
ខណៈតារាចម្រៀងកម្ពុជា លោក ជុំ លីណូ កំពុងស្ងប់ស្ងាត់បទចម្រៀងថ្មីៗនោះ រូបថត៥សន្លឹកដែលបង្ហាញតារាចម្រៀងរូបនេះត្រូវបាននគរបាលចាប់ខ្លួននោះ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ ការបង្ហោះរូបថតបែបនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះយ៉ាងផុសផុលជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «ភ្លេងមច្ចុរាជ» បានបង្ហោះរូបថតចំនួន៥សន្លឹកដែលបង្ហាញតារាចម្រៀង លោក ជុំ លីណូ ឈរនៅចំកណ្ដាលសមត្ថកិច្ច២រូបដោយដៃរបស់លោកជាប់ខ្នោះផងដែរ។ ទំព័រហ្វេសប៊ុកដដែលនេះ ពុំបានបញ្ជាក់អំពីមូលហេតុ ពេលវេលា និងទីតាំងច្បាស់លាស់នោះឡើយ។
រូបថតដែលបង្ហាញតារាចម្រៀងកម្ពុជារូបនេះជាប់ខ្នោះដៃនោះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះ និងប្រតិកម្មជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «ម្ចាស់បទ: ព្រមឲ្យអូនការ បញ្ជាក់ អត់ដឹងរឿងអីទេ តែឃើញគេផុសដៃជាប់ខ្នោះ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង បង្ហោះកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ បានបង្ហាញនូវរូបថតទិដ្ឋភាពតារាចម្រៀងលោក ជុំ លីណូ រួមជាមួយនឹងកងកម្លាំងសមត្ថកិច្ចអាវុធហត្ថ។
សំណេររបស់លោក ហេង ឡុង នាពេលនោះ បានឱ្យដឹងថា រូបថតទាំងនេះ គឺជាឈុតឆាតសម្ដែងបទចម្រៀងរបស់លោក ជុំ លីណូ នៅក្នុងវីដេអូបទចម្រៀងមួយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើជាមួយសំណេរ «គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានអនុញ្ញាតិឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ថតវីដេអូអប់រំគ្រឿងញៀនរបស់តារាចម្រៀង ជុំ លីណូ»។

រូបថតបង្ហាញទិដ្ឋភាពការចាប់ខ្លួនលោក ជុំ លីណូ នេះ ក៏ធ្លាប់ត្រូវបានផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន Fresh News ផងដែរ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា រូបថតទាំងនោះ គឺជាការថត MV ចម្រៀងមានចំណងជើងថា «ទឹកភ្នែកម្ដាយលើខ្នោះដៃកូន»។

ខាងក្រោមនេះ គឺជាវីដេអូឃ្លីបបទចម្រៀងដែលមានចំណងជើងថា «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» របស់លោក ជុំ លីណូ ដោយត្រូវបានបង្ហោះ និងចែកចាយនៅលើគេហទំព័រ YouTube កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ តារាចម្រៀងកម្ពុជា លោក ជុំ លីណូ មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះឡើយ។ ការពិត រូបថតដែលបង្ហាញតារាចម្រៀង លោក ជុំ លីណូ ត្រូវបានចាប់ខ្លួននោះ គឺជាឈុតឆាកមួយនៅក្នុងបទចម្រៀងរបស់លោកដែលមានចំណងជើងថា «ទឹកភ្នែកម្ដាយស្រក់លើខ្នោះដៃកូន» កាលពីឆ្នាំ២០១៩កន្លងទៅនេះ។

Title:តើតារាចម្រៀងលោក ជុំ លីណូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែនឬ?
Fact Check By: Kakada SimResult: Misleading
