ព័ត៌មាន​មិន​ពិត​​ផ្សាយ​ព្រាត​ថា  Mike Tyson ស្លាប់​ហើយ​​ក្រោយ​ប្រកួត​ទល់ Jake Paul

False International

 

កាល​ពី​សប្ដាហ៍​មុន អតីត​ម្ចាស់​ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់ លោក Mike Tyson បាន​ប្រកួត​ចាញ់​លោក Jake Paul អ្នក​លេង​បណ្ដាញ​សង្គម​ប្រែ​ជា​អ្នក​ប្រដាល់។ បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ល្បី​នោះ​មក ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កីឡាករ​ប្រដាល់​អាមេរិក​រូប​នេះ បាន​ទទួល​មរណភាព​នៅ​ឯ​មន្ទីរ​ពេទ្យ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ផ្សព្វផ្សាយ​ថា អ្នក​ប្រដាល់​ល្បី​ឈ្មោះ លោក Mike Tyson បាន​ទទួល​មរណភាព​ហើយ​នៅ​ឯ​មន្ទីរពេទ្យ​មួយ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​ប្រកួត​របស់​គាត់​ជាមួយ​អ្នក​លេង​បណ្ដាញ​សង្គម Jake Paul ដែល​បាន​ប្រែ​ខ្លួន​ជា​កីឡាករ​ប្រដាល់។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ម៉ៃ ថៃសាន់ គាត់​ស្លាប់​ហើយ មើល​ក្នុង​ខមមិន”។

 

Facebook Post | Archived Link

ការ​អះអាង​ជា​ភាសា​ខ្មែរ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក(archived)​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​បាន​បង្ហាញ​រូបថត​លោក Mike Tyson ដេក​នៅ​លើ​គ្រែ​ពេទ្យ។

ការ​អះអាង​ជា​ភាសា​ខ្មែរ​បែប​នេះ បាន​កើត​ឡើង បន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជា​ភាសា​អង់គ្លេស​ថា អតីត​ម្ចាស់​ជើង​ឯក​៣​ស្ថាប័ន​រូប​នេះ បាន​ទទួល​មរណភាព​នៅ​ឯ​មន្ទីរពេទ្យ​មួយ ក្រោយ​ការ​ប្រកួត​របស់​គាត់​ទល់នឹង Jake Paul កាល​ពី​សប្ដាហ៍​មុន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា “Shocking news: Sad Mike Tyson passed away in hospital after his recent fight, along with his final regret for … See more.”

 

Facebook Post | Archived Link

ពាក្យ​ចចាម​អារាម​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ម្សិល​មិញ ដោយ​ទាក់​ទាញ​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​ជឿ​ថា ព័ត៌មាន​នេះ​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា “Mike Tyson passed away after the Jake Paul fight.” បន្ទាប់​មក​ក៏​មាន​អ្នក​បញ្ចេញ​មតិ​ថា “RIP.” ជា​ពាក្យ​សម្ដែង​មរណភាព​ទុក្ខ​ចំពោះ​នរណា​ម្នាក់។

 

Facebook Post | Archived Link

ការ​អះអាង​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ផុស​ផល​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត ដូចជា X (អតីត Twitter) បណ្ដាញ​សង្គម Instagram និងបណ្ដាញ​សង្គម​ទើប​បង្កើត​ថ្មី​របស់​ក្រុមហ៊ុន Meta ហៅ​ថា Threads។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម X ដែល​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា “Shocking news: R.I.P. Mkie Tyson passed away in hospital after his recent fight, along with his final regret for … see more.”

 

X Tweet | Archived Link

ខាង​ក្រោម​នេះ គឺ​ជារូបភាព​នៃ​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម Threads កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះជាមួយសំណេរ​ជា​ភាសា​អង់គ្លេស​​ដូច​ខាង​លើ​ដែរ។

 

Threads Post | Archived Link

ដោយសារ​តែ​វា​កំពុង​តែ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម គេ​អាច​រក​មើល​ការ​អះអាង​នេះ​តាម​រយៈ​ការ​បង្ហោះ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), និង Link 5 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ល្បី និង​តាម​រយៈ​ការ​ដំណើរការ Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

លោក Mike Tyson អាយុ ៥៨​ឆ្នាំ ស្ថិត​ក្នុង​ចំណោម​កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​នៅ​សហរដ្ឋ​អាមេរិក។ ដោយ​បាន​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​កីឡាការ​ប្រដាល់​ទម្ងន់​ធ្ងន់​ចន្លោះ​ពី​ឆ្នាំ​១៩៨៥ រហូត​ដល់​ឆ្នាំ​២០០៥ លោក​បាន​គ្រប់គ្រង​ខ្សែ​ក្រវ៉ាត់​ ៣​ស្ថាប័ន រួម​មាន​ស្ថាប័ន WBA ស្ថាប័ន WBC និង​ស្ថាប័ន IBF។

ជា​កីឡាករ​ប្រដាល់​ដ៏​មាន​ល្បី​ឈ្មោះ​មួយ​រូប មរណភាព​របស់​គាត់​ប្រាកដ​ជា​សារព័ត៌មាន​ជាច្រើន​ចាប់​អារម្មណ៍​ចុះ​ផ្សាយ​ទាំង​នៅ​សហរដ្ឋ​អាមេរិក និង​ជុំ​វិញ​ពិភព​លោក។

ទោះជាយ៉ាងណា គិត​ត្រឹម​ថ្ងៃ​នេះ យើង​រក​ពុំ​ឃើញ​ទាល់​តែ​សោះ​នូវ​ព័ត៌មាន​បែប​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ធំៗ ដូចជា ទូរទស្សន៍ CNN កាសែត New York Times ឬ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC។

ព័ត៌មាន​ផុស​ផុល​ចុង​ក្រោយ​ទាក់​ទង​នឹង​លោក Mike Tyson ផ្ដោត​សំខាន់​ទៅ​លើ​ការ​ប្រកួត​របស់​លោក​កាល​ពី​សប្ដាហ៍​មុន​ទល់​នឹង​លោក Jake Paul អ្នក​ប្រដាល់​​ដែល​មាន​គម្លាត​អាយុ ៣១​ឆ្នាំ​ពី​គ្នា ហើយ​លោក Mike Tyson បាន​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​នោះ។

ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​សារព័ត៌មាន​ល្បី​ឈ្មោះ​ធំៗ ដូចជា CNN សារព័ត៌មាន USA TODAY និង​ទូរទស្សន៍ Al Jazeera របស់​ប្រទេស​កាតា។

ការ​រុក​រក​ជាមួយ​ឃ្លា​ “Mike Tyson passed away” នៅ​លើ​ប្រព័ន្ធ Google វា​បញ្ជាក់​ច្បាស់​ថា អ្នក​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​រូប​នេះ បាន​និយាយ​ថា លោក​ស្ទើតែ​បាត់​បង់​ជីវិត​កាល​ពី​ប៉ុន្មាន​ខែ​មុន​ដោយសារ​កត្តា​សុខភាព។ ព័ត៌មាន​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ BBC ដោយ​ផ្អែក​តាម​សំណេររបស់​គាត់​នៅ​លើ Instagram។

តាមរយៈ Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​ដែល​បង្ហាញ​ពិធី​បុណ្យ​សព្វ​លោក Mike Tyson នោះ ត្រូវ​បាន​កាត់​ត​ដោយ​ប្រើ​ប្រាស់​រូបថត​នៃ​ហេតុការណ៍​ដ៏​សោក​សៅ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ជាង​នេះ​ទៀត រូបថត​ដទៃ​ទៀត​ដែល​បង្ហាញ​លោក Mike Tyson ដេក​នៅ​លើ​គ្រែ​ពេទ្យ​នោះ សុទ្ធ​តែ​ត្រូវ​បាន​កាត់​ត​ទាំង​អស់។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​នៃ​ពិធី​បុណ្យ​សព​សម្រាប់​គ្រួសារ​មួយ​ដែល​បាត់​បង់​សមាជិក​រហូត​ដល់ ៥​នាក់​នៅ​ក្នុង​គ្រោះ​ថ្នាក់​លិច​លង់​រថយន្ត​មួយ​គ្រឿង​កាល​ពី​ឆ្នាំ​២០១៦ នៅ​ឯ​ប្រទេស​អៀឡង់។

 

Belfast Telegraph | Archived Link

ដោយសារ​តែ​ពាក្យ​ចចាម​អារាម​នេះ​កំពុង​លេច​ធ្លោ​លើ​បណ្ដាញ​សង្គម​នោះ ស្ថាប័ន​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្លែង​ក្លាយ​ដទៃ​ទៀត ក៏​បាន​ត្រួត​ពិនិត្យ​ផង​ដែរ ដូចជា Australian Associated Press (AAP) សារព័ត៌មាន Snopes និង Dubawa

There are many rumors about the deaths of various celebrities, but Fact Crescendo has debunked these claims. Discover our previously debunked stories through the following links:

ការអះអាង ឬ​ពាក្យ​ចចាម​អារាម​នៃ​មរណភាព​របស់​បុគ្គល​ល្បីៗ បាន​កើត​ឡើង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ស្ថាប័ន Fact Crescendo ក៏​បាន​ផ្ទៀង​ផ្ទាត់​ការ​អះអាង​ទាំង​នោះ​ផង​ដែរ។ សម្រាប់​អត្ថបទ​ពី​មុនៗ សូម​ចូល​ទៅ​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instgram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ អតីត​កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ លោក Mike Tyson នៅ​មាន​ជីវិត​នៅ​ឡើយ បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ​លោក Jake Paul កាល​ពី​សប្ដាហ៍​មុន។ បើ​ទោះ​បី​ពាក្យ​ចចាម​អារាម​នេះ​ផុស​ផុល​លើ​បណ្ដាញ​សង្គម ប៉ុន្តែ គ្មាន​អ្វី​មក​បញ្ជាក់​​ពី​មរណភាព​របស់​លោក​ឡើយ។

 

 

 

Avatar

Title:ព័ត៌មាន​មិន​ពិត​​ផ្សាយ​ព្រាត​ថា Mike Tyson ស្លាប់​ហើយ​​ក្រោយ​ប្រកួត​ទល់ Jake Paul

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *