Fact Check: ក្រដាស​ប្រាក់​គំរូ​ដែល​ទើប​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗ​ត្រូវ​បាន​កាត់​ត

Altered Political

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​នៅ​លើ​ក្រដាស​ប្រាក់​ថ្មី​ ៣០០០០​រៀល​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថ្មី​ៗ​នេះ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ក្រដាស​ប្រាក់​ថ្មី​ដែល​ទើប​នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ដែល​រូប​ថត​នេះ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​ទម្រង់​ពុក​មាត់​ និង​រោម​ចិញ្ចើម​ក្រាស់​កំពុង​ញញឹម​។​ 

រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សង្ហា​អត់​បង​ប្អូន​..»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ដែរ​ ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ​ ក៏​ត្រូវ​បាន​កែ​ច្នៃ​ និង​បង្ហោះ​ដោយ​​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​បង្ហាញ​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ សែន​ និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​លើ​ក្រដាស​ប្រាក់​ធន​ប័ត្រ​ថ្មី​​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារព័ត៌​មាន​ជា​ភាសា​អង់​គ្លេស​ The Phnom Penh Post ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​ The Phnom Penh Post ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «A new 30,000-riel banknote to commemorate the 30th anniversary of the 1991 Paris Peace Agreements»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មានន័យ​ថា​ «ក្រដាស​ប្រាក់​ ៣០០០០​ រៀល​ថ្មី​ ដើម្បី​រំលឹក​ខួប​លើក​ទី​ ៣០​ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​»។​

Phnom Penh Post News Report | Archived Link

តាម​រយៈ​​ទំព័រ​ហ្វេស​ប៊ុក​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ ក្រសួង​ព័ត៌​មាននៃ​កម្ពុជា​ ក៏​បាន​ផ្សព្វ​ផ្សាយ​ផង​ដែរ​ នូវ​ការ​ប្រកាស​នៃ​ការ​ប្រើ​ប្រាស់​នៃ​ធន​ប័ត្រ​អនុស្សាវរីយ៍​ប្រភេទ​ ៣០ ០០០ រៀល កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ហ្វេស​ប៊ុក​ ក្រសួង​ព័ត៌​មាន​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ស្តី​ពី​លក្ខណៈ​សម្គាល់​ នៃ​ធនប័ត្រ​អនុស្សាវរីយ៍​ប្រភេទ​ ៣០០០០ រៀល​»។​

Ministry of Information Link | Archived Link

រូប​ភាព​ផ្តាម​ស្តី​ពី​អនុក្រឹត្យ​ស្តី​ពី​ការ​ចេញ​ផ្សាយ​ធនប័ត្រ​អនុស្សា​វរីយ៍​ ប្រភេទ​ ៣០០០០​រៀល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រកាស​ចេញ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​អំពី​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​អនុស្សា​វរីយ៍​ ប្រភេទ​ ៣០០០០​រៀល​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ក្រដាស​ប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី ដោយ​ផ្ទៃ​ខាង​មុខ​ត្រូវ​បាន​រំលេច​ឡើង​នូវ​ ព្រះ​ឆាយាល័ក្ខណ៍​មើល​ចំ​ពី​មុខ​នៃសម្តេច​ព្រះ​ន​រោត្តម​ សីហនុ​ និង​​ផ្នែក​ខាង​ខ្នង​រំលេច​ឡើង​នូវ​ ព្រះ​ឆាយាល័ក្ខណ៍សម្តេច​ព្រះ​នរោត្តម​ សីហនុ​​​ និង​ លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

Avatar

Title:ក្រដាស​ប្រាក់​គំរូ​ដែល​ទើប​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ថ្មី​ៗ​ត្រូវ​បាន​កាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.