Fact-Check: ឱសថ​បុរាណ​ចិន​លានហួ ឈីងវ៉េន មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​ទេ

COVID-19 Misleading

ឱសថ​បុរាណ​ចិន ​លៀនហួ ឈីងវ៉េន (Lianhua Qingwen)​ចំនួន ៨៨,០០០​ប្រអប់ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ ដែល​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ឡើ​នៅ​ទីស្ដីការ​ក្រសួង​សុខាភិបាល​រវាង​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian)។ ឱសថ​បុរាណ​ចិន​នេះ ត្រូវ​បាន​ផ្ដល់​ដោយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា ក្រោម​ទម្រង់​ជា​ជំនួយ​សម្រាប់​ចូល​រួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ចំ​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ។

ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​អំពី​ពិធី​ប្រគល់ និង​ទទួល​ឱសថ​បុរាណ​នេះ មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា វា​គឺ​ជា​ឱសថ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រាប់​រយ​ដង​យ៉ាង​ឆាប់​រហ័ស និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​ផង​ដែរ។ ទោះជាយ៉ាងណា ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ផង​ដែរ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ ការ​អះ​អាង​លើ​ទំព័រ​ហ្វេសប៊ុក​​មួយ បាន​និយាយ​ថា ឱសថ​បុរាណ​ចិន លានហួ ឈីងវ៉េន (Lianhua Qingwen ឬ LHQW) គឺ​ជា​គ្រាប់​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ ៤​សន្លឹក ក្នុង​នោះ​រូបថត ២​សន្លឹក បង្ហាញ​ពី​គ្រាប់ និង​ប្រអប់​ឱសថ​នោះ​ដោយ​មាន​ការ​សរសេរ​ថា «ថ្នាំ​ព្យាបាល​កូវីដ១៩»។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ការ​អះ​អាង​នោះ រៀបរាប់​ថា «ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អនុញ្ញាតឱ្យ​ចុះ​បញ្ជី​ប្រើ​ឱសថ​បុរាណ​ចិន​ឈ្មោះ Lianhua Qingwen។ ថ្នាំ​នេះគេ​ផ្សំ​ពី​រុក្ខជាតិ​ជាង ១០​មុខ»។

«តាម​បទពិសោធន៍​នៅ​ចិន និង​ប្រទេស​មួយ​ចំនួន​ទៀត គេ​អះ​អាង​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ជា​កាត់​បន្ថយ​ក្អក ក្ដៅ​ខ្លួន និង​អស់​កម្លាំង ដែល​ជា​រោគ​សញ្ញា​ដំបូង ឬ​រោគ​សញ្ញា​កម្រិត​ស្រាល​របស់​កូវីដ​១៩។ ទោះជាយ៉ាងណា​ក៏ដោយ អ្នក​ជំនាញ​របស់​ក្រសួង​សុខាភិបាល​គួរ​តែ​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ជូន​ប្រជា​ពលរដ្ឋ​ទាក់​ទង​បទ​ពិសោធន៍​កន្លង​មក​អំពី​ប្រសិទ្ធភាព និង​ធ្វើការ​តាម​ដាន​លើ​ប្រសិទ្ធភាព​ថ្នាំ​នេះ​ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ១៩​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​បាន​បទពិសោធន៍​ជាក់​ស្ដែង​បន្ថែម​»។

រយៈ​ពេល ៤​ម៉ោង​ក្រោយ​ការ​បង្ហោះ​នូវ​ការ​អះ​អាង​បែប​នេះ រូបថត​មួយ​ដែល​មាន​សរសេរ​ថា​«ថ្នាំ​ព្យាបាល​កូវីដ១៩» ត្រូវ​បាន​ដក​ចេញ​វិញ ហើយ​នៅ​សល់​ត្រឹម​តែ​រូបថត ៣​សន្លឹក​ប៉ុណ្ណោះ រួមមាន​រូបថត​បង្ហាញ​ការ​ប្រគល់-​ទទួល​ឱសថ និង​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ពិធី​នោះ និង​រូបថត​ប្រអប់ និង​គ្រាប់​ថ្នាំ​​លៀនហួ ឈីងវ៉េន។

ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​រហូត​ជិត​ដល់ ៥០០​នាក់​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​បី​ម៉ោង​ក្រោយ​ការ​បង្ហោះ​ព័ត៌មាន​បែប​នេះ ហើយ​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន បាន​សាក​សួរ​ព័ត៌មាន​បន្ថែម​ដើម្បី​ស្វែង​រក​ទិញ​ឱសថ​នេះ​ថែម​ទៀត​ផង។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ស្វែង​រក​ការ​បក​ស្រាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ការ​ត្រួត​ពិនិត្យ​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​លើ​ឱសថ​បុរាណ​ចិន​មួយ​ប្រភេទ​នេះ ដែល​ចេញ​ផ្សាយ​​ដោយ​ព្រឹត្តិប័ត្រព័ត៌មាន​​សិក្សា​ឱសថ​សាស្ត្រ។ យើង​ទទួល​បាន​ការ​បក​ស្រាយ និង​ព័ត៌មាន​លម្អិត​អំពី​ឱសថ​នេះ​ដូច​ខាង​ក្រោម​នេះ៖

ឆ្លើយ​តប​នឹង​សំណួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា អ្នកស្រី ​ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ឱសថ​បុរាណ​ចិន​មួយ​នេះ គ្រាន់​តែ​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​ដូច​ឱសថ​បុរាណ​ដទៃ​ទៀត​ដែរ ហើយ​អ្នកស្រី​បញ្ជាក់​បន្ថែម​ថា គ្មាន​សេចក្ដីណែនាំ​ឱ្យ​ប្រើ​ឱសថ​នេះ​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩​នោះ​ឡើយ។

អ្នកស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍​ថា​ «ថ្នាំ​ហ្នឹង​ជា​ប្រភេទ​ឱសថ​បុរាណ​ចិន ដែល​មិន​មាន​ដាក់​ថា ព្យាបាល​កូវីដ​ជា​នោះ​ទេ។ ក្រសួង​សុខាភិបាល​ទទួល​ស្គាល់​នេះ គឺ​របៀប​ដូច​ជា​ថ្នាំ​ឱសថ​បុរាណ​ផ្សេងៗ​ទៀត​ដែល​តែង​តែ​មក​ចុះ​បញ្ជីការ​នៅ​នឹង​ក្រសួង​សុខាភិបាល​»។

អ្នក​នាំ​ពាក្យ​រូប​នេះ មាន​ប្រសាសន៍​បន្ត​ថា​ «អ៊ីចឹង ឱសថ​ហ្នឹង គឺ​ជា​ឱសថ​បុរាណ​ចិន ហើយ​នៅ​ក្នុង​វិញ្ញាប័ណ្ណ​ប័ត្រ​ទទួល​ស្គាល់​ចុះ​បញ្ជីការ​នេះ ក៏​អត់​មាន​ដាក់​ថា ព្យាបាល​ជំងឺ​កូវីដ-១៩​ជា​ដែរ។ អ៊ីចឹង ខ្ញុំ​សូម​បញ្ជាក់​ត្រង់​កន្លែង​ហ្នឹង​»។

លានហួ ឈីងវ៉េន គឺ​ជា​ផលិត​ផល​ឱសថ​បុរាណ​ចិន​ (traditional medicine product -TMP) ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Yiling Pharmaceutical។ គ្រាប់​ឱសថ​បុរាណ​ចិន​នេះ ត្រូវ​បាន​រដ្ឋបាល​ជាតិ​ឱសថ​បុរាណ​ចិន «ទទួល​ស្គាល់​ជា​​ឱសថ​ស្ដង់ដារ​របស់​ចិន​សម្រាប់​ព្យាបាល​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណាប្រភេទ​ថ្មី»។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ចិន CGTN ក្រៅ​ពី​ប្រទេស​ចិន​ផ្ទាល់ ឱសថ​បុរាណ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​កម្រិត​ស្រាល និង​មធ្យម​ដោយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដូចជា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ឡាវ និង​ហ្វីលីពីន។

ប៉ុន្តែ ក្រសួង​សុខាភិបាល​របស់​ហ្វីលីពីន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ដើម​ខែ​មេសា​នេះថា ឱសថ​បុរាណ​មួយ​នេះ មិន​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ឱសថ​ព្យាបាល​​ជំងឺ​កូវីដ-១៩​នោះ​ឡើយ។

ទោះជាយ៉ាងណា ឱសថ​បុរាណ​ចិន​មួយ​ប្រភេទ​នេះ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ប្រទេស​ណា​មួយ​ថា ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​នោះ​ឡើយ។

ការ​សិក្សា​របស់​ក្រុម​អ្នក​ជំនាញ​ឱសថសាស្ត្រ​របស់​ចិន​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន បាន​បង្ហាញ​ថា ឱសថ​បុរាណ​ចិន លានហួ ឈីងវ៉េន មាន​អត្ថប្រយោជន៍​​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ ដោយ​បូករួម​ទាំង​ការ​ព្យាបាល​លក្ខណៈ​ធម្មតា គ្រាប់​ឱសថ​បុរាណ​ចិន​នេះ អាច​ជួយ​​សុខភាព​អ្នក​ជំងឺ​កូវីដ-១៩​​ឱ្យ​បាន​ប្រសើរ​ឡើង។

ScientDirect Journal | Archived Link

ចំណែក​ឯ​ការ​សិក្សា​មួយ​ទៀតកាល​ពី​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា ឱសថ​បុរាណ​ចិន​លានហួន ឈីងវ៉េន នេះ មាន​ប្រសិទ្ធ​ក្នុង​ការ​ព្យាបាល​រោគ​សញ្ញា​គ្រុន​ផ្ដាសាយ ដូចជា​ បំបាត់​ការ​ឈឺ​ក្បាល ឈឺ​បំពង់​ក ក្អក ការ​ឈឺ​ចាប់​សាច់​ដុំ ភាព​នឿយ​ហត់ និង​ក្ដៅ​ខ្លួន។

PubMed | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​ថា ឱសថ​បុរាណ​ចិន ​លានហួ ឈីងវ៉េន គឺ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រសួង​សុខាភិបាល​កម្ពុជា គ្រាន់​តែ​ចុះ​បញ្ជី​ទទួល​ស្គាល់​ឱសថ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ហើយ​គ្មាន​សេចក្ដី​ណែនាំ​ឱ្យ​ប្រើ​ឱសថ​នេះ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​នោះ។ ការ​សិក្សា​ពី​ប្រសិទ្ធភាព​នៃ​ឱសថ​បុរាណ​ចិន​នេះ បង្ហាញ​ថា វា​មាន​ប្រសិទ្ធ​ក្នុង​ការ​ព្យាបាល​រោគ​សញ្ញា​គ្រុន​ផ្ដាសាយ ដូចជា​ បំបាត់​ការ​ឈឺ​ក្បាល ឈឺ​បំពង់​ក ក្អក ការ​ឈឺ​ចាប់​សាច់​ដុំ ភាព​នឿយ​ហត់ និង​ក្ដៅ​ខ្លួន។

Avatar

Title:ឱសថ​បុរាណ​ចិន​លានហួ ឈីងវ៉េន មិន​មែន​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​ទេ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.