តើ​រូបថត​នេះ​ជា​រូបថត​គូ​ស្នេហ៍​មួយ​គូ​ដែល​ថត​ Pre-Wedding ជាមួយ​ពស់​វែក​មែន​ឬទេ?

Misleading Social

រូបថតមួយ​សន្លឹក​ដែល​បង្ហាញ​​សព​មនុស្ស ២​នាក់​គ្រប​ដោយ​កំណាត់​ស ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត​គូ​ស្នេហ៍​មួយ​គូ​ថត​រូប Pre-wedding ជាមួយ​ពស់​វែក​មួយ​ក្បាល។ រូបថត​សព​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​សព​គូ​ស្នេហ៍​មួយ​គូ​នោះ ដែល​បាន​ស្លាប់​ដោយសារ​ពស់​ចឹក បន្ទាប់​ពី​ថត​ Pre-wedding ជា​មួយ​សត្វ​អាសេរ្ពិស​នោះ។ រូបថត​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការអះ​អាង​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ខែ​សីហា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សព​ត្រូវ​បាន​គេ​គ្រប​កំណាត់​ស​​នៅ​ក្នុង​បន្ទប់​មួយនោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​រូបថត ៣​សន្លឹក​ទៀត ដែល​បង្ហាញ​គូ​ស្នេហ៍​មួយ​គូ​ថត​រូប pre-wedding ជាមួយ​សត្វ​ពស់។

រូបថត​មួយ​សន្លឹក​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​អះ​អាង​ថា ជា​សព​គូ​ស្នេហ៍​មួយ​គូ​នោះ បន្ទាប់​ពី​ពួកគេ​បាន​ថត​រូប​ជាមួយ​ពស់​វែក​ដ៏​មាន​ពិស។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក្នុង​នោះ​មាន​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់​ថា «ងាប់​ណា កុំ​ជោ លំដាប់​ផុត​លេខ(ប្ដី​ប្រពន្ធ​ពីរ​អ្នក​ត្រូវ​បាន​ស្លាប់)»។

Facebook Post | Archived Link

រូបថត​ទាំង ៥​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​នៅ​ក្នុង​តំណ​ភ្ជាប់​នៅ​ទីនេះ

ក្រៅ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក រូបថត​នៃ​គូ​ស្នេហ៍​មួយ​គូ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​តាំង​ពី​ឆ្នាំ​២០២១​កន្លង​មក។ សូម​មើល​តាម​រយៈតំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ផង​ដែរ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត និង​ការ​អះ​អាង​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​សព​មនុស្ស​ ២​នាក់​ដែល​ត្រូវ​បាន​គ្រប​កំណាត់​ពណ៌​ស និងទុក​នៅ​ក្នុង​បន្ទប់​តូច​មួយ​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ដោយសារ​គេហទំព័រ​សារព័ត៌មាន​ឥណ្ឌា Khaskhabar នៅ​ក្នុង​អត្ថបទ​មួយ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ​២០១៧​កន្លង​មក។

​សេចក្ដី​រាយការណ៍​នៃ​សារព័ត៌មាន​នេះ​ចុះ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នជេះ គឺ​ជា​សព​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​លើ​ផ្លូវ​ជាតិ​មួយ​ស្ថិត​នៅ​តំបន់ Hapur Dehat នៅ​ក្នុង​ស្រុក Hapur ក្នុង​រដ្ឋ​ឧត្តរប្រាដេស (Uttar Pradesh)។

បើ​តាម​សារព័ត៌មាន​ឥណ្ឌា​មួយ​នេះ បុរស និង​ស្ត្រី​រូប​នេះ បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​ពី​រថយន្ត​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង​បាន​បុក​ទៅ​លើ​ពួកគេ​នៅ​លើ​ផ្លូវ​ជាតិ។

ដូច្នេះ រូបថត​សព​មួយ​សន្លឹក​នេះ មិន​មែន​ជា​សព​គូ​ស្នេហ៍​មួយ​គូ​ដែល​បាន​ថត​រូបមុន​រៀបការ​(Pre-wedding)ជាមួយ​ពស់​វែក​នោះ​ឡើយ ដូច​ដែល​គេ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

Khaskhabar | Archived Link

តើ​ប្ដី​ប្រពន្ធ​មួយ​គូ​ខាង​លើ​បាន​ស្លាប់​ដោយសារ​ពស់​ចឹក​មែន​ឬទេ?

Fact Crescendo Cambodia បាន​ព្យាយាម​ស្វែង​រក​ព័ត៌មាន​លម្អិត​ឆ្លើយ​តប​នឹង​សំណួរ​ដែល​ចោទ​សួរ​ថា តើ​គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ស្លាប់​ដោយសារ​ពស់​ចឹក​មែន​ឬ​ក៏​យ៉ាង​ណា ប៉ុន្តែ យើង​ពុំ​អាច​រក​ឃើញ​នោះ​ឡើយ។

ព័ត៌មាន​មួយ​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​ប្រជាប្រិយ​ផង​ដែរ​កាល​ពី​មេសា​ឆ្នាំ​មុន ប៉ុន្តែ ទស្សនាវដ្ដី​កម្ពុជា​មួយ​នេះ បាន​បញ្ជាក់​ថា គ្មាន​ព័ត៌មាន​លម្អិត​អំពី​គូ​ស្នេហ៍​មួយ​គូ​នេះ​ឡើយ។ សូម​អាន​បន្ថែម​តាម​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

Popular Magazine | Archived Link

ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​វៀតណាម VN Express ដែល​រៀបរាប់​ថា បុរស និង​នារី​ដែល​ថត​រូប Pre-wedding ជាមួយ​សត្វ​ពស់​នោះ គឺ​ជា​ប្រជាជន​កម្ពុជា។

VNExpress | Archived Link

សារព័ត៌មាន​វៀតណាម​ខាង​លើ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​ទៅ​តាម​រូបថត​ដែល​ត្រូវ​បាន​ចែក​ចាយ​នៅ​លើបណ្ដាយ​សង្គម​ដោយ​ទំព័រ​​ហ្វេសប៊ុក​ឈ្មោះ​ថា Hottest and Gorgeous Ladies ប៉ុន្តែ យើង​រក​ឃើញ​ថា ទំព័រ​ហ្វេសប៊ុក​មួយ​នេះ មិន​បាន​រៀបរាប់​ជា​ភាសា​ខ្មែរ​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ យើង​បាន​រក​ឃើញ​ថា ទំព័រ​ហ្វេសប៊ុក​មួយ​នេះ​បាន​សរសេរ​រៀបរាប់​ជា​ភាសា​ហ្វីលីពីន «Kung HINDI ganito Pre-Nup natin, Huwag na tayo magpakasal!» ឬ​មាន​ន័យ​ថា «ប្រសិន​បើ​មិន​ថត​បែប​នេះទេ សូម​កុំ​រៀបការ!»។

Facebook Post | Archived Link

ជាងនេះ​ទៅ​ទៀត សារព័ត៌មាន​វៀតណាម​មួយ​ទៀត បាន​ចុះ​ផ្សាយ​ដូច​គ្នា​នេះ​ដែរ ដោយ​ផ្អែក​ទៅ​តាម​សេចក្ដី​រាយការណ៍​របស់​គេហទំព័រ​ព័ត៌មាន​មួយ​របស់​កម្ពុជា​ឈ្មោះ​ថា Khmer News។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅទីនេះ

ប៉ុន្តែ អត្ថបទ​របស់​ខ្លួន​ចុះ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន គេហទំព័រ Khmer News ពុំ​បាន​រៀបរាប់​ថា គូ​ស្នេហ៍​មួយ​គូ​នេះ​ជា​ប្រជាជន​កម្ពុជា​នោះ​ឡើយ ហើយ​បញ្ជាក់​ថា ពួកគេ​គឺ​ជា​គូ​ស្នេហ៍​បរទេស។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ដែល​បង្ហាញ​សព​មនុស្ស ២​នាក់​ដែល​ត្រូវ​បាន​គ្រប​ក្រណាត់​ស​ទុក​ក្នុង​បន្ទប់​តូច​មួយ​នោះ មិន​មែន​ជា​សព​របស់​គូ​ស្នេហ៍​មួយ​គូ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​សព​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​តាំង​ពី​ឆ្នាំ​២០១៧​កន្លង​មក។

Avatar

Title:តើ​រូបថត​នេះ​ជា​រូបថត​គូ​ស្នេហ៍​មួយ​គូ​ដែល​ថត​ Pre-Wedding ជាមួយ​ពស់​វែក​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.