
នៅសល់តែប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិហើយ ដែលឆ្នាំ២០២២នេះ សង្ក្រានចូលឆ្នាំខ្មែរ នឹងធ្វើឡើងវិញ បន្ទាប់ពីប៉ុន្មានឆ្នាំនេះ ប្រទេសកម្ពុជាបានសម្រេចផ្អាកដោយសារតែការរីករាយដាលនៃជំងឺកូវីដ១៩។ ក្នុងចំណោមនេះ វីដេអូឃ្លីបមួយ ប្រកាសដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថានឹងមានការឈប់សម្រាកចំនួន ៥ថ្ងៃ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក និងចែកចាយតៗគ្នាយ៉ាងផុសផុលនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប និងការអះអាងដោយទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Kon Khmer បង្ហោះនូវវីដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណជាង៣៥វិនាទី ដោយបានបង្ហាញនូវទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានអនុម័ត សងថ្ងៃឈប់សម្រាកនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា (៥ថ្ងៃ)។ ទំព័រហ្វេសប៊ុកដដែលនេះ បានភ្ជាប់សំណេរដោយសប្បាយចិត្ត ដែលឆ្នាំនេះ បានឈប់សម្រាកបានយូរថ្ងៃ។
វីដេអូឃ្លីបមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាជាច្រើនពាន់ដងពីសំណាក់ អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «សប្បាយចិត្តណាស់ឆ្នាំនេះ សម្រាកបានយូរ»។
ដូចគ្នានេះវីដេអូឃ្លីបភ្ជាប់ដោយការសរសេរខាងលើ ក៏ត្រូវបានរកឃើញបង្ហោះដោយអ្នកប្រើប្រាស់ដទៃទៀតនៅទីនេះផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ លើវីដេអូនេះតាមរយៈ ការដំណើរការកម្មវិធី ស្វែងរករបស់ក្រុមហ៊ុន Google និងព័ត៌មាននានា ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួនដូចខាងក្រោម។
តាមរយៈគេហទំព័រ Cambodia Daily ផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានបញ្ជាក់ថាប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសឯកភាព ជាផ្លូវការហើយក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃដើម្បីសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ ដែលមិនបានឈប់សម្រាកដោយបញ្ហាវិបត្តិជំងឺកូវីដ១៩។
ខាងក្រោមនេះ គឺជារូបភាពផ្តើមចេញពីគេហទំព័រខាងលើ សរសេររៀបរាប់ថា «រដ្ឋាភិបាលសម្រេចផ្តល់ការឈប់សម្រាក៥ថ្ងៃ ដើម្បីសងជំនួសថ្ងៃបុណ្យចូលឆ្នាំដែលមិនបានឈប់»។

Cambodia Daily News Report | Archived Link
ព័ត៌មានខាងលើ ក៏ត្រូវបានរាយការណ៍ និងផ្សព្វផ្សាយដោយសារព័ត៌មាន Cambodia Daily ផងដែរ។ គេហទំព័រដដែលនេះ បានបញ្ជាក់ថារដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសឲ្យមានការឈប់សម្រាកសងចំនួន ៥ថ្ងៃ ជាការប៉ះប៉ូវសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលមិនបានឈប់សម្រាកដោយបញ្ហាវិបត្តិជំងឺកូវីដ១៩។
Cambodia Daily News Report | Archived Link
ខាងក្រោមនេះ គឺជាវីដេអូរាយការណ៍ព័ត៌មាន ផ្សព្វផ្សាយដោយសារព័ត៌មាន Fresh News កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នៅក្នុងគេហទំព័រ YouTube កន្លងទៅ។
Fresh News Link | Archived Link
ការឈប់សម្រាកនេះ ត្រូវបានសាទរដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែសីហា ផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «រីករាយថ្ងៃឈប់សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាងការឆ្លងជំងឺកូវីដ១៩ សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរជាមួយអ្នកមានអាការៈក្តៅខ្លួន និងផ្លូវដង្ហើម និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល»។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា វីដេអូឃ្លីប បង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ ដោយភ្ជាប់ជាមួយនឹងការសរសេរថា ឆ្នាំនេះ បានឈប់សម្រាកច្រើន គឺធ្វើឲ្យមានការយល់ច្រឡំ។ ការប្រកាសរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អនុញ្ញាតឲ្យមានការឈប់សម្រាក ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧-២១សីហា នោះ គឺត្រូវបានរកឃើញ និងប្រកាសដោយលោកផ្ទាល់តាំងពីឆ្នាំ២០២០មកម្ល៉េះ ក្នុងឱកាសដែលលោកបានបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។

Title:វីដេអូលោក ហ៊ុន សែន ប្រកាសឈប់សម្រាក ៥ថ្ងៃកាលពីឆ្នាំ២០២០ ត្រូវបានចែកចាយជាថ្មី
Fact Check By: Kakada SimResult: Misleading
