
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក ការអះអាងជាច្រើនពាក់ព័ន្ធនឹងវិបត្តិរវាងប្រទេសទាំងពីរ ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្កមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ជាឧទាហរណ៍ វីដេអូមួយ ដែលបង្ហាញលោក ពូទីន ច្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការអះអាងថា មេដឹកនាំរុស្ស៊ីរូបនេះ ចូលរួមប្រឡងចម្រៀង។ វីដេអូនេះ ត្រូវបានបង្ហោះ និងចែករំលែកតាំងពីប៉ុន្មានឆ្នាំមុនម៉្លេះ ហើយក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមឡើងវិញ ក្រោយសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីបានផ្ទុះឡើង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា វីដេអូនេះ ត្រូវបានកាត់តដោយមិនត្រឹមត្រូវ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដែលវីដេអូនោះបង្ហាញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ច្រៀងចម្រៀងមួយបទនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice។
វីដេអូនោះ ក៏បានបង្ហាញឱ្យឃើញគណៈកម្មការភ្ញាក់ផ្អើលផងដែរ បន្ទាប់ពីបានឃើញវត្តមានរបស់លោក ពូទីន នៅក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ។
វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែករហូតដល់ជាង ១,៥០០ដង ហើយមានការបញ្ចេញមតិជិត ១០០ដង ដែលបង្ហាញការជឿជាក់ថា លោក ពូទីន ពិតជាបានឡើងច្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀងនោះមែន។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានផ្ដាមចេញពីទំព័រហ្វេសប៊ុក Fan Entertainment ដែលបានបង្ហោះវីដេអូនោះកាលពីថ្ងៃទី២៩ ខែមីនាកន្លងមកនេះ ជាមួយសំណេររៀបរាប់ថា «លោក ពូទីន ឡើងប្រឡងចម្រៀង»។
វីដេអូដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមតាំងពីឆ្នាំ២០១៥កន្លងមក ដែលមានតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់ផ្សេងទៀតនៅទីនេះផងដែរ ឬក៏តំណភ្ជាប់នៅទីនេះមួយទៀត។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើវីដេអូមួយនេះតាមរយៈ Google Reverse Image Search និងការស្វែងតាមរយៈពាក្យគន្លឹះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
សេចក្ដីរាយការណ៍ព័ត៌មានរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មេដឹកនាំរុស្ស៊ី លោក ពូទីន បានច្រៀងបទចម្រៀងមួយបទមានចំណងជើងថា «Blueberry Hill» នៅក្នុងកម្មវិធីសប្បុរសធម៌មួយធ្វើឡើងនៅទីក្រុង St. Petersburg កាលពីឆ្នាំ២០១០កន្លងមក។ សារព័ត៌មានអង់គ្លេសមួយនេះ ក៏បានចុះផ្សាយផងដែរនូវវីដេអូលោក ពូទីន ច្រៀងនោះ ប៉ុន្តែ មនុស្សមួយចំនួន អាចមើលវីដេអូនោះមិនបាននោះឡើយ។

វីដេអូលោក ពូទីន ច្រៀងចម្រៀង Blueberry Hill នេះ ក៏ត្រូវបានគេដាក់ចូលក្នុង YouTube ផងដែរ ដែលគេអាចចូលទៅទស្សនាបានតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ។ ខាងក្រោមនេះ គឺជាវីដេអូលោក ពូទីន ច្រៀងចម្រៀង Blueberry Hill កាលពីចុងឆ្នាំ២០១០កន្លងមក។
វីដេអូលោក ពូទីន ច្រៀងចម្រៀង Blueberry Hill នេះ ត្រូវបានកាត់តភ្ជាប់ជាមួយវីដេអូមួយចំនួននៃកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice នៅក្នុងប្រទេសរុស្ស៊ី។
វីដេអូផ្នែកខាងដើមចាប់ពីវិនាទី០១រហូតដល់វិនាទី០៥ ត្រូវបានកាត់ចេញពីវីដេអូកម្មវិធីប្រឡងចម្រៀង The Voice Russia ដែលបង្ហាញបេក្ខនារីម្នាក់ចេញច្រៀងនៅលើវេទិកានៅក្នុងវគ្គ Blind Audition។ ខាងក្រោមនេះ គឺជាវីដេអូនៃកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice នៅប្រទេសរុស្ស៊ី ហើយគេអាចមើលវីដេអូដែលត្រូវបានកាត់ចេញនោះ នៅត្រង់នាទី២៩រហូតដល់ចប់។
ចំណែកឯវីដេអូមួយផ្នែកទៀត ដែលបង្ហាញគ្រូបង្វឹក (Coach)មួយរូបបង្ហាញការភ្ញាក់ផ្អើលខ្លាំងក្លានោះ ត្រូវបានកាត់ចេញពីវីដេអូដើមនៃកម្មវិធីប្រឡងចម្រៀង The Voice វគ្គ Blind Audition កាលពីឆ្នាំ២០១២កន្លងមក។ គ្រូបង្វឹករូបនោះ គឺជាតារាចម្រៀងស្រី អ្នកនាង Pelageya Sergeyevna Telegina។ ខាងក្រោមនេះ គឺជាវីដេអូដើមដែលបង្ហាញគ្រូបង្វឹក កញ្ញា Pelageya ចុចជ្រើសរើសយកបេក្ខនារីម្នាក់ដែលច្រៀងនៅវគ្គ Blind Audition ហើយកញ្ញា Pelageya បង្ហាញការភ្ញាក់យ៉ាងខ្លាំងនៅពេលបានឃើញបេក្ខនារីរូបនោះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា វីដេអូដែលបង្ហាញលោក ពូទីន ច្រៀងនៅកម្មវិធី The Voice នោះ មិនពិតនោះឡើយ។ វីដេអូដើម គឺបង្ហាញលោក ពូទីន ច្រៀងចម្រៀងមួយបទមានចំណងជើងថា «Blueberry Hill» នៅក្នុងកម្មវិធីសប្បុរសធម៌មួយកាលពីឆ្នាំ២០១០កន្លងមក។ វីដេអូនេះ ត្រូវបានកាត់បញ្ចូលជាមួយវីដេអូនៃកម្មវិធីប្រឡងចម្រៀង The Voice របស់ប្រទេសរុស្ស៊ី ដែលមិនឃើញវត្តមានលោក ពូទីន ឡើងច្រៀងនៅក្នុងកម្មវិធីនោះឡើយ។

Title:វីដេអូលោក ពូទីន ច្រៀងកាលពីជាង ១០ឆ្នាំ ត្រូវបានកាត់តជាមួយកម្មវិធីប្រឡងចម្រៀង
Fact Check By: Jay UdomResult: Altered
