មើម​​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្សនៅ​ជប៉ុន​​ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​ប៉ុណ្ណោះ

International Misleading

រូបថត​មើម​ឆៃថាវ​មាន​រូបរាង​ដូច​ជើង​មនុស្ស ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា មើម​ឆៃថាវ​នោះ​ពិត​ជា​ដំណាំ​ពិតៗ​ដែល​ដាំ​ដុះ​ដោយ​ជន​ជាតិ​ជប៉ុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មើម​ឆៃថាវ​នោះ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​តែ​ប៉ុណ្ណោះ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

​រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មុនស្ស ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ឌីជីថល​មួយ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍មុន។

រូបថត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​ចែក​រំលែក​រហូត​ដល់​ជាង ៦០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក TNAOT ដែល​បង្ហោះ​សារ​រៀបរាប់​​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុនថា «ឆៃថាវ​ចម្លែក​រាង​ដូច​ជើង​មនុស្ស»។

Facebook Post | Archived Link

រូបថត​ឆៃថាវ​រូប​រាង​ដូច​ជើង​មនុស្ស​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ដទៃ​ទៀត។ សូម​មើល​ខ្លឹមសារ​តាម​រយៈ​តំណ​ភ្ជាប់​​នៃបណ្ដាញ​សង្គម Srok Kh, Davin Sapphire – ចៃកាមេរ៉ា,​ សង្ហារ លក់​ដុំ​និង​រាយ​ខោ​លីអូ​បុរស​នារី

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ឆៃថាវ​ចម្លែក​ដោយ​ទំព័រ​ហ្វេសប៊ុក Sandra Shop Cambodia កាល​ពី​សប្ដាហ៍​មុន ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ២​ពាន់​ដង។

Facebook Post | Archived Link

តាម​រយៈ​ការ​ពិនិត្យ​មើល​មតិ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យើង​មើល​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន ហាក់​ជឿ​ជាក់​ថា ឆៃថាវ​រូប​រាង​ដូច​ជើង​មនុស្ស​នេះ គឺជា​ឆៃថាវ​ពិតៗ​ដែល​ដាំ​ដុះ​ដោយ​ជន​ជាតិ​ជប៉ុន។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​រូបថត​ឆៃថាវ​ទាំង​ពីរ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

បើ​តាម​សំណេរ​របស់​ខ្លួន ទំព័រ​ហ្វេសប៊ុក TNAOT បាន​បញ្ជាក់​ថា រូបថត​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្ស​នេះ ត្រូវ​បាន​យក​ពី​ទំព័រហ្វេសប៊ុក​ Japan Moments ដែល​បាន​បង្ហោះ​រូបថត​ឆៃថាវ​រូបរាង​ចម្លែក​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​។

Facebook Post | Archived Link

ទំព័រ​ហ្វេសប៊ុក Japan Moments បាន​បញ្ជាក់​ថា រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​យក​ពី​គណនី​ Instagram របស់​វិចិត្រករ​ជប៉ុន Kenji Suetsugu ដែល​បាន​បង្ហោះ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ​កាល​ពី​ដើម​ឆ្នាំ​២០២២​កន្លង​មក។

ក្រៅ​ពី​រូបថត​ទាំង​ពីរ​សន្លឹក​នេះ យើង​ក៏​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ខ្លី​មួយ​ផង​ដែរ ដែល​បង្ហាញ​ស្ត្រី​ម្នាក់ និង​កុមារ ២​នាក់ ដក​ឆៃថាវ​មាន​រូបរាង​ដូច​ជើង​មនុស្ស។

នៅ​ត្រង់​ប្រអប់​បញ្ចេញ​មតិ​ឆ្លើយ​តប​នឹង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Instagram ម្នាក់ បាន​សាក​សួរ​អំពី​របៀប​ធ្វើ​រូប​សំណាក​ឆៃថាវ​មាន​រូបរាង​ជើង​មនុស្ស​នេះ។

គណនី tsukurimono របស់​វិចិត្រករ Kenji Suetsugu បាន​បញ្ជាក់​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខាង​លើ ដោយ​បញ្ជាក់​ថា រូប​សំណាក​ឆៃថាវ​មាន​រូប​រាង​ជើង​មនុស្ស​នេះ ត្រូវ​បាន​ស្មូន​ចេញ​ពី​ដី​លាយ​ប្រេង​ជាមួយ​ជ័រ​ស៊ីលីខន ​យក​ស្លឹក​ឆៃថាវ​ពិត​ប្រាកដ​មក​ភ្ជាប់​ពី​ខាង​លើ​ និង​ចុង​ក្រោយ​យក​ទៅ​កប់​នៅ​ក្នុង​ដី។

ដូចនេះ ឆៃថាវ​មាន​រូបរាង​ដូច​ជើង​មនុស្ស​នេះ មិន​មែន​ជា​ឆៃថាវ​ពិត​ប្រាកដ​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ វា​គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​ពី​ជ័រ​ស៊ីលីខន​របស់​វិចិត្រករ​ជប៉ុន Kenji Suetsugu តែ​ប៉ុណ្ណោះ។

Instagram Post | Archived Link

តើ​លោក Kenji Suetsugu ជា​នរណា?

នៅ​លើ​គណនី Instagram យើង​បាន​រក​ឃើញ​ព័ត៌មាន​បន្ថែម​ ដែល​បាន​ឱ្យ​ដឹង​ថា លោក Kenji Suetsugu គឺ​ជា​វិចិត្រករ​ស្មូន​រូប​ និង​សិល្បៈ​តុប​តែង​មុខ​មាត់ ឬ​រាង​កាយ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Fukuoka ប្រទេស​ជប៉ុន។

នៅ​ក្នុង​គេហទំព័រ​ tsukurimono យើង​បាន​រក​ឃើញ​រូបថត​ស្នាដៃ​សិល្បៈ​តុប​តែង​មុខ និង​រាង​កាយ និង​រូប​ស្មូន​ជាច្រើន​របស់​លោក ក្នុង​នោះ​មាន​ទាំង​ឆៃថាវ​មាន​រូបរាង​ដូច​ជើង​មនុស្ស​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​ប្រវត្តិរូប​របស់​វិចិត្រករ​ស្មូន​រូប និង​តុបតែង​មុខ​ជន​ជាតិ​ជប៉ុន លោក Kenji Suetsugu ដែល​ត្រូវ​បាន​រៀបរាប់​នៅ​លើ​វេបសាយ​ tsukurimono ដែល​ជា​ហាង​ផលិត​រូប​ស្មូន​ផ្សេងៗ។

Tsukurimono | Archived Link

ទស្សនាវដ្ដី​ជប៉ុន​មួយ​ឈ្មោះ sotokoto ក៏​បាន​ចុះ​ផ្សាយ​ពី​ប្រវត្តិ​រូប និង​ស្នាដៃ​សិល្បៈ​របស់​​​លោក Kenji Suetsugu ផង​ដែរ ដែល​បញ្ជាក់​ថា វិចិត្រករ​ជប៉ុន​រូប​នេះ​ជំនាញ​ខាង​ស្មូន​រូប​សំណាក និង​តុប​តែង​មុខ​មាត់។ សូម​អាន​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្ស​នេះ មិន​មែន​ជា​ឆៃថាវ​ធម្មជាតិ​ពិត​ប្រាកដ​ដែល​ដាំ​ដុះ​ដោយ​ប្រជាជន​ជប៉ុន​នោះ​ឡើយ។ ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្ស​នេះ គ្រាន់​តែ​ជា​រូប​ស្មូន​ពី​ជ័រ​ស៊ីលីខន​ដែល​ជា​ស្នាដៃ​សិល្បៈ​របស់​វិចិត្រករ​ជប៉ុន លោក Kenji Suetsugu ដែល​ជំនាញ​ខាង​ស្មូន​រូប និង​តុបតែង​មុខ​មាត់។

Avatar

Title: មើម​​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្សនៅ​ជប៉ុន​​ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​ប៉ុណ្ណោះ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *