តើ​វីដេអូ​នេះ​ជា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​កង​ទ័ព​អាមេរិក​ឱ្យ​ទៅ​តៃវ៉ាន់​មែន​ឬទេ?

False International

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​នោះ ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អាមេរិក​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​ហ្វូង​យន្តហោះ​ចម្បាំង​​ហោះ​ហើរ​លើ​ផ្ទៃ​សមុទ្រ​អម​ដោយ​នាវា​ចម្បាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។ ការ​អអះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា អធិរាជ មហាសាច់ បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ ១​នាទី​កាល​ពីសប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​នាវ​ចម្បាំង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​យន្តហោះ​ចម្បាំង​ហោះ​ហើរ​នៅ​លើ​អាកាស។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​លើ​វីដេអូ​នោះ​ថា សហរដ្ឋ​អាមេរិក​​បាន​ដឹក​ជញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​នាំ​ឱ្យ​មាន​ក្ដី​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​លោក​លើក​ទី​៣។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​វីដេអូ​នោះ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​អាច​កើត​សង្គ្រាម​លោក​លើក​ទី​៣​ទេ? មក​ដល់​ពេល​នេះ គ្រឿង​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​ដឹក​មក​កាន់​កោះ​តៃវ៉ាន់​ហើយ…»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ប្រហែល​១​នាទី​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Navy Recruiting Station Bay Shore ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លីប​នេះ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២១​កន្លង​មក​នេះ។

ប៉ុន្តែ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជាក់​លាក់​អំពី​វីដេអូ​នេះ​នោះ​ឡើយ ដែល​នាំ​ឱ្យ​យើង​មិន​អាច​ដឹង​ថា តើ​វីដេអូ​នេះ​ជា​សកម្មភាព​អ្វី​ឱ្យ​ពិត​ប្រាកដ​នោះ។

Facebook Post | Archived Link

ទោះជាយ៉ាងណា វីដេអូ​ដដែល​នេះ ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត​អន្តរជាតិ​មួយ​ចំនួន​រួច​មក​ហើយ បន្ទាប់​ពី​មាន​ការ​អះ​អាង​ថា វីដេអូ​មួយ​នេះ​គឺ​ជា​ក្បួន​យន្តហោះ​ចម្បាំង​របស់​កង​ទ័ព​អាមេរិក ហោះ​ហើរ​អម​ការពារ​យន្តហោះ​មួយ​គ្រឿង​ដឹក​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ដែន​ដី​កោះ​តៃវ៉ាន់។

ការ​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការពិត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រក​ឃើញ​ថា វីដេអូ​ឃ្លីប​មួយ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ហោច​ណាស់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២១​កន្លង​មក​។

ចំណែក​ឯ​ការ​ផ្ទៀង​ផ្ទាត់​ធ្វើ​ឡើង​ដោយ​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​ការពិត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP វិញ បាន​ឱ្យ​ដឹង​កាន់​តែ​ជាក់​ច្បាស់​ថែម​ទៀត​ថា វីដេអូ​ឃ្លីប​មួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​កង​ទ័ព​អាមេរិកឈ្មោះ​ថា Valiant Shield នៅ​សមុទ្រ​ហ្វីលីពីន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០​កន្លង​មក។

ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការ​ពិត​របស់ AP បាន​រក​ឃើញ​បែប​នេះ បន្ទាប់​ពី​ទទួល​បាន​ការ​បញ្ជាក់​ពីអ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​ទឹក​អាមេរិក និង​រក​ឃើញ​វីដេអូ​នៃ​សមយុទ្ធ​មួយ​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ឈ្មោះ​ថា DVIDS។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​មួយ​នេះ មិន​មែន​ជា​ការ​បញ្ជូន​សព្វាវុធ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ឱ្យ​ដែន​ដី​កោះ​តៃវ៉ាន់​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ គឺ​ជា​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ធ្វើ​ឡើង​នៅ​សមុទ្រ​ហ្វីលីពីន កាល​ពី​ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:តើ​វីដេអូ​នេះ​ជា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​កង​ទ័ព​អាមេរិក​ឱ្យ​ទៅ​តៃវ៉ាន់​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.