
ក្រោយពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតដ៏ច្រើនរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលកាលពីដើមសប្ដាហ៍នេះ វីដេអូឃ្លីបមួយដែលបង្ហាញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Bejamine Netanyahu) រត់នៅក្នុងអគារមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា មេដឹកនាំអ៊ីស្រាអែលរូបនេះបានរត់ចូលលេនដ្ឋានរបស់លោក។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការផ្សព្វផ្សាយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលត្រូវបានគេស្គាល់ថា គឺជាមេដឹកនាំរបស់អ៊ីស្រាអែល បានរត់គេចភៀសខ្លួន អំឡុងពេលអ៊ីរ៉ង់កំពុងតែបើកវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់។
អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់ព័ត៌មានលម្អិតអំពីទីតាំង និងពេលវេលានៃហេតុការណ៌នោះឡើយ។ វីដេអូឃ្លីបខាងលើនេះ ត្រូវបានប្រតិកម្ម និងតាមដានយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់។
ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនមកកាន់អ៊ីស្រាអែល។
វីដេអូដូចគ្នានេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា «បែកធ្លាយវីដេអូ មេដឹកនាំអ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ រត់ទៅកាន់លេនដ្ឋាននុយក្លេអ៊ែរប្រធានាធិបតី»។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប និងខ្លឹមសារអះអាងទាំងស្រុង ដែលបានបង្ហោះ និងចែកចាយដោយអ្នកប្រើប្រាស់បណ្ដាញសង្គមវីដេអូ TikTok ដទៃទៀតផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការរកមើលប្រភពដើមនៃវីដេអូ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
វីដេអូឃ្លីបដែលមានទិដ្ឋភាព និងសណ្ឋានដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅបណ្ដាញសង្គម X របស់មេដឹកនាំអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បង្ហោះកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។
នៅក្នុងសំណេររបស់លោក ដោយភ្ជាប់ទៅនឹងវីដេអូខាងលើ បានបញ្ជាក់ថា «ខ្ញុំតែងតែមានមោទនភាពក្នុងការរត់សម្រាប់អ្នក វាត្រូវបានថតទុកកាលពីកន្លះម៉ោងមុននៅក្នុងការិយាល័យ Knesset»។
វីដេអូដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ កាលពីខែធ្នូ ឆ្នាំ២០២១ អំឡុងពេលដែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានរត់ចេញពីការិយាល័យ Kneseet របស់លោក ដើម្បីទៅបោះឆ្នោត។
ខាងក្រោមនេះ មិនមែនជាទិដ្ឋភាពថ្មីៗ ដែលលោកបានរត់គេចភៀសខ្លួនទៅបន្ទប់សុវត្ថិភាពអំឡុងពេលគ្រាប់ផ្លោងអ៊ីរ៉ង់នោះទេ។
Fact Crescendo Cambodia រកឃើញផងដែរថា ទិដ្ឋភាពនៃការរត់របស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏ត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រសារព័ត៌មានជាតិ Israel National News (INN) កាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ ដោយមិនបានបញ្ជាក់ថា ទិដ្ឋភាពនោះ គឺជាការរត់គេចខ្លួន ក្នុងអំឡុងពេលអ៊ីរ៉ង់បានវាយប្រហារដោយគ្រាប់រ៉ុក្កែតនោះឡើយ។
Israel National News (INN) Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការពិត វីដេអូឃ្លីបមួយនេះ ត្រូវបានថតតាំងពីខែធ្នូ ឆ្នាំ២០២១ អំឡុងពេលដែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានរត់ចេញពីការិយាល័យ Kneseet របស់លោក ដើម្បីទៅបោះឆ្នោត។

Title:ការអះអាងមិនត្រឹមត្រូវ មេដឹកនាំអ៊ីស្រាអែលរត់គេចពីគ្រាប់ផ្លោងអ៊ីរ៉ង់
Fact Check By: Kakada SimResult: Misleading
