រូប​ថត​ជន​សង្ស័យ​​ត្រូវ​បាន​កែ​ប្រែ​ឱ្យ​ទម្រង់​មុខ​មើល​ទៅ​ក្មេង​ជាង​មុន​

Altered Social

រូប​ថត​ និង​វីដេអូ​ឃ្លីប​ព័ត៌មាន​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នានា​​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​​បង្ហាញ​អំពី​ទិដ្ឋ​ភាពជន​សង្ស័យ​មាន​ទម្រង់​មុខ​ក្មេង​ ត្រូវ​បាន​បង្ហោះ​យ៉ាង​ផុស​ផុល​ដោយ​អ្នក​ប្រើ​ប្រាស់​ និង​ទំព័រ​ហ្វេស​ប៊ុក​នានា​ជា​ច្រើន​។​ រូប​ថត​នេះ​ បាន​ចែក​ចាយ​តៗ​គ្នា​ ជាមួយ​នឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​រាប់​ពាន់​ដង​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​៣០​ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន ​៨​សន្លឹក​ទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​មួយ​​​ឈ្មោះ​ថា​ «Hang Meas HDTV» ដោយ​បង្ហាញ​ទិដ្ឋភាព​ជន​សង្ស័យ​ស្ថិត​ក្នុង​ទម្រង់​មុខ​វ័យ​ក្មេង​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ អ្នក​ស្រុក​កោះ​ធំ​ គឺ​ស្អាត​។​

រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​រាប់​ពាន់​ដង​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសាខ្មែរ​ ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «អ្នក​ស្រុក​កោះ​ធំ​ cute cute ម៉េះ​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​ 

រូបថតមួយសន្លឹក​​មានទម្រង់និងសណ្ឋានដូចគ្នាទាំងស្រុងនេះត្រូវបានរកឃើញនៅលើ​ទំព័រ​ហ្វេស​ប៊ុក​ អធិការដ្ឋាននគរបាលស្រុកកោះធំ – Police Inspectorate of Koh Thom District ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ រូបថត​ខាង​លើ​នេះពុំបានបង្ហាញទិដ្ឋភាពជន​សង្ស័យ​ ស្ថិតក្នុងវ័យក្មេងនោះឡើយ។ ជន​សង្ស័យ​ម្នាក់​នេះ​ ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា​ បូ​ រ៉ាយុទ្ធ​ ជន​ជាតិ​ខ្មែរ​ និង​មាន​អាយុ​ ១៧​ឆ្នាំ​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ ទំព័រ​ហ្វេស​ប៊ុក​ដដែល​​​ ក៏​បាន​បង្ហាញ​នូវ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទិដ្ឋ​ភាព​ និង​ទម្រង់​ដូច​គ្នា​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​ ជន​សង្ស័យ​ម្នាក់​នេះ​ ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា​ មឿន​ ឆវី​ ជន​ជាតិ​ខ្មែរ​ និង​មានមុខរបរ​មិន​ពិត​ប្រាកដ​នោះ​ទេ​។​

Facebook Post | Archived Link

​ដោយ​ឡែក​ រូប​ថត​របស់​ជន​សង្ស័យ​ភេទ​ស្រី​ម្នាក់​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​អធិការដ្ឋាន​នគរបាលស្រុក​កោះ​ធំ​​ផង​ដែរ​ ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​ ជន​សង្ស័យ​ស្រី​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ ជា​ ណារី​ ជន​ជាតិ​ខ្មែរ​ និង​មាន​មុខ​របរ​ជា​នារី​ខារ៉ាអូខេ​។​

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​ជន​សង្ស័យ​ មាន​ទម្រង់​មុខ​ក្មេង​ដូច​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នោះ​ឡើយ​។

Avatar

Title:រូប​ថត​ជន​សង្ស័យ​​ត្រូវ​បាន​កែ​ប្រែ​ឱ្យ​ទម្រង់​មុខ​មើល​ទៅ​ក្មេង​ជាង​មុន​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *