Fact Check: តើ​ទាំង​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរវត្ត​​អំឡុង​ឆ្នាំ​១៧៦៧​​មែន​ដែរ​ឬ​ទេ​​?

False Social

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​​ស្តី​ពី​ការ​សាង​សង់​ប្រាសាទ​ថ្ម​មួយ​នៅ​ខេត្ត​បុរីរម្យ​​ ប្រទេស​ថៃ​ ដោយ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​កាល​ពី​សប្តាហ៍​មុន​ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ និង​ការ​​ជជែក​វែក​ញែក​​​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​ អំពី​បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចម្លង​រចនាបថ​របស់​ប្រាសាទ​អង្គរ​វត្ត​។

ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​ជា​ច្រើន​​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា ​ត្រូវ​បាន​ថត​ឡើង​នៅ​​ក្នុង​ឆ្នាំ​១៧៦៧​​។

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២១​ មាន​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​ចំនួន​ ៦​សន្លឹក​ទៅ​ក្នុង​ក្រុម​មួយ​មាន​ឈ្មោះ​ថា​ ព័ត៌មាន​២៤​ម៉ោង​ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​​រូប​ថត​នារី​រាំ​របាំ ប្រាសាទ​អង្គរ​វត្ត​ថត​ពី​លើ​ផ្ទៃ​​អាកាស​ ព្រម​ទាំង​រូប​ថត​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រ​យាន​ផង​ដែរ។​​

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដដែល​នេះ​ ក៏​បាន​អះ​អាង​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​​ថា​ ​រូប​ថត​ទាំង​នេះ ​គឺ​ជា​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​១៧៦៧។​

រូប​ថត​ទាំង​ប្រាំ​មួយ​​សន្លឹក​នេះ ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​រៀប​រាប់​ថា​​​ «រូបភាព​កម្រ​ ស៊ែរ​១​ អង្គរ​វត្ត​កាល​ពី​ឆ្នាំ​១៧​៦៧​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​នារី​រាំ​របាំ​ម្នាក់​ឈរ​នៅ​ចំ​ពី​មុខ​ប្រាសាទ​អង្គរ​វត្ត​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Pinterest ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​ដូច​គ្នា​ទាំង​ស្រុង​។​ រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ ដែល​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «We had a chance to uncover a real gold mine of historical 18th and 19th century pictures from Cambodia…» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «យើង​មាន​ឱកាស​ដែល​បាន​ប្រទះ​ និង​រក​ឃើញ​រូប​ថត​ប្រវតិ្ត​សាស្ត្រ​ពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុងសតវត្សទី​១៨​ និង​ទី​១៩​…»។​

Pinterest Link | Archived Link

តាម​រយៈ​គេហទំព័រ ​Siem Reap ក៏​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរ​វត្ត​ពី​លើ​ផ្ទៃ​អាកាស។​ គេហទំព័រ​ដដែល​នេះ​ ក៏​បាន​បញ្ជាក់ថា​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ថត​ផ្តិត​ឡើង​ក្នុង​អំឡុង​​​ឆ្នាំ​១៩២០​ ទៅ​១៩៣០​។​ 

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សំណង់​ប្រាសាទ​អង្គរ​វត្ត​ពី​លើ​ផ្ទៃ​អាកាស​។​

Siem Reap Link | Archived Link

កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មេសា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេស​ប៊ុក ​Khmerism Times បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ស្ត្រី​ជន​បរទេស​ម្នាក់​កំពុង​តែ​អង្គុយ​នៅ​លើ​ទោចក្រ​យាន​ដែល​ថត​នៅ​ចំ​មុខ​ប្រាសាទ​អង្គរ​វត្ត​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ផង​ថា​ ទិដ្ឋ​ភាព​មួយ​នេះ​ គឺ​ថត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៣០។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ដែល​បាន​សរសេរ​រៀបរាប់​ជា​ភាសា​អង់​គ្លេស​ «The first bicycle transportation in front of Angkor wat temple during 1930» ឬ​ប្រែ​ជា​ភាសាខ្មែរ​ថា​ «ការ​ដឹក​ជញ្ជូន​តាម​កង់​ ឬ​ទោចក្រយាន​លើក​ដំបូង​ ដែល​បាន​ថត​ឡើង​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​អំឡុង​ឆ្នាំ​ ១៩៣០​​​​»។

Facebook Post | Archived Link 

តើ​សន្លឹក​រូប​ថត​ដំបូង​បង្អស់​ត្រូវ​បាន​ថត​ឡើង​តាំង​ពី​ឆ្នាំ​ណា​មក​?

សន្លឹក​រូប​ថត​ដំបូង​បង្អស់​ត្រូវ​បាន​រក​ឃើញ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨២៦​ ដែល​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ត្រូវ​បាន​ថត​ឡើង​ដោយ​លោក​ Joseph Nicéphore Niépce។​ លោក​ Joseph Nicéphore Niépce គឺ​ជា​ជន​​ជាតិ​បារាំង​​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​ច្នៃ​ប្រឌិត​ខាងថតរូប និង​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ក្នុង​វិស័យ​មួយ​នេះ​ផង​ដែរ។​ 

រូបភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​សន្លឹក​ដំបូង​បង្អស់ដែល​ត្រូវ​បាន​ថត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៨២៦​។​ 

PetaPixel Link | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​បង្ហោះ​រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។ រូប​ថត​ខាង​លើ​នោះ​ មិន​មែន​ជា​ទិដ្ឋ​ភាព​ដែល​ត្រូវ​បាន​គេ​ថតផ្តិត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៧៦៧​នោះ​ទេ​។​ ការ​ពិត​រូប​ថត​ទាំង​នេះ​​ ត្រូវ​បាន​​​ថត​ផ្តិត​ឡើង​នៅ​អំឡុង​​ឆ្នាំ​១៩២០​ និង​១៩៣០​ ខណៈ​ពេល​ដែល​រូប​ថត​សន្លឹក​ដំបូង​បង្អស់​នៅ​ក្នុង​សកលលោក​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឆ្នាំ​១៨២៦។

Avatar

Title:តើ​ទាំង​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ប្រាសាទ​អង្គរវត្ត​​អំឡុង​ឆ្នាំ​១៧៦៧​​មែន​ដែរ​ឬ​ទេ​​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.