
សំណង់ធំៗជាច្រើន ត្រូវបានសាងសង់ឡើងនៅតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជា ដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលជាមណ្ឌលទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ។ រូបថត និងរូបភាពនៃសំណង់ថ្មីៗទាំងនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជារឿយៗ។ ក្នុងចំណោមនោះ រូបភាពចំនួនបួនសន្លឹកនៃទិដ្ឋភាពព្រលានយន្តហោះមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា វាជាគម្រោងព្រលានយន្តហោះសៀមរាប។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បង្ហោះរូបភាពចំនួនបួនសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពព្រលានយន្តហោះមួយកន្លែង។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់អះអាងនៅក្នុងសារ បង្ហោះរបស់ខ្លួនផងដែរថានេះ គឺជាទិដ្ឋភាពគម្រោងព្រលានយន្តហោះសៀមរាបថ្មី។
ការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដងរួមជាមួយនឹងការបញ្ជេញមតិចម្រុះសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «Beside the New Phnom Penh International Airport, Cambodia currently is being built other three airports in Koh Kong Province, Sihanoukville and the world-famous tourist attractions Siem Reap Angkor. Here is a new design of New Siem Reap International Airport scheduled to be fully completed on March 14, 2023» ឬប្រែជាភាសាខ្មែរមានន័យថា «ក្រៅពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កម្ពុជាបច្ចុប្បន្នបាននឹងកំពុងសាងសង់ព្រលានយន្តហោះចំនួន ៣ កន្លែងផ្សេងទៀតនៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ និងក្នុងខេត្តសៀមរាបអង្គរ។ ទាំងនេះគឺជាការរចនាបថថ្មីនៃ អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបភាពអះអាងខាងលើតាមរយៈ ការស្វែងរកព័ត៌មានទាក់ទងទៅនឹងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលនាំឱ្យយើងរកឃើញប្រភពមួយចំនួនដូចខាងក្រោម។
តាមរយៈសារបង្ហោះរបស់ទំព័រហ្វេសប៊ុក រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល State Secretariat of Civil Aviation កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានផ្សព្វផ្សាយជូនសាធារណៈអំពីវឌ្ឍនភាពការងារនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។ ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងដោយលោក ម៉ៅ ហាវណ្ណាល់ ដែលជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលបានសរសេររៀបរាប់ជាភាសាខ្មែរថា «ឯកឧត្តម នាយឧត្តម សេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣ខាងមុខ!»។
រូបភាពគម្រោងអាកាសយានដ្ឋានថ្មីនេះ ក៏ត្រូវបានបង្ហោះ និងផ្សព្វផ្សាយផងដែរនៅក្នុងគេហទំព័រសារព័ត៌មានកោះសន្តិភាព កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩មកម្ល៉េះ។ សេចក្តីរាយការណ៍មួយនេះ ក៏បានបញ្ជាក់បន្ថែមដែរថា គម្រោងសាងសង់អាកាសយានដ្ឋានសៀមរាបថ្មី នឹងត្រូវសាងសង់នៅលើទីតាំងជាប់ព្រំប្រទល់ស្រុកបី គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានផ្ទៃដីទំហំ ៧០០ហិកតា។
រូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន កោះសនិ្តភាព ដែលបានសរសេររៀបរាប់ចំណងជើងជាភាសាខ្មែរថា «គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរលំដាប់ថ្នាក់ទី 4E គ្រោងនឹងដាក់ឲ្យដំណើរការហើយ»។
Kohsantepheap Daily Report | Archived Link
សេចក្តីរាយការណ៍មួយផ្សេងទៀត ក៏បានបង្ហោះរូបភាពគម្រោងផងដែរកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថ្មីៗនេះ អំពីទិដ្ឋភាពការដ្ឋានសាងសង់អាកាសយានដ្ឋានសៀុមរាបថ្មីដោយបានលើកឡើងបន្ថែមថា ក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងព្រលានថ្មី ប្ដេជ្ញាថានឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មី ឲ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១។
រូបភាពផ្ដាមចេញពីគេហទំព័រ Construction Property Report ដែលបានសរសេររៀបរាប់ចំណងជើងជាភាសាខ្មែរថា «ការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៤២% ហើយ»។
Construction Property Report | Archived Link
Fact Crescendo Cambodia ក៏បានរកឃើញផងដែរនូវព័ត៌មានទាក់ទងទៅនឹងអាកាសយានដ្ឋានសៀមរាប-អង្គរថ្មីនេះ ដែលបានបង្ហោះជាសាធារណៈ ដោយទំព័រហ្វេសប៊ុកក្រសួងព័ត៌មាន កាលពីថ្ងៃទី០៨ ខែកុម្ភៈ កន្លងទៅ។ ក្នុងសេចក្តីរាយការណ៍ជាវីដេអូនេះ បានលើកឡើងថាអាកាសយានដ្ឋានសៀមរាបថ្មីនឹងសាងសង់រួចរាល់ទៅតាម ការគ្រោងទុកក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន ដែលបានរៀបរាប់ជាភាសាខ្មែរថា«អភិបាលខេត្តសៀមរាប ចុះស្វែងយល់ អំពីវឌ្ឍនភាពអាកាសយានដ្ឋានសៀមរាប-អង្គរ»។
ប្រសិនបើយើងធ្វើការប្រៀបធៀបទន្ទឹមគ្នារវាងរូបភាពគម្រោងដែលអ្នកប្រើបានអះអាងខាងលើ ទៅនឹងរូបភាពគម្រោងជាក់ស្តែងដែលបាននឹងកំពុងសាងសង់នោះ យើងនឹងឃើញថាទម្រង់ និងសណ្ឋានរចនាបថទាំងមូលនៃគម្រោងនេះ គឺមិនដូចគ្នានោះឡើយ។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបភាពប៉ុន្មានសន្លឹកខាងលើនេះ មិនមែនជាទិដ្ឋភាពគម្រោងសាងសង់ព្រលានយន្តហោះសៀមរាបថ្មីនោះទេ។ គម្រោងសាងសង់អាកាសយានដ្ឋានសៀមរាបថ្មី គឺមិនមានរចនាបថដូចទៅនឹងរូបភាពដែលបានអះអាងនោះទេ។

Title:តើនេះពិតជាគម្រោងអាកាសយានដ្ឋានសៀមរាបថ្មីមែនឬ?
Fact Check By: Kakada SimResult: False
