Fact Check: តើ​នេះ​ពិត​ជាគម្រោង​អាកាស​យាន​ដ្ឋាន​សៀម​រាប​ថ្មី​​​មែន​ឬ​​?​

False Social

សំណង់​ធំៗ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​នៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា ដូចជា​រាជ​ធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ដែល​ជា​មណ្ឌល​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​។​ ​​​រូបថត និង​រូបភាព​នៃ​សំណង់​ថ្មីៗ​ទាំង​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជារឿយៗ​។ ក្នុង​ចំណោម​នោះ រូបភាព​ចំនួន​បួន​​សន្លឹក​​នៃទិដ្ឋ​ភាព​ព្រ​លាន​​យន្តហោះ​មួយ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជាគម្រោង​​ព្រ​លាន​​យន្តហោះសៀម​រាប​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​២៤​​​​​​​ ខែ​​ឧ​សភា​​​​ ឆ្នាំ​​២០២០​​​កន្លង​​ទៅ​​​​នេះ​​ ​​​មាន​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​​ ​​​​​​បង្ហោះ​​រូប​​ភាព​​​ចំនួន​បួន​​​សន្លឹកដែល​​​​បាន​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​ភាព​ព្រ​លាន​​យន្តហោះ​មួយ​កន្លែង​​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​អះ​អាង​នៅ​ក្នុង​សារ ​បង្ហោះ​របស់​ខ្លួន​ផង​ដែរ​ថា​​នេះ ​គឺ​ជា​ទិដ្ឋ​ភាពគម្រោង​​ព្រ​លាន​​យន្តហោះសៀម​រាប​ថ្មី​។​

ការ​អះ​អាង​បែប​នេះ ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​រួម​​ជាមួយ​នឹង​​ការបញ្ជេញ​មតិ​ចម្រុះ​​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសាអង់​គ្លេស​​​​ថា​​ «Beside the New Phnom Penh International Airport, Cambodia currently is being built other three airports in Koh Kong Province, Sihanoukville and the world-famous tourist attractions Siem Reap Angkor. Here is a new design of New Siem Reap International Airport scheduled to be fully completed on March 14, 2023​​​» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា ​«ក្រៅ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ កម្ពុជា​បច្ចុប្បន្ន​បាន​នឹង​កំពុង​សាងសង់​ព្រលាន​យន្តហោះ​ចំនួន​ ៣​ កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​កោះកុង​ ខេត្ត​ព្រះ​សីហនុ​ និងក្នុង​ខេត្ត​សៀម​រាប​អង្គរ​។ ទាំង​នេះ​គឺ​ជា​ការ​រចនាបថ​​ថ្មី​នៃ​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ ដែល​គ្រោង​នឹង​បញ្ចប់​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​»​។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ភាព​អះ​អាង​ខាង​លើ​​​​​តាមរយៈ​​​ ការ​ស្វែង​រក​ព័ត៌មាន​​ទាក់​ទង​ទៅ​នឹងការ​សាង​សង់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ដែល​​​នាំ​​ឱ្យ​យើង​​រក​ឃើញ​​ប្រភព​មួយ​ចំនួន​​ដូច​ខាង​ក្រោម​។

តាម​រយៈ​សារ​បង្ហោះ​របស់​ទំព័រ​ហ្វេស​ប៊ុក​ រដ្ឋ​លេខា​ធិការដ្ឋាន​អាកាស​ចរ​សុីវិល​​ State Secretariat of Civil Aviation កាល​ពី​ថ្ងៃ​​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២០​​នេះ​ បាន​ផ្សព្វ​ផ្សាយ​ជូន​សាធារណៈ​អំពី​វឌ្ឍន​ភាព​ការងារ​នៃ​ការ​សាង​សង់​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​។ ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​លោក​ ម៉ៅ​ ហាវណ្ណាល់​ ដែល​ជា​រដ្ឋ​លេខា​ធិការ​ នៃ​រដ្ឋ​លេខា​ធិ​ការ​ដ្ឋាន​អាកាស​ចរ​ស៊ីវិល​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ដែល​បាន​សរសេរ​រៀប​រាប់​​ជា​ភាសា​ខ្មែរ​​ថា «ឯកឧត្តម​ នាយ​ឧត្តម​ សេនីយ៍​បណ្ឌិត​ ម៉ៅ​ ហាវណ្ណាល់​ រដ្ឋមន្រ្តី​​ចុះ​ត្រួត​ពិនិត្យ​​ការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​ (AIAI) ដែល​នឹង​បញ្ចប់​ការ​សាងសង់​រួច​រាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០២៣​​ខាង​មុខ​!»។

Facebook Post | Archived Link 

រូប​ភាព​គម្រោង​អាកាស​យាន​ដ្ឋាន​ថ្មី​នេះ ​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វផ្សាយ​ផង​ដែរ​​នៅ​ក្នុងគេហ​ទំព័រ​​សារព័ត៌មាន​​កោះ​សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​មេសា​ ឆ្នាំ​២០១៩​មក​ម្ល៉េះ​​។ ​សេចក្តី​រាយការណ៍​មួយ​នេះ​ ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ​​គម្រោង​​សាង​សង់​​អាកាស​យាន​ដ្ឋាន​​​សៀម​រាប​ថ្មី​​ នឹង​​ត្រូវ​​សាង​សង់​​នៅ​​លើ​​ទីតាំង​​​ជាប់​​​ព្រំ​ប្រទល់​​ស្រុក​​បី​ គឺ​​ស្រុក​​សូទ្រ​និគម​ ស្រុក​​ជី​ក្រែង​ និង​​ស្រុក​​ស្វាយ​​លើ​ ដែល​មាន​​ផ្ទៃ​ដី​​ទំហំ​ ៧០០​ហិ​កតា​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌​មាន​ កោះ​សនិ្ត​ភាព​ ដែល​បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសា​ខ្មែរ​​ថា «គម្រោង​​សាង​សង់​​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​សៀមរាប​​អង្គរ​​លំដាប់​​ថ្នា​ក់​ទី​ 4E​ គ្រោង​​នឹង​​ដាក់​​ឲ្យ​ដំណើ​រ​ការ​​ហើយ​​»។

Kohsantepheap Daily Report | Archived Link

សេចក្តី​រាយការណ៍​មួយផ្សេង​​ទៀត​ ក៏​បាន​បង្ហោះ​រូបភាព​គម្រោង​ផង​ដែរ​​​​​​កាល​ពី​​ថ្ងៃ​ទី​១២​​ ខែ​ឧសភា​​ ឆ្នាំ​២០២១ថ្មី​ៗ​​​នេះ​​ ​​​អំពីទិដ្ឋ​ភាព​ការ​ដ្ឋាន​សាង​សង់​អាកាស​យាន​ដ្ឋាន​សៀុមរាប​ថ្មីដោយ​បាន​លើក​ឡើង​បន្ថែម​ថា ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​លើ​គម្រោង​ព្រលាន​ថ្មី​ ប្ដេជ្ញា​ថា​នឹង​ពន្លឿន​ការ​សាង​សង់​គម្រោង​ព្រលាន​យន្ត​ហោះ​សៀម​រាប​ថ្មី ​ឲ្យ​សម្រេច​បាន​ ៦៧%​ ក្នុង​ឆ្នាំ​ ២០២១​​​។​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ Construction​ Property Report ដែល​បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសា​ខ្មែរ​​ថា «ការ​ដ្ឋាន​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀម​រាប​ថ្មី​សម្រេច​បាន​ ៤២%​ ហើយ​​»។

Construction​ Property Report | Archived Link

​Fact Crescendo Cambodia ក៏​បានរក​ឃើញផង​ដែរ​នូវ​ព័ត៌​មាន​​​​ទាក់​ទង​ទៅ​នឹង​អាកាស​យាន​ដ្ឋាន​សៀមរាប​-អង្គរ​​​ថ្មី​នេះ​ ដែល​បាន​បង្ហោះ​ជា​សាធារណៈ​ ដោយ​ទំព័រ​ហ្វេស​ប៊ុក​​ក្រសួង​ព័ត៌​មាន​ កាល​ពីថ្ងៃ​ទី​​០៨​ ខែ​កុម្ភៈ​ កន្លង​ទៅ​។ ក្នុង​សេចក្តី​រាយ​ការណ៍​ជា​វីដេអូ​នេះ​ បាន​លើកឡើង​ថា​​អាកាស​យាន​ដ្ឋាន​សៀមរាបថ្មី​នឹង​សាង​សង់​រួច​រាល់​ទៅ​តាម​ ការ​គ្រោង​ទុក​ក្នុង​ខែ​មីនា​ ឆ្នាំ​២០២៣​ខាង​មុខ​នេះ។​

រូប​​ភាព​​ផ្ដាម​​ចេញ​​ពីទំព័រ​ហ្វេស​ប៊ុក​ ក្រសួង​ព័ត៌​មាន​​ ដែល​បាន​រៀប​រាប់ជា​ភាសា​ខ្មែរ​​ថា​«អភិបាល​ខេត្ត​សៀមរាប​ ចុះ​ស្វែង​យល់​ អំពី​វឌ្ឍនភាព​អាកាស​យាន​ដ្ឋាន​សៀមរាប​-អង្គរ​​»​។​​

Facebook Post | Archived Link

ប្រសិន​បើ​​យើង​ធ្វើ​ការ​ប្រៀប​ធៀបទន្ទឹម​គ្នា​រវាង​​​រូប​ភាព​គម្រោង​ដែល​​អ្នក​ប្រើ​បាន​អះ​អាង​ខាង​លើ​ ទៅ​នឹង​រូប​ភាព​គម្រោង​ជាក់​ស្តែង​ដែល​បាន​នឹង​កំពុង​សាង​សង់​នោះ​ យើង​នឹង​ឃើញ​ថា​ទម្រង់​ និង​សណ្ឋាន​រចនា​បថ​ទាំង​មូល​នៃ​គម្រោង​នេះ​ គឺ​មិន​ដូច​គ្នា​នោះ​ឡើយ​។

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ភាព​ប៉ុន្មាន​​​សន្លឹកខាង​លើ​​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាពគម្រោង​សាង​សង់​​​ព្រ​លាន​​យន្តហោះសៀម​រាប​ថ្មី​នោះ​ទេ​​។ ​​គម្រោង​សាង​សង់​​អាកាស​យាន​ដ្ឋាន​សៀមរាបថ្មី​ គឺ​មិន​មាន​រចនា​បថ​ដូច​ទៅ​នឹង​រូប​ភាព​ដែល​បាន​អះ​អាង​នោះ​ទេ​​​។

Avatar

Title:តើ​នេះ​ពិត​ជាគម្រោង​អាកាស​យាន​ដ្ឋាន​សៀម​រាប​ថ្មី​​​មែន​ឬ​​?​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.