ឈុត​ឆាក​សម្ដែង​ក្នុង​បទ​វីដេអូ​ចម្រៀង​​មួយ​​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​យល់​ច្រឡំ

Missing Context Social

ពីរ​ថ្ងៃ​មុន​ទិវា​នៃ​ក្ដី​ស្រឡាញ់ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​​នូវ​ការ​ប្រទាញ់​ប្រទង​គ្នា​រវាង​បុរស​ពីរ​នាក់​នៅ​ក្នុង​ពិធី​មង្គលការ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ប្រតិកម្ម​នឹង​វីដេអូ​ឃ្លីប​នោះ ដោយ​គិត​ថា ការ​ប្រទាញ់​ប្រទង​នោះ គឺ​ជា​រឿង​ពិត​កើត​ឡើង​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​វីដេអូ​ឃ្លីប​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​បុរស​ម្នាក់​យំ​សោក​នៅ​ក្នុង​ពិធី​មង្គលការ​​មួយ​រហូត​បណ្ដាល​ឱ្យ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​កូន​កម្លោះ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

វីដេអូ​ឃ្លីប​​រយៈ​ពេល ២​នាទី​កន្លះ​មួយ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​រហូត​ដល់​ជាង ២​លាន ៤​សែន​ដង ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២៥,០០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក Chantrea Online Shop ជាមួយការ​រៀបរាប់​ថា «មួយ​ឃ្លីប​នេះ ដាក់​បទ​អី​ក៏​ត្រូវ​ដែរ»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ទៅ​នឹង​វីដេអូ​នេះ ដោយ​គិត​ថា អ្វី​ដែល​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​វីដេអូ គឺ​ជា​រឿង​រ៉ាវ​កើត​ឡើង​ពិត​ប្រាកដ​នៅ​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​មូល​ហេតុ​នាំ​ឱ្យ​យើង​សម្រេច​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើតាម​រយៈ​ Reverse Image Search ដែល​នាំ​ឱ្យ​យើង​បាន​រក​ឃើញ​ការពិត​នៃ​វីដេអូ​ឃ្លីប​នេះ។

វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ២​នាទី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឆាណែល​ YouTube របស់​ផលិតកម្ម Bong Ath Media ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា វា​គឺ​ជា​ឈុត​ឆាក​សម្ដែង​នៅ​ក្នុង​វីដេអូ​ចម្រៀង​​មាន​ចំណង​ជើង​ថា «ព្រម​ឱ្យ​អូន​ការ»។ វីដេអូ​ចម្រៀង​មួយ​បទ​នេះ ត្រូវ​បាន​ដាក់​បង្ហោះ​នៅ​លើ​ឆាណែល​ YouTube របស់​ផលិតកម្ម​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ នៅ​ចំ​ថ្ងៃ​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

សម្រាប់​វីដេអូ​ចម្រៀង​ពេញ​ទាំង​ស្រុង គេ​អាច​ចូល​ទៅ​ទស្សនា​នៅ​ក្នុង​ឆាណែល YouTube តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​ក៏​តាម​រយៈ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​មាន​នៅ​ទីនេះ

Bong Ath Media’s Video Music on YouTube channel| Archived Link

វីដេអូ​ចម្រៀង​មួយ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ផលិត​កម្ម Bong Ath Media ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​គេ​អាច​មើល​វីដេអូ​ចម្រៀង​ទាំង​ស្រុង​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ​មុន វីដេអូ​ឃ្លីប​មួយ​ផ្នែក​នៃ​វីដេអូ​ចម្រៀង​មួយ​របស់​ផលិតកម្ម​មួយ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ ដែល​បណ្ដាល​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ យល់​ច្រឡំ ហើយ​ក៏​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ប្រទេស​ថៃ​យក​ទៅ​ចុះ​ផ្សាយ​ផង​ដែរ។

ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត​ Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​នៅ​លើ​វីដេអូ​ឃ្លីប​នោះ ហើយ​រក​ឃើញ​ថា វីដេអូ​ឃ្លីប​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​វីដេអូ​ចម្រៀង MV ​មាន​ចំណង​ជើង​ថា «បើ​មិន​ច្បាស់​លាស់​ ម្ដេច​ឱ្យ​អូន​ចាំ» ដែល​ច្រៀង​ដោយ​​តារា​ចម្រៀង​ កញ្ញា សូ សុផលីន។ តំណ​ភ្ជាប់​នៅ​ទីនេះ គឺ​ជា​អត្ថបទ​ទាំង​ស្រុង​របស់ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ដែល​បាន​ផ្ទៀង​ផ្ទាត់​លើ​វីដេអូ​ឃ្លីប​នោះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ បាន​នាំ​ឱ្យ​មានការ​យល់​ច្រឡំ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​ឃ្លីប​នោះ មិន​មែន​ជា​រឿង​រ៉ាវ​ពិត​ប្រាកដ​កើត​ឡើង​នៅ​កម្ពុជា​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​វីដេអូ​ចម្រៀង MV មាន​ចំណង​ជើង​ថា «ព្រម​ឱ្យ​អូន​ការ»​របស់​ផលិតកម្ម Bong Ath Media ដែល​ចេញ​ផ្សាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Avatar

Title:ឈុត​ឆាក​សម្ដែង​ក្នុង​បទ​វីដេអូ​ចម្រៀង​​មួយ​​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​យល់​ច្រឡំ

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published.