ការអះអាងមិនត្រឹមត្រូវថា រូបថតការឈូសឆាយព្រៃនេះកើតឡើងនៅភ្នំឱរ៉ាល់
រូបថតនៃការឈូសឆាយព្រៃឈើមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាការឈូសឆាយព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដញាសង្គម និងមានការបញ្ចេញមតិចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ខណៈកម្ពុជាបន្តបាត់បង់គម្របព្រៃឈើបៃតងកាន់តែច្រើននោះ រូបថតនៃការឈូសឆាយព្រៃឈើមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាការឈូសឆាយព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដញាសង្គម និងមានការបញ្ចេញមតិចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតវាលល្វឹងល្វើយមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាការឈូសឆាយព្រៃឈើទំហំ ៦៤៩ហិកតានៅតំបន់ព្រៃភ្នំឱរ៉ាល់នៃប្រទេសកម្ពុជា។
រូបថតភ្ជាប់ជាមួយការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងប្រតិកម្មយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ក្នុងនោះក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជាជាច្រើនជឿថា រូបថតនេះពិតជាការឈូសឆាយព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់ពិតមែន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញរូបថតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ខ្ទេចអាលាយខ្សុល” និងសំណេរនៅលើរូបថត “ព្រៃភ្នំឱរ៉ាល់៦៤៩ហិកតា”។
រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់រាប់ពាន់ដង និងការបញ្ចេញមតិយ៉ាងច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតនេះនៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “តាន់ គឹមសួរ វាការពារចុះការពារឡើង អាលាយខ្សុល”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបង្ហោះរូបថតនេះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីពីរសប្ដាហ៍មុន ដែលសរសេររៀបរាប់ថា “ខ្ទេចហ្មត់អាលាយខ្សុល”។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដូចគ្នានេះ ត្រូវបានរកឃើញនៅ Blogspot មួយដែលបញ្ជាក់ថា វាជាការឈូសឆាយព្រៃឈើនៅតំបន់ការពារសត្វព្រៃភ្នំតាម៉ៅ ដែលបានកើតឡើងកាលពីឆ្នាំ២០២២កន្លងមក។
Phumsas Blogspot | Archived Link
ជាងនេះទៅទៀត Fact Crescendo Cambodia ក៏បានរកឃើញផងដែរនូវរូបថតនៃការឈូសឆាយព្រៃឈើតំបន់ការពារសត្វព្រៃភ្នំតាម៉ៅ ដែលត្រូវបានថតចេញពីជ្រុងម្ខាងទៀត ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក។
Robaykar Thmey | Archived Link
រូបថតនៃការឈូសឆាយព្រៃឈើនៅតំបន់ការពារសត្វព្រៃភ្នំតាម៉ៅនេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានភាសាអង់គ្លេស South East Asia Globe ផងដែរកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២កន្លងមក។
South East Asia Globe | Archived Link
សារព័ត៌មានមួយនេះ ក៏បានផលិតព័ត៌មានជាវីដេអូដែលបង្ហាញពីសកម្មភាពគ្រឿងចក្រឈូសឆាយព្រៃឈើនៅតំបន់ការពារសត្វព្រៃភ្នំតាម៉ៅផងដែរ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាការឈូសឆាយព្រៃឈើនៅតំបន់ជួរភ្នំឱរ៉ាល់នោះឡើយ។ រូបថតមួយសន្លឹកនេះ ជាការឈូសឆាយព្រៃឈើនៅតំបន់ការពារសត្វព្រៃភ្នំតាម៉ៅកាលពីឆ្នាំ២០២២កន្លងមក។
Title:ការអះអាងមិនត្រឹមត្រូវថា រូបថតការឈូសឆាយព្រៃនេះកើតឡើងនៅភ្នំឱរ៉ាល់
Fact Check By: Jay UdomResult: False