ក្រោយ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត តើ​លោក ប្រាយុទ្ធ លា​ឈប់​ពី​ឆាក​នយោបាយ​មែនឬ?

International Partly False

បន្ទាប់​ពីការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដែល​ចាញ់​ការ​បោះ​ឆ្នោត បាន​សម្រេច​លា​ឈប់​ពី​នយោបាយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​​​មាន​​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន។ ទោះជាយ៉ាងណា Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បាន​ប្រកាស​ទទួល​ស្គាល់​នៃ​ការ​ចាញ់​ការ​បោះ​ឆ្នោត និង​លា​ឈប់​ពី​នយោបាយ​ដោយ​ស្ងៀម​ស្ងាត់។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «លោក ប្រាយុទ្ធ ប្រកាស​ទទួល​ស្គាល់​ខ្លួន​ចាញ់ និង​សុំ​ចូល​និវត្តន៍​ដោយ​ស្ងៀម​ស្ងាត់»។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ។

សូម​មើល​រូបភាព​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​ឈ្មោះ ព័ត៌មាន​ពិត ដែល​បាន​បង្ហោះ​ការ​អះ​អាង​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។

Facebook Post | Archived Link

ដើម្បី​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​អះអាង​ដូច​គ្នា​នេះ ដែលត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ (archived) ​ផង​ដែរ។

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​ព័ត៌មាន​ស្ដី​ពី​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​ដែល​រាយការណ៍​ដោយ​​សារព័ត៌មាន​អន្តរជាតិ។ ជា​លទ្ធផល យើង​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ Reuters គណបក្ស​កាវខ្លៃ (Move Forward Party)​ដឹកនាំដោយ​លោក ភីថា លីមចារ៉ើនរ៉ាត់ (Pita Limjaroenrat) ឈ្នះ​បាន​អាសនៈ ១៥១ នៅ​ក្នុង​ចំណោម​អាសនៈ​សរុប ៥០០​​នៅ​ក្នុង​សភា​ថៃ ដែល​បង្ហាញ​ថា គណបក្ស​មួយ​នេះ​ឈ្នះ​​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ គណបក្ស​រួម​ថៃ​សាង​ឆាត (UTNP)​របស់​នាយករដ្ឋ​មន្ត្រី ប្រាយុទ្ធ ច័ន្ទអូឆា ទទួល​បាន​ត្រឹម​តែ ៣៦​អាសនៈ​តែ​ប៉ុណ្ណោះ ដែល​នេះ​មាន​ន័យ​ថា លោក ប្រាយុទ្ធ បាន​ចាញ់​ការ​បោះ​ឆ្នោត​នេះ។

សេចក្ដី​រាយការណ៍​មួយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ថៃ ThaiPBS បាន​ដក​ស្រង់​សម្ដី​លោក ប្រាយុទ្ធ ដែល​និយាយ​ថា លោក​គោរព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ដែល​នេះ​មាន​ន័យ​ថា លោក​ទទួល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​គណបក្ស​លោក​មិន​ទទួល​សំឡេង​ភាគ​ច្រើន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៣ ​របស់​គេហទំព័រ ThaiPBS ដែល​ជា​ផ្នែក​មួយ​នៃ​ទូរទស្សន៍​ថៃ ThaiPBS។

Thai PBS Link | Archived Link

តើ​លោក ប្រាយុទ្ធ ច័ន្ទអូឆា នឹង​ចូល​លា​ឈប់​ពី​នយោបាយ​ទេ?

បន្ទាប់​ពី​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ សំណួរ​សំខាន់​មួយ​បាន​តម្រង់​ទៅ​លោក ប្រាយុទ្ធ ដែល​ជា​នាយករដ្ឋ​មន្ត្រី​ត្រៀម​ចាក​ចេញ​ពី​តំណែង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ សំណួរ​នោះ ត្រូវ​បាន​ចោទ​សួរ​ថា តើ​លោក ប្រាយុទ្ធ នឹង​លា​ឈប់​ពីនយោបាយ ឬ​ចូល​និវត្តន៍​លែង​ធ្វើ​នយោបាយ​ទៀត​ឬទេ?

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ThaiPBS បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ថា លោក ប្រាយុទ្ធ អាច​នឹង​ចាក​ចេញ​ពី​ឆាក​នយោបាយ​ថៃ បន្ទាប់​ពី​គណបក្ស​រួម​ថៃ​សាង​ឆាត​ពុំ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​តាម​សម្ដី​របស់​លោក ថាណាខន វ៉ាងបុណ្យកងឆាណា (Thanakorn Wanboonkongchana) ដែល​ជា​អនុ​ប្រធាន​គណបក្ស​រួម​ថៃ​សាង​ឆាត។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ(archived)។

ទោះជាយ៉ាងណា ​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​បាងកក ប៉ុស្តិ៍ បានដក​ស្រង់​សម្ដី​របស់​លោក ប្រាយុទ្ធ ដោយ​ផ្ទាល់​ដែល​និយាយ​ថា លោក​នឹង​នៅ​តែ​បន្ត​ធ្វើ​នយោបាយដោយ​កាន់​តំណែង​ជា​អ្នក​យុទ្ធសាស្ត្រ​របស់​គណបក្ស​រួម​ថៃ​សាង​ឆាត។ សូមមើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ(archived)។

Bangkok Post | Archived Link

ទូរទស្សន៍ Channel News Asia (CNA) ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​សិង្ហបុរី បាន​រាយការណ៍​ថា នាយករដ្ឋ​មន្ត្រី​ថៃ​ផុត​អាណត្តិ លោក ប្រាយុទ្ធ មិន​បាន​បញ្ជាក់​ទេ​ថា លោក​នឹង​លា​ឈប់​ពី​នយោបាយ​នោះ បន្ទាប់​ពី​ត្រូវ​បាន​អ្នកសារព័ត៌មាន​សាក​សួរ​អំពី​ចំណុច​នេះ។

YouTube Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​ដោយ​អន្លើ។ លោក ប្រាយុទ្ធ ច័ន្ទអូឆា បាន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដែល​គេ​មើល​ឃើញ​គណបក្ស​រួម​ថៃ​សាង​ឆាត​របស់​លោក​ទទួល​បរាជ័យ។ ទោះជាយ៉ាងណា មិន​ទាន់មាន​ព័ត៌មាន​ផ្លូវការ​ណា​មួយ​បញ្ជាក់​ថា លោក ប្រាយុទ្ធ នឹង​លា​ឈប់​ពី​ឆាក​នយោបាយ​នៅ​ឡើយ​ទេ។

Avatar

Title:ក្រោយ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត តើ​លោក ប្រាយុទ្ធ លា​ឈប់​ពី​ឆាក​នយោបាយ​មែនឬ?

Written By: Kakada Sim 

Result: Partly False

Leave a Reply

Your email address will not be published. Required fields are marked *