ការអះអាងមិនត្រឹមត្រូវថា វីដេអូជម្លោះក្រុមប្រដាប់អាវុធភូមា ជាវិវាទទាហានឡាវ និងវៀតណាម
វីដេអូឃ្លីបមួយដែលបង្ហាញជម្លោះតានតឹងរវាងទាហានពីរក្រុម ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែមុនជាមួយនឹងការអះអាងថា វាជាជម្លោះរវាងទាហានឡាវ និងទាហានវៀតណាម។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមានរយៈពេលជាង ៣នាទីមួយដែលបង្ហាញទាហានពីរក្រុមមានជម្លោះពាក្យសម្ដីនឹងគ្នា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែកញ្ញាកន្លងមកនេះជាមួយសំណេររៀបរាប់ក្នុងន័យថា ទាហានវៀតណាមបានរារាំងទាហានមិនឱ្យបិទបដាផ្សព្វផ្សាយ ឬបញ្ចេញមតិឱ្យពលរដ្ឋរបស់ពួកគេ។
សំណេរភ្ជាប់ជាមួយវីដេអូឃ្លីបនេះ បន្តរៀបរាប់ថា បញ្ហានេះក៏ព្រោះតែស្ថាប័នរដ្ឋនានារបស់ប្រទេសឡាវស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម រួមទាំងវិស័យកងទ័ពផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ការឱ្យគេគ្រប់គ្រងលើរដ្ឋបាលគ្រប់ស្ថាប័នអស់ហើយ សូម្បីតែកងទ័ពក៏មិនអាចធ្វើការផ្សព្វផ្សាយ ឬបញ្ចេញមតិឱ្យពលរដ្ឋរបស់ខ្លួនឯងបានដែរ (យួន ឡាវ)ជាគំរូ”។វីដេអូនេះ ត្រូវបានចែករំលែកដល់ទៅរាប់ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិយោបល់ជាច្រើនផងដែរ ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានជឿទៅតាមសំណេរបង្ហោះនៅភ្ជាប់នឹងវីដេអូនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីមតិយោបល់របស់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ក្រោយពីវីដេអូឃ្លីបដូចរៀបរាប់ខាងលើនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។វីដេអូឃ្លីបនេះដែលភ្ជាប់ជាមួយសំណេរដូចគ្នា ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តដល់ទៅរាប់ពាន់ដង និងការបញ្ចេញមតិជាច្រើនដែលជឿទៅតាមសំណេរនោះ។
ខាងក្រោមនេះ គឺវីដេអូទាំងស្រុងដែលបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “ការឱ្យគេគ្រប់គ្រងលើរដ្ឋបាលគ្រប់ស្ថាប័នអស់ហើយ សូម្បីតែកងទ័ពក៏មិនអាចធ្វើការផ្សព្វផ្សាយ ឬបញ្ចេញមតិឱ្យពលរដ្ឋរបស់ខ្លួនឯងបានដែរ (យួន ឡាវ)ជាគំរូ”។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈ Google Revser Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញវីដេអូដូចគ្នានេះត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញ YouTube នៃសារព័ត៌មានភូមា Channel News Independent (CNI) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។
សេចក្ដីរាយការណ៍ព័ត៌មានរបស់ CNI បានឱ្យដឹងថា ជម្លោះពាក្យសម្ដីដ៏តឹងតែងមួយ បានកើតឡើងរវាងក្រុមទាហាននៃកងទ័ពឯករាជ្យកាឈិន (Kachin Independent Army) និងក្រុមទាហាននៃកងទ័ពសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យមីយ៉ាន់ម៉ា (Myanmar National Democratic Alliance Army) កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតំបន់មួយនៃរដ្ឋសាន (Shan) ប៉ែកខាងជើងប្រទេសភូមា (មីយ៉ាន់ម៉ា)។
បើតាមសេចក្ដីរាយការណ៍របស់ CNI ដដែល ជម្លោះពាក្យសម្ដីនេះ បានកើតឡើងក្រោយពីក្រុមទាហាននៃកងទ័ពកាឈិន បានយកបដាប្រឆាំងនឹងគ្រឿងញៀនយកទៅព្យួរនឹងជញ្ជាំងនៃលំនៅឋានមួយកន្លែងស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងទ័ពសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យមីយ៉ាន់ម៉ា។
ខាងក្រោមនេះ គឺជាវីដេអូសេចក្ដីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានភូមា CNI ដែលបានបង្ហោះនៅលើបណ្ដាញ YouTube កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ជាភាសាភូមាដែលមានន័យថា ទាហាន KIA និងទាហាន MNDAA ឈ្លោះប្រកែកគ្នាជុំវិញការគ្រប់គ្រងលើដែនដី។CNI’s YouTube Channel | Archived Link
កងទ័ពឯករាជ្យកាឈិន (KIA) គឺជាកងកម្លាំងប្រដាប់អាវុធនៃអង្គការឯករាជ្យភាពកាឈិន ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ក្រុមចលនាតស៊ូប្រដាប់នេះ គឺជាសម្ព័ន្ធជនជាតិភាគតិច ៦ក្រុមស្ថិតនៅក្នុងរដ្ឋកាឈិន ស្ថិតនៅជាប់តំបន់ព្រំដែនមីយ៉ាន់ម៉ា-ចិន។
ខាងក្រោមនេះ គឺជារូបថតសមាជិកកងទ័ពកាឈិនស្ថិតក្នុងឯកសណ្ឋានយោធាមានស្លាកសញ្ញាក្រុមតស៊ូប្រដាប់អាវុធ ដែលមានរូបដាវពីរខ្វែងគ្នាអមដោយអក្សរកាត់ខ្លី KIA នៅខាងក្រោម។ចំណែកឯកងទ័ពសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យមីយ៉ាន់ម៉ា (MNDAA) គឺជាចលនាតស៊ូប្រដាប់អាវុធមួយក្រុមទៀតដែលកាន់កាន់តំបន់ Kokang ស្ថិតនៅប៉ែកខាងជើងនៃរដ្ឋសានរបស់ប្រទេសមីយ៉ាន់ម៉ា។
ខាងក្រោមនេះ គឺជារូបថតទាហាន MNDAA ដែលត្រូវបានចុះផ្សាយនៅក្នុងអត្ថបទព័ត៌មានមួយរបស់សារព័ត៌មាន CNI កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូនេះ មិនមែនជាការប្រឈមមុខដាក់គ្នារវាងកងទ័ពឡាវ និងកងទ័ពវៀតណាមនោះឡើយ។ វាគឺជាជម្លោះដណ្ដើមការគ្រប់គ្រងដែនដីរវាងទាហាននៃកងកម្លាំងតស៊ូប្រដាប់អាវុធកាឈិន (KIA) និងទាហាននៃសម្ព័ន្ធភាពជាតិប្រជាធិបតេយ្យមីយ៉ាន់ម៉ា (MNDAA)កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។