វីដេអូអ្នកបើកបរងងុយគេងត្រូវបានគេផ្សាយថា ជាដើមហេតុនៃករណីភ្លើងឆេះឡានដឹកសិស្សថៃ
បន្ទាប់ពីហេតុការណ៍ភ្លើងឆាបឆេះរថយន្តដឹកកូនសិស្សសាលាថៃកាលពីថ្ងៃអង្គារកន្លងមកនេះ វីដេអូកាមេរ៉ាសុវត្ថិភាពមួយដែលបង្ហាញអ្នកបើកបរងងុយគេងអំឡុងពេលកំពុងបញ្ជាយានយន្តនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមព្រមជាមួយការអះអាងថា វាជាស្ថានភាពអ្នកបើកបរឡានក្រុងដឹកសិស្សថៃដែលជាដើមហេតុនាំឱ្យកើតឧប្បទ្ទវហេតុភ្លើងឆេះនៅដើមសប្ដាហ៍នេះ។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការផ្សព្វផ្សាយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយមានរយៈពេលជាង ២នាទីដែលបង្ហាញស្ថានភាពបើកបររបស់អ្នកបើករថយន្តក្រុងមួយ ត្រូវបានគេអះអាងថា វាជាវីដេអូបានមកពីកាមេរ៉ាសុវត្ថិភាពភ្ជាប់ជាមួយរថយន្តក្រុងដឹកកូនសិស្សថៃ ដែលបង្ហាញអ្នកបើកបរងងុយគេងអំឡុងពេកកាន់ចង្កូតរថយន្ត។
ការអះអាងបន្តថា ស្ថានភាពអ្នកបើកបរបែបនេះហើយគឺជាមូលហេតុដែលបណ្ដាលឱ្យរថយន្តក្រុងនោះជួបឧប្បទ្ទវហេតុភ្លើងឆេះ ដែលបណ្ដាលយ៉ាងមនុស្សយ៉ាងតិច ២៣នាក់ស្លាប់នៅក្នុងអណ្ដាតភ្លើង។
វីដេអូនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដែលបានបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ជាច្រើន ដោយជឿថា វីដេអូនេះពិតជាមូលហេតុបណ្ដាលឱ្យកើតហេតុការណ៍ដ៏រន្ធត់នេះកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ តែ ៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តក្រុងដឹកសិស្សតូចៗនៅជាយរាជធានីបាងកក។វីដេអូដូចគ្នានេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរចាប់តាំងពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង។
ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “វីដេអូបង្ហាញដោយកាមេរ៉ាសុវត្ថិភាពករណីឆេះឡានដឹកសិស្ស គឺដើមហេតុមកពីតៃកុងឡានងងុយដេក”។ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការរកមើលប្រភពដើមនៃវីដេអូ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងដំណើរការផ្ទៀងផ្ទាត់នេះ យើងពិនិត្យឃើញថា វីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយភ្ជាប់មកជាមួយពាណិជ្ជសញ្ញាទំព័រហ្វេសប៊ុក TNB NEWS។
ដោយបានទាក់ទងតាមលេខទូរស័ព្ទដែលភ្ជាប់នឹងទំព័រហ្វេសប៊ុក TNB NEWS បុរសម្នាក់បានទទួលស្គាល់ថា វីដេអូដែលមានស្លាកសញ្ញា TNB NEWS នោះ ពិតជាត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដោយសារព័ត៌មានមួយនេះមែន។
ទោះជាយ៉ាងណា បុរសដែលសុំមិនប្រាប់ឈ្មោះនោះ បានឱ្យដឹងទៀតថា វីដេអូដែលបង្ហាញស្ថានភាពងងុយដេករបស់អ្នកបើកបររថយន្តមួយគ្រឿងនោះ ត្រូវបានដកចេញពីការផ្សាយវិញ បន្ទាប់ពីរកឃើញថា វីដេអូនោះ គឺជាករណីផ្សេងដែលបានកើតឡើងមុនហេតុការណ៍ឆេះរថយន្តក្រុងដឹកកូនសិស្សថៃទៅទៀត
សូមស្ដាប់ការបកស្រាយរបស់គាត់ខាងក្រោមនេះ៖
សេចក្ដីរាយការណ៍ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ដើមហេតុបណ្ដាលឱ្យរថយន្តដឹកសិស្ស និងគ្រូថៃត្រូវភ្លើងឆាបឆេះនោះ គឺកើតចេញពីការផ្ទុកធុងហ្គាសច្រើនរហូតដល់ ១១ធុង ដែលចំនួននេះលើសចំនួនកំណត់ត្រឹមតែ ៦ធុងសម្រាប់រថយន្តធុននេះ។
ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងបន្ថែមទៀតថា ធុងហ្គាសទី៨នៃរថយន្តក្រុងនោះ បានធ្លាយហ្គាសចេញមកក្រៅទើបបណ្ដាលឱ្យភ្លើងឆាបឆេះឡើងទៅលើរថយន្តក្រុងនោះ ហើយទ្វារសង្គ្រោះបន្ទាន់រថយន្តក្រុងនេះ ក៏មិនដំណើរការទៀត ទើបធ្វើឱ្យកូនសិស្សតូចៗ និងគ្រូៗនៅក្នុងរថយន្តនោះ ជាប់នៅក្នុងរថយន្តរហូតដល់ត្រូវភ្លើងឆេះស្លាប់។
សារព័ត៌មានថៃ បានឱ្យដឹងទៀតថា មិនមែនមានតែរថយន្តដែលផ្ទុះឆេះនោះទេដែលផ្ទុកធុងហ្គាសលើសការកំណត់ រថយន្តដទៃទៀតដែលដឹកសិស្ស និងគ្រូៗនៅក្នុងដំណើរទស្សនកិច្ចសិក្សានោះ ក៏ផ្ទុកធុងហ្គាសរហូតដល់ ១១ធុងនៅក្នុងរថយន្តក្រុងនីមួយៗ។
បើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន និងទេសចរណ៍ឈ្មោះថា “ជិនបុត្រធួរ៍” បានព្យាយាមទម្លាក់ធុងហ្គាសដែលលើសចំនួនកំណត់ចេញពីរថយន្តក្រុងទាំងនោះ ប៉ុន្តែ សមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មានថៃ បានស៊ើបអង្កេតរកឃើញការប្រព្រឹត្តបែបនេះរបស់ក្រុមហ៊ុន។សារព័ត៌មាន Bangkok Post របស់ថៃជាភាសាអង់គ្លេស ក៏បានផ្សាយកាលពីថ្ងៃម្សិលមិញផងដែរថា ប៉ូលិសផ្នែកកោសលវិច្ឆ័យថៃ បានរកឃើញថា ដើមហេតុបណ្ដាលឱ្យឡានក្រុងដឹកសិស្សត្រូវភ្លើងឆាបឆេះ គឺបណ្ដាលមកពីការលេចធ្លាយឧស្ម័ននៅក្នុងរថយន្ត។
Bangkok Post's Facebook Post | Archived Link
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបកាមេរ៉ាសុវត្ថិភាពនេះ មិនមែនជាវីដេអូកាមេរ៉ាសុវត្ថិភាពយកចេញពីឡានក្រុងដឹកសិស្សថៃដែលត្រូវភ្លើងឆាបឆេះនៅដើមសប្ដាហ៍នេះទេ។ វីដេអូកាមេរ៉ាសុវត្ថិភាពនេះ គឺជាករណីដាច់ដោយឡែកផ្សេងទៀតដែលកើតឡើងនៅប្រទេសថៃមុនហេតុការណ៍ផ្ទុះឆេះឡានដឹកសិស្សថៃទៅទៀត។វីដេអូបង្ហាញដោយកាមេរ៉ាសុវត្ថិភាពករណីឆេះឡានដឹកសិស្សគឺដើមហេតុមកពីតៃកុងឡានងងុយដេក។ (CCTV footage reveals that a drowsy driver caused the Thai bus fire, resulting in the deaths of many students earlier this week.)