ខណៈ​ពេល​ដែល​កីឡា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​ការ​បញ្ចេញ​នូវ​កាយ​វិការ​ ចលនា​ ប្រកួត​ ដើម្បី​បញ្ចេញ​ញើស​ និង​ជាតិ​ពុល​ផ្សេង​ៗ​នៅ​ក្នុង​ខ្លួន​នោះ​ ការ​អះ​អាង​មួយ​បានលើក​ឡើង​យ៉ាង​ព្រោង​ព្រាត​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ចាត់​ទុក​ការ​រួម​ភេទ​ ទៅ​ជា​កី​ឡា​ផ្លូវ​ការ​មួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​ទំព័រ​ហ្វេសប៊ុក​ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia​ រក​ឃើញ​ថា​ ការ​អះអាង​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «Shane Sinclair» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ព័ត៌មាន​មួយ​ ដោយ​បាន​រាយការណ៍​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ក្លាយ​ជា​ប្រទេស​ទី​មួយ​ លើក​ដំបូង​គេ​ ដែល​ដាក់​ចូល​ និង​ចាត់​ទុក​ការ​រួម​ភេទ​ គឺ​ជា​កីឡា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ខ្លួន​។​ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រតិកម្ម​ និង​ចែក​ចាយ​ជា​ច្រើន​ដង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​។​

Facebook Post | Archived Link

ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជា​ច្រើន​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ដែល​បានដាក់​ការ​រួម​ភេទ​ គឺ​ជា​កីឡា​ផ្លូវ​ការ​។​

Facebook Post | Archived Link

ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ផ្សេង​ទៀត​ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link), និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។​

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​ តាម​រយៈ​ការ​បំភ្លឺ​ពី​សហព័ន្ធ​កីឡា​ស៊ុយ​អែត​ និង​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន​អន្ដរជាតិ​ដូច​ខាង​ក្រោម​។​

តាម​រយៈ​គេហទំព័រ​សារព័ត៌​មាន​មួយ​របស់​ប្រទេស​ស៊ុយ​អែត​ Goteborg-Posten ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ បាន​បញ្ជាក់​ថា​ការ​ប្រកួត​រួម​ភេទ​ នឹង​មិន​ត្រូវ​បាន​ដាក់​ចូល​ ឬ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​សហព័ន្ធ​កីឡា​របស់​ជាតិ​ (ប្រទេស​ស៊ុយ​អែត​) នោះ​ឡើយ​។​ ខ្លឹម​សារ​សរសេរ​ដោយ​គេហទំព័រ​សារព័ត៌មាន​ខាង​លើ​មួយ​នេះ​ បាន​​ឱ្យ​ដឹងថា​សហព័ន្ធ​រួម​ភេទ​ស៊ុយអែត​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​មួយ​ នៅ​ក្នុង​សហព័ន្ធ​កីឡា​ជាតិ​របស់​ប្រទេស​ស៊ុយអែត​ តែ​សំណើរ​ស្នើសុំ​មួយ​នេះ​ ត្រូវ​បាន​បដិសេធ​ និង​មិន​ទទួល​ស្គាល់​នោះ​ទេ​។​

Goteborg-Posten News Report | Archived Link

កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters ក៏​បាន​ចុះ​ផ្សាយ​ និង​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ​ថា ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ផុសផុល​ថា​ ប្រទេស​ស៊ុយ​អែត​ បាន​ដាក់​ចូល​ការ​រួម​ភេទ​ជា​កីឡា​ផ្លូវ​ការ​ នោះ​ គឺ​មិន​ពិត​នោះ​ឡើយ។​ អាន​ព័ត៌មាន​លម្អិត​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived)។

ដូច​គ្នា​នេះ​ ករណី​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ ដោយ​ក្រុម​ការងារ​ Fact Crescendo ស្រីលង្កា​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ ដោយ​បាន​រក​ឃើញ​ថា​ ការ​អះអាង​ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​ផង​ដែរ​ ដោយ​ការ​បង្ហោះ​បែប​នេះ​ គឺ​បង្កើត​ឡើង​ក្នុង​គោល​បំណង​លាប​ពណ៌​ប្រទេស​ស៊ុយ​អែត​តែ​ប៉ុណ្ណោះ​។​

Fact Crescendo Sri Lanka | Archived Link

ក្រុម​ការ​ងារ​របស់​ Fact Crescendo ក៏​បាន​ធ្វើ​ការ​ស្នើ​សុំ​បញ្ជាក់​បំភ្លឺ​ករណី​ខាង​លើ​នេះ​ដោយ​ផ្ទាល់​ ទៅ​កាន់​សហព័ន្ធ​កីឡា​ប្រចាំ​ប្រទេស​ស៊ុយ​អែត​ តាម​រយៈ​សារ​អេឡិច​ត្រូនិក​ (Email) ដែល​សហព័ន្ធ​កីឡានៃ​ប្រទេស​មួយ​នេះ​ បា​នបដិសេ​ធ​នូវ​កា​រអះអាង​ខាង​លើ​ ហើយ​បាន​ច្រា​នចោល​ថា​ប្រទេស​ស៊ុយអែត​ និង​មិន​បាន​ចាត់​ទុក​ការ​រួមភេទ គឺ​ជា​កី​ឡាផ្លូ​វការ​មួយ​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ​។

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​បញ្ជាក់​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ (Email) របស់​អ្នក​ស្រី​ Cecilia Lunell ដែល​ជា​អ្ន​កគ្រប់គ្រងគោ​លនយោបាយ​ នៅសហព័ន្ធកី​ឡា​ជាតិ​ប្រទេស​ស៊ុយអែត​។​

Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​បាន​រៀប​រាប់​ដូចខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ តាម​ការ​បំភ្លឺ​របស់​សហព័ន្ធ​កីឡា​នៃ​ប្រទេស​ស៊ុយ​អែត​ បាន​បញ្ជាក់​ថា​​ប្រទេស​ស៊ុយ​អែត​ មិន​បាន​​ដាក់​ការ​រួម​ភេទ​ ទៅ​ជា​ប្រភេទ​កីឡា​ផ្លូវ​ការនៅ​ក្នុង​សហព័ន្ធ​កីឡា​របស់​ខ្លួន​​នោះ​ទេ​។​

Avatar

Title:តើ​ស៊ុយ​អែត​​បាន​ដាក់​បញ្ចូល​ការ​រួម​ភេទ​​ក្នុង​វិញ្ញាសារ​កីឡា​ផ្លូវ​ការ​មុន​ដំបូង​គេ​មែន​ដែរ​ឬ​ទេ​?

Written By: Kakada Sim

Result: Misleading