ផ្ទះ​ដំបូល​ក្រហម​រួច​ផុត​ពី​អណ្ដាត​ភ្លើង​ជា​ហេតុការណ៍​ឆ្នាំ​២០២៣​កើត​នៅ​រដ្ឋ​ហាវ៉ៃ

False International

បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​រាល​ដាល​ឆេះ​ផ្ទះ​សម្បែង​ជាច្រើន​នៅ​ទីក្រុង Los Angeles ការ​អះអាង​ដ៏​ផុស​ផុល​មួយ​បានលើក​ឡើង​ថា ផ្ទះ​មួយ​មាន​ដំបូល​ពណ៌​ក្រហម បាន​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​នោះ ដោយសារ​តែ​ម្ចាស់​ផ្ទះ​ជា​បុគ្គល​តែង​តែ​ធ្វើ​ការងារ​សប្បុរសធម៌​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ទ្វីប​អាហ្វ្រិក។ បន្ទាប់​ពី​ការ​អះអាង​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​ផ្ទះ​ថ្ម​ដំបូល​ក្រហម​មួយរក្សា​រូប​រាង​ដូច​ធម្មតា​ដោយ​មិន​ត្រូវ​ភ្លើង​ឆាប​ឆេះ​សោះ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​ជាមួយ​សំណេរ​រៀប​រាប់​ថា ម្ចាស់​ផ្ទះ​មួយ​នេះ​គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា ទើប​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រនៀ (California) មិន​ឆាប​ឆេះ​ផ្ទះ​គាត់​សោះ។

រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ផុស​ផុល ព្រម​ទាំង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ ដែល​ស្ដែង​ឱ្យ​ឃើញ​ថា មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ទៅ​តាម​ការ​អះអាង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “មិន​មែន​ជា​រឿង​អបិយ​ជំនឿ​អី​ទេ​តាម​អត្ថបទ​រៀបរាប់​ខាង​ក្រោម​នេះ ផ្ទះ​នេះ​គាត់​កាន់​ពុទ្ធ​សាសនា ទោះ​គាត់​កាន់​ពុទ្ធ​សាសនា​ក៏​ដោយ បើ​អស់​បុណ្យ​ហើយ ត្រូវ​ទទួល​អកុសល​វិបាក​ដូច​គ្នា នត្ថិ​​កម្មំ​សមំ​ ពលំ គ្មានកម្លាំងអ្វី ស្មើនឹងកម្លាំងកម្មឡើយ មិនអាចរារាំងបាបដែលត្រូវឲ្យផលបានឡើយ អាមេរិកខ្លាំងហេតុអី្វជួយមិនបាន? នត្ថិ​​កម្មំ​សមំ​ ពលំ”។

Facebook Post | Archived Link

សំណេរ​រៀបរាប់​ជា​ភាសា​ខ្មែរ​ខាង​លើ​​នេះ បាន​ផ្អែក​ទាំង​ស្រុង​ទៅ​តាម​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា គេហដ្ឋាន​មួយ​នេះ បាន​រួច​ផុត​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រនៀ ហើយ​ម្ចាស់​ផ្ទះ​មួយ​នេះ គឺ​ជា​អ្នក​មាន​ជឿនឿ​លើ​សាសនា និង​ធ្វើ​សប្បរសធម៌​ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ទ្វីប​អាហ្វ្រិក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​​ពី​ថ្ងៃ​ទី១៣ ខែ​មករា ឆ្នាំ​២០២៥ ដោយ​រៀបរាប់​​ក្នុង​ន័យ​ថា ម្ចាស់​ផ្ទះ​មួយ​នេះ​ជា​អ្នក​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ព្រះ​ពុទ្ធ​សាសនា។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​ស្ដែង​ឱ្យ​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ទៅ​តាម​ការ​អះអាង​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី ៣​ថ្ងៃ​មុន ដែល​រៀបរាប់​ថា ផ្ទះ​មួយ​នេះ​បាន​រួចផុត​ពី​អណ្ដាត​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើង​នៅ​រដ្ឋ​កាលីហ្វ័រនៀ។

Instagram Post | Archived Link

សម្រាប់​ការ​អះអាង​ដូច​គ្នា ឬ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​រំលែក​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត សូម​ចូល​ទៅ​មើល​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived) និង Link 4 (archived)។

ការត្រួត​ពិនិត្យ​ការពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​លំនៅមួយ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​កាល​ពី​ឆ្នាំ​២០២៣​កន្លង​មក ដោយ​វា​មិន​ពាក់​ព័ន្ធ​អ្វី​សោះ​នឹង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​រាល​ដាល​ឆេះ​លំនៅឋាន​ជាច្រើន​នៅ​ក្នុង​ទីក្រុង  Los Angeles ក្នុង​រដ្ឋ​កាលីហ្វ័រនៀ​នោះ​ឡើយ។

​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន NPR ​កាល​ពីខែ​សីហា ឆ្នាំ​២០២៣​កន្លង​មក បាន​ឱ្យ​ដឹង​ថា លំនៅឋានមួយ​នេះ បាន​រួច​ផុត​ពី​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​កើត​ឡើង​នៅ​លើ​តំបន់ Lahaina ស្ថិត​នៅ​លើ​កោះ Maui នៃ​រដ្ឋ​ហាវ៉ៃ។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ តំបន់ Lahaina ស្ថិត​នៅ​លើ​កោះ Maui របស់​រដ្ឋ​ហាវ៉ៃ បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​អគ្គិភ័យ​ដែល​កើត​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០២៣​កន្លង​មក ដោយ​បា​ន​សម្លាប់​មនុស្ស​យ៉ាង​តិច ១០២​នាក់ បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្ទះ​សម្បែង​ដល់​ទៅ ២,២០៧​កន្លែង។

ទោះជាយ៉ាងណា លំនៅឋាន​របស់​លោក Trip Millikin បាន​ក្លាយ​ជា​ទីចាប់​អារម្មណ៍​របស់​មហាជន បន្ទាប់​ពី​គេច​ផុត​ពី​អណ្តាត​ភ្លើង​ដ៏​សន្ធោសន្ធៅ​នា​ពេល​នោះ ហើយ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​សារព័ត៌មាន​នានា ខណៈ​ដែល​លំនៅឋាន​ជាច្រើន​នៅ​តំបន់​នោះ ត្រូវ​ភ្លើង​ឆេះ​រាប​ដាល​ដី។

ដោយ​បាន​សម្ភាស​ម្ចាស់​ផ្ទះ​ផ្ទាល់ សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន NPR បាន​ឱ្យ​ដឹង​ថា ផ្ទះ​របស់​លោក Trip Millikin ដែល​មាន​អាយុ​កាល ១០០​ឆ្នាំ​ហើយ​នោះ អាច​រួច​ផុត​ពី​អណ្ដាត​ភ្លើង​ដោយសារ​តែ​គាត់​បាន​ជួស​ជុល​កែ​សម្រួល​ផ្ទះ​នេះ ដោយ​ដាក់​ដំបូល​ដែក​ស័ង្កសី​ក្រហម រៀបចំ​ក្រាល​ថ្មនៅ​ជុំ​វិញ​បរិវេណ​ផ្ទះ និង​ដាំ​ដើម​ត្នោត ​ដែល​អាច​ជួយ​ទប់​ទល់​ការ​រាល​ដាល​នៃ​អណ្ដាត​ភ្លើង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន NPR ដែល​ចុះ​ផ្សាយ​អំពី​លំនៅឋាន​លោក Trip Millikin ដែល​ឈរ​ជ្រោង​នៅ​ធម្មតា ខណៈ​ដែល​ផ្ទះ​សម្បែង​នៅ​ជុំ​វិញ​ត្រូវ​ភ្លើង​ឆេះ​រាប​ដល់​ដី។

NPR’s Report | Archived Link

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instagram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ គេហដ្ឋាន​មួយ​មាន​ដំបូល​ពណ៌​ក្រហម ដែល​រួច​ផុត​ពី​អណ្ដាត​ភ្លើង​នោះ មិន​មែន​ស្ថិត​នៅ​ក្នុង​ទីក្រុង Los Angeles នោះ​ឡើយ។ គេហដ្ឋាន​មាន​ដំបូល​ពណ៌​ក្រហម​នេះ​ដែល​បាន​រួច​ផុត​ពី​អណ្ដាត​ភ្លើង​នោះ ស្ថិត​នៅ​ក្នុង​តំបន់ Lahaina នៃ​កោះ Maui ស្ថិត​ក្នុង​រដ្ឋ​ហាវ៉ៃ។ ផ្ទះ​មួយ​នេះ បាន​រួច​ផុត​ពី​អណ្ដាត​ភ្លើង​កាល​ពី​ដើម​ខែ​សីហា​ឆ្នាំ​២០២៣​កន្លង ដែល​បាន​ផ្ដាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១០២​នាក់។

Avatar

Title:ផ្ទះ​ដំបូល​ក្រហម​រួច​ផុត​ពី​អណ្ដាត​ភ្លើង​ជា​ហេតុការណ៍​ឆ្នាំ​២០២៣​កើត​នៅ​រដ្ឋ​ហាវ៉ៃ

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *