្នា ក្នុង​នោះ​បទ​ចោទ “ឃាតកម្ម” ប្រឈម​មុខ​ជាប់​គុក​ចន្លោះ​ពី ១០ ទៅ ១៥​ឆ្នាំ, បទ​ចោទ “ប៉ុនប៉ង​ឃាតកម្ម” ត្រូវ​មាន​ទោស​ជាប់​គុក​ពី ១០ ទៅ ១៥​ឆ្នាំ បទ​ចោទ “ប្រើ​ប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់” និង​បទ​ចោទ “រំលោភ​លើ​លំនៅឋាន”​អ្នក​ដទៃ។

Avatar

Title:ព័ត៌មាន​មិន​ពិត​ថា ឃាតករ​ពីរ​នាក់​​ប្រឈម​មុខ​ជាប់​គុក​មិន​ស្មើ​ភាព​គ្នា​​ក្រោម​បទ​ចោទ​ឃាតកម្ម​ដូច​គ្នា

Fact Check By: Jay Udom

Result: False