
បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានតាមមធ្យោបាយយោធាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន រូបថតអតីតបវរកញ្ញាអ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា ដែលកាន់កាំភ្លើង និងស្លៀកពាក់ឯកសណ្ឋានយោធា ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម និងត្រូវបានអះអាងថា នាងបានចូលរួមជាមួយកងទ័ពអ៊ុយក្រែនប្រយុទ្ធនឹងទាហានរុស្ស៊ី ដើម្បីការពារមាតុភូមិរបស់នាង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៦ ខែកុម្ភៈកន្លងមកនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានអះអាងនៅលើបណ្ដាញសង្គមថា បវរកញ្ញាអ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា (Anastasiia Lena) បានចាប់កាន់កាំភ្លើងចូលរួមសមរភូមិជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពឈ្លានពានរុស្ស៊ី។
អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ ក៏បានបង្ហោះរូបថតបវរកញ្ញាអ៊ុយក្រែនរូបនេះដែលស្ថិតក្នុងឯកសណ្ឋានកងទ័ព និងកាន់កាំភ្លើងនៅក្នុងដៃផងដែរ។
រូបថត និងការអះអាងបែបនេះ ត្រូវបានចែករំលែករហូតដល់ជិត ៥ពាន់ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរនៅក្នុងរយៈពេលជាងមួយសប្ដាហ៍មកនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលសរសេររៀបរាប់ថា «បវរកញ្ញាអ៊ុយក្រែនល្ងង់ណាស់ ធ្វើបវរកញ្ញាសុខៗមិនចង់ទេ ចង់មកកាន់កាំភ្លើងធ្វើសង្គ្រាម មនុស្សស្រីមានឧត្ដមគតិគិតរឿងជាតិ រីឯស្រីចោលម្សៀតគិតរឿងប្រុសឈ្មោល មនុស្សស្រីដែលស្អាតមិនមែនស្ថិតនៅលើសម្រស់នោះទេ គឺដួងចិត្ត ជាពិសេសទឹកចិត្តរបស់នាងចំពោះមាតុភូមិដែលមិនអាចកាត់ថ្លៃបាន»។

រូបថតអតីតបវរកញ្ញារូបនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត បង្ហោះនៅលើបណ្ដាញសង្គមផងដែរ ហើយអះអាងដូចគ្នាថា នាងចូលរួមប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើមាតុភូមិរបស់នាង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមដែលធ្វើឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត ដែលរៀបរាប់ថា «បវរកញ្ញាអ៊ុយក្រែនលះបង់សាច់ស្រស់ឈាមស្រស់លើកអាវុធការពារជាតិពិតជាគួរឱ្យគោរពខ្លាំងណាស់»។

ចំណែកឯអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀត បានសរសេររៀបរាប់ថា «បវរកញ្ញាអ៊ុយក្រែន នាង Anastasiia Lenna បានទម្លាក់ម្កុដចុះ ហើយលើកអាវុធឡើងដើម្បីចូលរួមការពារប្រទេសអ៊ុយក្រែន។ អ៊ុយក្រែនមានស្ត្រីចំនួន ៣៦០០០នាក់ កំពុងបម្រើក្នុងជួរកងទ័ព។ #អ៊ុយក្រែន»។

រូបថតរបស់អតីតបវរកញ្ញាអ៊ុយក្រែនរូបនេះ និងការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ ត្រូវបានបង្ហោះ និងចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រង់ធំទៅលើប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលបានរៀបរាប់ខាងលើនេះតាមរយៈការដំណើរការ Yandex reverse image search និងការពិនិត្យមើលទៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អតីតបវរកញ្ញារូបនេះ ដែលនាំឱ្យយើងការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញនាង អាណាស្តាសៀ ឡេនណា កាន់កាំភ្លើងនោះ ត្រូវបានរកឃើញនៅលើគណនី Instagram របស់នាង ដែលបង្ហោះកាលពីថ្ងៃទី២២ ខែកុម្ភៈ ពោលគឺ ២ថ្ងៃមុនរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំចូលឈ្លានពានប្រទេសអ៊ុយក្រែន។
ANASTASIIA LENNA’S INSTAGRAM | ARCHIVED
នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាង អតីតបវរកញ្ញា Miss Grand International របស់ប្រទេសអ៊ុយក្រែនរូបនេះ បានច្រានចោលនូវការអះអាងនេះ ដោយនិយាយថា នាងមិនមែនជាទាហានទេ ហើយនាងគ្រាន់តែជាមនុស្សស្រីធម្មតាម្នាក់ប៉ុណ្ណោះ។
នាង អាណាស្តាសៀ ឡេនណា បានរៀបរាប់បន្តថា នាងគឺជាអ្នកលេងបាញ់កាំភ្លើងខ្យល់(Airsoft)ជាច្រើនឆ្នាំហើយ ហើយរូបថតទាំងអស់ដែលមាននៅក្នុងគណនី Instagram របស់នាង គឺនាងមានបំណងលើកទឹកចិត្តប្រជាជន។
ANASTASSIA LENNA’S INSTAGRAM | ARCHIVED
នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនរបស់នាង យើងបានរកឃើញរូបថតជាច្រើនដែលបង្ហាញនាង អាណាស្តាសៀ ឡេនណា បានស្លៀកពាក់ឯកសណ្ឋានយោធា និងកាន់កាំភ្លើងខ្យល់។ គេអាចមើលរូបថតទាំងនោះបានតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតដែលមាននៅទីនេះផងដែរ។
តើហ្គេមបាញ់កាំភ្លើងខ្យល់ជាអ្វី?
ហ្គេមបាញ់កាំភ្លើងខ្យល់ ឬហៅជាភាសាអង់គ្លេសថា Airsoft គឺជាហ្គេមជាក្រុមដែលលេងបាញ់កាំភ្លើងខ្យល់ដោយប្រើគ្រាប់ជ័រ។ ហ្គេមបែបនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងការបាញ់គ្រាប់ពណ៌(paintball)ផងដែរ។
តើនាង អាណាស្តាសៀ ឡេនណា ជានរណា?
នាង អាណាស្តាសៀ ឡេនណា គឺជាអតីតបវរកញ្ញាអ៊ុយក្រែនសម្រាប់កម្មវិធីប្រកួតសម្រស់អន្តរជាតិមួយឈ្មោះថា Miss Grand International កាលពីឆ្នាំ២០១៥កន្លងមក។
រូបថត និងការអះអាងនេះ ក៏ត្រូវបានក្រុមការងារត្រួតពិនិត្យការពិត Fact Crescendo នៅក្នុងប្រទេសឥណ្ឌា បានផ្ទៀងផ្ទាត់ផងដែរ ហើយគេអាចអានអត្ថបទទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ។
សូមអានបន្ថែម៖ Former Miss Ukraine Anastasia Lenna Has NOT Joined The Ukrainian Army
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ អតីតបវរកញ្ញាអ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា (Anastasiia Lenna) បានច្រានចោលការអះអាងលើបណ្ដាញសង្គម ដែលលើកឡើងថា នាងចូលរួមជាមួយកងទ័ពធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នាង ឡេនណា បញ្ជាក់ថា រូបថតទាំងអស់នៅលើគណនី Instagram របស់នាងដែលបង្ហាញនាងកាន់កាំភ្លើង និងស្លៀកពាក់ឯកសណ្ឋានយោធានោះ គឺជាការចូលរួមលេងហ្គេមបាញ់កាំភ្លើងខ្យល់តែប៉ុណ្ណោះ។

Title:អតីតបវរកញ្ញាអ៊ុយក្រែនបញ្ជាក់ថា នាងមិនបានចូលរួមក្នុងកងទ័ពប្រយុទ្ធនឹងរុស្ស៊ីទេ
Fact Check By: Jay UdomResult: False
