
ថ្មីៗនេះ រូបភាពមួយសន្លឹក បង្ហាញប្រាសាទមួយនៅលើកំពូលភ្នំមួយ ត្រូវបានអ្នកប្រើប្រាស់ភ្ជាប់ថាមានទីតាំងនៅលើភ្នំគូលែន។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន បានចែករំលែក និងប្រតិកម្មចំពោះការអះអាងនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់ជាមួយ Google Reverse Image search យើងបានរកឃើញថា ការអះអាងនេះ ធ្វើឱ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពប្រាសាទនៅលើកំពូលភ្នំមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមព្រោងព្រាតជាមួយនឹងការអះអាងថា វាស្ថិតនៅលើភ្នំគូលែន។
រូបភាពជាមួយនឹងសំណេរបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមពី សំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយបានបញ្ចេញមតិចោទសួរអំពីទីតាំងការពិតនៃប្រាសាទមួយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអះអាងដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែកុម្ភៈ ឆ្នាំ២០២៥ រៀបរាប់ថា «បងប្អូន តើប្រាសាទអ្វីនៅលើភ្នំគូលែននេះ?»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងដូចគ្នានេះ នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនាំឱ្យមានការចែកចាយបន្តរហូតដល់ទៅជាង ៧ពាន់ដង និងមានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាជាច្រើន បញ្ចេញមតិទៅលើសារបង្ហោះមួយនេះ។
រូបភាពជាមួយនឹងការចោទជាសំណួរបែបនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតដែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលនាំឱ្យមានការចែកចាយបន្តកាន់តែច្រើនថែមទៀត។
ការត្រួតពិនិត្យការពិត
Fact Crescendo បានផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search និងការស្វែងរកព័ត៌មានតាមរយៈពាក្យគន្លឹះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលមានសណ្ឋាន និងទម្រង់ដូចគ្នានេះ ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដោយនៅក្នុងសំណេររបស់គាត់ គាត់បានបញ្ជាក់ថារូបថតនេះគឺជាប្រាសាទភ្នំបាក់ខែង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលរូបថតនេះ ត្រូវបានរៀបរាប់ថា វាគឺជាប្រាសាទភ្នំបាក់ខែង ខេត្តសៀមរាប។
ទិដ្ឋភាពវីដេអូឃ្លីបនៃប្រាសាទបុរាណដូចគ្នា ក៏ត្រូវបានបង្ហោះ និងផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់អាជ្ញាធរជាតិអប្សរាផងដែរ ដោយបានបញ្ជាក់ថា ប្រាសាទភ្នំមួយនេះ គឺជាប្រាសាទភ្នំបាក់ខែង ដែលមានទីតាំងក្បែរទៅនឹងប្រាសាទអង្គរវត្ត។
Apsara National Authority | Archived Link
តើប្រាសាទភ្នំបាក់ខែង មានទីតាំងស្ថិតនៅឯណា?
Fact Crescendo Cambodia រកឃើញផងដែរថា ប្រាសាទភ្នំបាក់ខែងស្ថិតនៅលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅខាងឆ្វេងដៃផ្លូវពីប្រាសាទអង្គរទៅប្រាសាទបាយ័ន ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ខណៈពេលដែលភ្នំគូលែនមានទីតាំងនៅក្នុងស្រុកស្វាយលើ និងស្រុកវ៉ារិន ចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥ គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពី Google Map បង្ហាញប្រាសាទភ្នំបាក់ខែង មិនមែននៅលើភ្នំគូលែននោះឡើយ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះទេ។ ប្រាសាទនេះ គឺជាប្រាសាទភ្នំបាក់ខែង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អង្គរ និងមានចម្ងាយប្រមាណ ១,៣០០ម៉ែត្រខាងជើងប្រាសាទអង្គរវត្ត ពុំស្ថិតនៅលើភ្នំគូលែននោះឡើយ។

Title:ប្រាសាទភ្នំបាក់ខែងមិនមែននៅលើភ្នំគូលែននោះឡើយ
Fact Check By: Kakada SimResult: Misleading
