
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា មានការច្របូកច្របល់ដោយមានមនុស្សជាច្រើនបានសម្រុកទិញនាឡិកាដៃ S22។ ការបង្ហោះនេះ ត្រូវបានភ្ជាប់ជាមួយនឹងទិដ្ឋភាពមនុស្សឈរតម្រង់ជួរជាច្រើន នៅក្នុងផ្សារទំនើបមួយកន្លែង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា «Sophear Roth» បានបង្ហោះរូបថតចំនួន ៤សន្លឹក ដោយក្នុងនោះមានមួយសន្លឹក បង្ហាញទិដ្ឋភាពមនុស្សឈរតម្រង់ជួរ នៅក្នុងផ្សារទំនើបមួយកន្លែង។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងសំណេរអះអាងថា នោះគឺជាទិដ្ឋភាព និងហេតុការណ៍ដែលបានកើតឡើងនៅក្នុងផ្សារទំនើបមួយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមនុស្សជាច្រើនកំពុងតែឈររង់ចាំទិញនាឡិកាដៃ S22។
ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកយ៉ាងផុសផុល រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ទិដ្ឋភាពច្របូកច្របល់កើតឡើងនៅមណ្ឌលផ្សារទំនើប មានមនុស្សជាច្រើនសម្រុកទិញនាឡិកាឆ្លាតវៃ S22 បញ្ចុះតម្លៃ 50% 😱»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញឱ្យឃើញមនុស្សច្រើនកុះករនោះ ត្រូវបានរកឃើញ និងបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ H&M ដែលបានបង្ហាញទិដ្ឋភាពមនុស្សជាច្រើននាក់ បានឈរតម្រង់ជួរគ្នា ក្នុងថ្ងៃបើកសម្ពោធហាងសម្លៀកបំពាក់ H&M នៅក្នុងបរិវេណផ្សារទំនើបអ៊ីអន Tan Phu Celadon ក្នុងប្រទេសវៀតណាម ដែលមិនបានជាប់ពាក់ព័ន្ធទៅនឹងការឈរទិញនាឡិកាដៃ S22 នោះឡើយ។ ហាងសម្លៀកបំពាក់ H&M ឬត្រូវបានគេស្គាល់ឈ្មោះពេញថា «Hennes & Mauritz AB» គឺជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់អន្តរជាតិមួយ របស់ប្រទេសស៊ុយអែត។

ដូចគ្នានេះ រូបភាពផ្ដាមមួយទៀត ក៏បានបង្ហោះនៅលើគេហទំព័រទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើបអ៊ីអន Tan Phu Celadon ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩កន្លងទៅផងដែរ។ សារបង្ហោះខាងលើ បានបញ្ជាក់ថា ទិដ្ឋភាពនេះ គឺជាទិដ្ឋភាពមនុស្សឈរតម្រង់ជួរ ក្នុងអំឡុងពេលចាប់ផ្តើមបើកដំណើរការជាផ្លូវការ របស់ហាងលក់សម្លៀកបំពាក់ H&M។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាវៀតណាម ឬប្រែសម្រួលជាភាសាខ្មែរ ដោយមានន័យថា «ទិដ្ឋភាពទូទៅនៃការបើកសម្ពោធផ្លូវការរបស់ហាងសម្លៀកបំពាក់ H&M»។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការលើកឡើងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ការពិតរូបថតបង្ហាញទិដ្ឋភាពមនុស្សឈរតម្រង់ជួរនោះ គឺសិ្ថតនៅផ្សារទំនើបអ៊ីអន Tan Phu Celadon ក្នុងប្រទេសវៀតណាម អំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការហាងលក់សម្លៀកបំពាក់ H&M។

Title:តើនេះគឺជាទិដ្ឋភាពមនុស្សឈរតម្រង់ជួរដើម្បីទិញនាឡិកាដៃមែនដែរឬទេ?
Fact Check By: Kakada SimResult: False
