នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ កាល​ពីជាង​២០​ឆ្នាំ​មុន បណ្ដា​អ្នក​មាន​ និង​ឧកញ៉ា​ជា​ច្រើន មាន​ការ​ភ័យ​ខ្លាច​ចំពោះ​មហាចោរ រ៉ា​ស្មាច់ យ៉ាង​ខ្លាំងដោយសារ​ជំនាញ​ប្លន់ និង​ចាប់​ជំរិត​កក្រើក​ក្រុង ហើយ​មាន​ជន​រង​គ្រោះ​យ៉ាង​ហោច​ណាស់​ក៏​ជិត ២០​នាក់​ដែរ ត្រូវ​ក្រុម​ចោរ​រ៉ាស្មាច់​ធ្វើ​សកម្មភាព​បាន​សម្រេច។

ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​ចាស់​មួយ​សន្លឹក​ដែល​បានបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សើច​ញញឹម​របស់​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លោក​ រ៉ា​ស្មាច់​។​ រូប​ថត​នេះ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​នូវ​រូប​ថត​ដែល​មាន​ទម្រង់​ចាស់​មួយ​សន្លឹក​ បង្ហាញ​អំពី​ការ​សើច​សប្បាយ​របស់​លោក​ រ៉ា​ស្មាច់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជន​ចាប់​ជំរិត​ និង​ប្លន់​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​កាល​ពី​អំឡុង​ឆ្នាំ​២០០០​។​

រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​ រ៉ា​ស្មាច់​ កំពុង​តែ​សើច​ញញឹម​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​ឡើង​នៅ​ក្នុង​គេហ​ទំព័រ​សារ​ព័ត៌មាន Freedom News ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ព្រឺ​សប្បុរ​ខ្ញាក់​! ពេល​ដឹង​ពី​កំពូល​ចោរ​ រ៉ាស្មាច់​ ប្លន់​ផ្អើល​ក្រុង​ភ្នំពេញ​ ប៉ូលីស​តាម​ចាប់​ច្រើន​ដង​តែ​មិន​បាន​ព្រោះ​តែ​ វត្ថុ​សក្កសិទ្ធ​ គួរ​អោយ​[ឲ្យ​]ខ្លាច​នេះ​សោះ​»។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌មាន​បង្ហាញ​អំពី​រូប​ថត​ដើម​នៃ​លោក​ រ៉ា​ស្មាច់​ ដែល​ពុំ​បាន​បង្ហាញ​នូវ​សភាព​សើច​ញញឹម​នោះ​ឡើយ​។​

Freedom News Report Link | Archived Link

តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌មានមួយ​ផ្សេង​ទៀត​ DNT News​ ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ក៏​បាន​បង្ហាញ​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​រូប​ថត​លោក​ រ៉ា​ស្មាច់​ ដែល​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​នូវ​សភាព​សើច​សប្បាយ​ដូច​ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​ខាង​លើ​យក​មក​បង្ហោះ​នោះ​ឡើយ។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌មាន​ដែល​មាន​ចំណង​ជើង​ថា​ «បើ​​មិន​​ជឿ​​កុំ​​ប្រមាថ​ មន្ត​អាគម​ ឬ​​អា​ថ័​ន​ ត្រូវ​បាន​​កំពូល​​ចោរ​​សង្គម​ងងឹត​​ប្រើ​​ការពារ​​ខ្លួន​​យ៉ាង​​សាហាវ​​!»។​

DNT News Report Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ រ៉ា​ស្មាច់​ សើច​ញញឹម​ឃើញ​ធ្មេញ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​រូប​ថត​នេះ​ បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ និង​ទម្រង់​មុខ​ដ៏​មាំ​របស់​លោក​ទៅ​វិញ​ទេ​។

Avatar

Title:រូប​ថត​បង្ហាញ​​ រ៉ាស្មាច់​ សើច​សប្បាយ​ គឺ​ជា​រូប​ថតកាត់​ត​

Fact Check By: Kakada Sim

Result: Altered