វីដេអូ​មួយ​ឃ្លីប​ ដែល​បាន​បង្ហាញ​ទិដ្ឋភាពដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​នា​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​នឹង​សំណេរ​រៀប​រាប់​ថា​ វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពាន់​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ សំណេរ​ខាង​លើនេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដ្ឋភាព​នៃ​តំបន់​ទេសចរណ៍​ទឹក​ស្លាយ​ស្រស់​ស្អាត​មួយ​កន្លែង​។​ វីដេអូ​ឃ្លីប​​ខាង​លើ​​ ត្រូវ​បាន​ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​បាធាយ​ ក្នុងទឹក​ដី​​ខេត្ត​កំពង់​ចាម​​។​

ការ​លើក​ឡើង​បែប​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ពាន់​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «ខាង​លិច​ផ្សារ​ផ្អាវ​ ស្រុក​បាធាយ​​ ខេត្ត​កំពង់ចាម​ យើង​ហ្នឹង​»។​

Facebook Post | Archived Link

វីដេអូ​​ដែល​ភ្ជាប់​នឹង​ការ​លើក​ឡើង​បែប​នេះ​ ក៏​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង​ ខណៈ​ដែល​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជា​ច្រើន​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផង​ដែរ​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូឃ្លីប​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំងស្រុង​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ ទីតាំងមួយ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​​ Davao del Sur។​

ខេត្ត​​ Davao del Sur គឺ​ជា​ខេត្ត​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ដែល​មាន​ទីក្រុង​ឈ្មោះ​ Digos។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ដើម​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាងលើ​ ដែល​បាន​សរសេរ​ថា​ «The largest & Longest River Water Slide in the Philippines» ឬ​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ «ស្លាយ​ទឹក​ធំ​ជាង​គេ​ និង​វែង​ជាង​គេនៅ​ប្រទេស​ហ្វីលីពីន​» និង​​ពុំ​​បាន​​បញ្ជាក់​​ថា​ វា​ជា​ទិដ្ឋភាព​នៅ​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ប្រទេស​កម្ពុជា​យើង​នោះ​ឡើយ​។

Facebook Post | Archived Link

វីដេអូ​បង្ហាញ​ទិដ្ឋភាព​​ស្រដៀង​គ្នា​​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​បង្ហោះ​ផង​ដែរ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​ត្រូវបាន​គេ​ស្គាល់​ទីតាំង​ថា​ គឺ​ជា​តំបន់​ទេសចរណ៍​​ទំនប់​ទឹក​ Nia Dam ស្ថិត​នៅ​ក្នុង​ខេត្ត​​ Davao del Sur ប្រទេស​ហ្វីលីពីន​។​

Facebook Post | Archived Link

តើ​ទំនប់​ទឹក​​មួយ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​​ឯ​​ណា​​?

​តំបន់​ទេសចរណ៍​​ទំនប់​ទឹក​ Nia Dam មួយ​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ Bansalan ខេត្ត​​ Davao del Sur ប្រទេស​ហ្វីលីពីន​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ ចេញពី​គេហទំព័រ​ Google Map ដែល​បង្ហាញ​ទិដ្ឋភាព​ដូចគ្នា​ទាំង​ស្រុង​ទៅ​នឹង​វីដេអូ​ឃ្លីប​ ដែល​បាន​អះអាង​ខាង​លើថា​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្រ្ត​ខេត្ត​កំពង់​ចាម​។​

Google Map | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ទិដ្ឋភាព​ទូ​ទៅ​នៃ​តំបន់ទេសចរណ៍​ទំនប់​ទឹក​ Nia Dam ដែល​ត្រូវ​បាន​ថត​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube កាល​ពី​ពេល​កន្លង​ទៅ​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​រូប​ថត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះទេ​។​ វីដេអូ​ឃ្លីប​ខាង​លើ​នេះ​ មិន​មែន​ជា​ទិដ្ឋភាព​នៅ​ក្នុង​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ការ​ពិត​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទំនប់​ទឹក​ Nia Dam ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​​ Davao del Sur ប្រទេស​ហ្វីលីពីន​។​

Avatar

Title:វីដេអូ​ទំនប់​ទឹក​​មួយ​នៅ​ហ្វីលីពីន​​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​​នៅ​កម្ពុជា​

Written By: Kakada Sim

Result: False