នា​ពេល​ថ្មី​ៗ​នេះ​ មាន​វីដេអូ​ព័ត៌មាន​រាយការណ៍​យ៉ាង​ផុស​ផុល​មួយ​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ ដោយ​ភ្ជាប់​នឹង​ការ​អះអាង​នោះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ឆេះ​នោះ​ បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​​ ដែល​មាន​មនុស្ស​ជាច្រើន​ បាន​បាត់បង់​ជីវិត​ និង​រង​របួស។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «7News Khmer» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆេះ​អគារ​មួយ​កន្លែង​ ជាមួយ​ការ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគ្គិភ័យ​ឆាប​ឆេះ​អាគារ​នៅ​ក្នុងទីក្រុង​ហាណូយ​ ប្រទេស​វៀត​ណាមនា​ពេល​ថ្មី​ៗ​នេះ​។​

វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ម្នាក់​ៗ​​ស្រែក​យំ​បោក​ខ្លួន​នៅ​វៀតណាម​ ឆេះ​អគារ​ ១០​ជាន់​​»។​​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ដូច​គ្នា​ជា​ច្រើន​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆេះ​អាគារ​យ៉ាង​សន្ធោសន្ធៅ​​មួយ​ខាង​លើ​នេះ​ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដា​គេហទំព័រ​ និង​សារព័ត៌មាន​ជា​ច្រើន​។​

ហេតុការណ៍​នៃ​អគ្គិភ័យ​ខាង​លើ​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ Daily Mail កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២២​មក​ម្ល៉េះ​ ដោយ​បញ្ជាក់​ថា​ ការ​ឆាប​ឆេះ​ និង​មាន​កម្ទេច​កម្ទី​ភ្លើង​បាន​ធ្លាក់​ពី​ជាន់​ខាង​លើ​នេះ​ បាន​កើត​ឡើង​ និង​លេប​ត្របាក់​អាគារ​ខ្ពស់​មួយ​ នៅ​ក្នុង​ទីក្រុង​ Changsha ភាគ​ត្បូង​ប្រទេស​ចិន​។​

ខាង​ក្រោម​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រខាង​លើ​​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ផ្សែង​អួរ​អាប់ ​ចេ​ញ​ពី​អាគារ​ដែល​បាន​ឆាប​ឆេះ​។​

Daily Mail News Report | Archived Link

ករណី​ហេតុ​ការណ៍​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ South China Morning Post ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។​ គេហទំព័រ​ដដែល​ខាង​លើ​ បាន​បញ្ជាក់​ថា​ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​ទៅ​លើ​អាគារ​កម្ពស់​ប្រមាណ​ ២០០​ម៉ែត្រ​នៅ​ក្នុង​ទីក្រុង​ Changsha នៃ​ខេត្ត​ហៃណាន​ ភាគ​ត្បូង​ប្រទេស​ចិន​។​

ទិដ្ឋភាព​នៃ​ការ​ឆេះ​អាគារ​មួយ​​នេះ​ ពុំ​បាន​កើត​ឡើង​នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ដូច​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​អះ​អាង​នោះ​ឡើយ​។​

South China Morning Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រាយការណ៍​ព័ត៌មាន​មួយ​ពី​ Hindustan Times កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដែល​បាន​បញ្ជាក់​ថា​ ករណី​មួយ​នេះ​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន​ ដោយ​ពុំបាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀត​ណាម​នោះ​ឡើយ​។​

YouTube Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ឆេះ​អាគារ​ទូរគមនាគមន៍​ ដែល​មាន​កម្ពស់​ ៤២​ជាន់​ នៅ​ក្នុង​ទីក្រុង​ Changsha ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគ្គិភ័យ​ឆាប​ឆេះ​អាគារ​នៅ​ក្នុងទីក្រុង​ហាណូយ​​មែន​ឬ​?

Written By: Kakada Sim

Result: False