ផ្ទាំង​ថ្ម​មួយ​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

Altered International

រូបថត​ និង​វីដេអូ​ទេសភាព​ធម្មជាតិ​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​ ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​កាត់​ត​ មិន​ពិត​ផង​ដែរ​។ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​សាង់​សង់​ពី​លើ​កំពូល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​។​ ការ​បង្ហោះ​នេះ​ បាន​ប្រតិកម្ម​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Magical Nature បាន​បង្ហោះ​រូប​ថត​ចំនួន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ដែល​មាន​សំណង់​អគារ​នៅ​ពី​លើ​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ ពុំ​បញ្ជាក់​អំពី​ទីតាំង​ និង​ព័ត៌មាន​លំអិត​ទាក់​ទង​ទៅ​នឹង​រូប​ថត​នោះ​ឡើយ​។​

រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផង​ដែរ​។​ ការ​បង្ហោះ​​នេះ​អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បង្ហាញ​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​មួយ​ ជាមួយ​នឹង​សំណង់​អគារ​នៅ​ពី​លើ​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​​ខាង​លើ​នេះ​​តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Istockphoto ដែល​ជា​គេហ​ទំព័រ​សោត​ទស្សន៍​ដ៏​ធំ​មួយ​។​ គេហ​ទំព័រ​ដដែល​នេះ​ ពុំ​បង្ហាញ​ផ្ទាំង​ថ្ម​មួយ​នេះ​ មាន​ទិដ្ឋ​ភាព​សំណង់​អគារ​នៅ​ពី​លើ​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​បង្ហាញ​ទិដ្ឋ​ភាព​ផ្ទាំង​ថ្ម​ New Eddystone Rock ក្នុង​ទីក្រុង Ketchikan​ នៃ​រដ្ឋ​អាឡាស្កា​ សហរដ្ឋ​អាមេរិក​។​

Istock Photo Link | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈគេហ​ទំព័រ​ Encircle Photo ក៏​បាន​បង្ហោះ​នូវ​ទិដ្ឋ​ភាព​នៃ​ផ្ទាំង​ថ្ម​ដូច​គ្នា​ផង​ដែរ​ ដោយ​បញ្ជាក់​ព័ត៌មាន​បន្ថែម​ថា​ ផ្ទាំង​ថ្ម​ New Eddystone Rock គឺ​ជា​ប្រភេទ​ថ្ម​បាសាល់​ ដែល​មាន​កម្ពស់​រហូត​ទៅ​ដល់​ ២៣៧​ហ្វីត​​។ វា​គឺ​ជា​​រន្ធ​បន្ទុះ​​ភ្នំ​ភ្លើង​កាលពី​ប្រាំ​លាន​ឆ្នាំមុន ហើយ​បន្ទាប់​មក​មាន​រាង​ជា​ផ្ទាំង​ទឹកកក​ គ្រប​ដណ្ដប់​ដោយ​ដើមឈើ​ជា​ច្រើន​។ វា​គឺ​ជា​កន្លែង​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ទស្សនា​ ចាប់​តាំង​ពី​មាន​អ្នក​រុក​រក​ជន​ជាតិ​អឺរ៉ុប​លោក​ George Vancouver បាន​រក​ឃើញ​តាំង​ពី​​ឆ្នាំ​១៧៩៣​មក​ម្ល៉េះ​។​

Encircle Photo Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូប​ថត​មួយ​សន្លឹកនេះ​ គឺ​ត្រូវ​បាន​គេ​ស្គាល់​ទូ​ទៅ​ថា​ ជា​ផ្ទាំង​ថ្ម​ New Eddystone Rock មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ សហរដ្ឋ​អាមេរិក​។​ ផ្ទាំង​ថ្ម​មួយ​នេះ​ ពុំ​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សំណង់​អគារ​នៅ​ពី​លើ​នោះ​ឡើយ​។​

Avatar

Title:ផ្ទាំង​ថ្ម​មួយ​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ ត្រូវ​បាន​កាត់​ត​​ដោយ​មាន​សំណង់​អគារ​នៅ​ពី​លើ​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *