ខណៈ​កម្ពុជា​បន្ត​បាត់​បង់​គម្រប​ព្រៃឈើ​បៃតង​កាន់​តែ​ច្រើន​នោះ រូបថត​នៃ​ការ​ឈូស​ឆាយ​ព្រៃឈើ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដញា​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​​​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

រូបថត​វាល​ល្វឹង​ល្វើយ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ការ​ឈូស​ឆាយ​ព្រៃឈើ​ទំហំ ៦៤៩​ហិកតា​នៅ​តំបន់​ព្រៃ​ភ្នំ​ឱរ៉ាល់​នៃ​ប្រទេស​កម្ពុជា។

រូបថត​ភ្ជាប់​ជាមួយ​ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែកបន្ត​​ព្រោង​ព្រាត​នៅ​​លើ​បណ្ដាញ​សង្គម និង​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​​​ក៏មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ជាច្រើន​​ជឿ​ថា រូបថត​នេះ​ពិត​ជា​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​ឱរ៉ាល់​​ពិត​មែន។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាមចេញ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​​លើ​បណ្ដាញ​សង្គមកាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ខ្ទេច​អាលាយ​ខ្សុល” និង​សំណេរ​នៅ​លើ​រូបថត​ “ព្រៃ​ភ្នំ​ឱរ៉ាល់៦៤៩​ហិកតា”។​

Facebook Post | Archived

រូបថត​ដូច​គ្នានេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់ថា “តាន់ គឹមសួរ វា​ការពារ​ចុះ​ការពារ​ឡើង អាលាយ​ខ្សុល”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ពីរ​សប្ដាហ៍​មុន ដែល​សរសេរ​រៀបរាប់​ថា “ខ្ទេច​ហ្មត់​អាលាយ​ខ្សុល”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ Blogspot មួយ​ដែល​បញ្ជាក់​ថា វា​ជា​ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ការពារ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០២២​កន្លង​មក។

Phumsas Blogspot | Archived Link

ជាង​នេះ​ទៅ​ទៀត Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​នូវ​រូបថត​នៃ​ការ​ឈូស​ឆាយ​ព្រៃឈើ​តំបន់​ការពារ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ ដែល​ត្រូវ​បាន​ថត​ចេញ​ពី​ជ្រុង​ម្ខាង​ទៀត ហើយ​ត្រូវបាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក។

Robaykar Thmey | Archived Link

រូបថត​នៃ​ការ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ការពារ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ភាសា​អង់គ្លេស South East Asia Globe ផង​ដែរ​កាល​ពីថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២២​កន្លង​មក។

South East Asia Globe | Archived Link

សារព័ត៌មាន​មួយ​នេះ ក៏​បាន​ផលិត​ព័ត៌មាន​ជា​វីដេអូ​ដែល​បង្ហាញ​ពី​សកម្មភាព​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ការពារ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ផង​ដែរ។

https://youtu.be/LpLg0HYPDs0?si=D3cuJWq4ccms4T9_

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបថត​មួយ​​សន្លឹក​នេះ មិន​មែន​ជា​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ឱរ៉ាល់​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ ជា​ការ​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​តំបន់​ការពារ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​កាល​ពី​ឆ្នាំ​២០២២​កន្លង​មក។

Avatar

Title:ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា រូបថត​​ការ​ឈូស​ឆាយ​ព្រៃ​នេះ​កើត​ឡើង​នៅ​ភ្នំ​ឱរ៉ាល់

Fact Check By: Jay Udom

Result: False